អ្នកមានជម្លោះដីធ្លីនៅក្រចេះ បន្តរង់ចាំដំណោះស្រាយ ខណៈអាជ្ញាធរថាកំពុងតែធ្វើការ​លើរឿងនេះ​​​

អាជ្ញាធររាជធានីភ្នំពេញ បានរារាំងក្រុមអ្នកភូមិមានជម្លោះដីធ្លីមកពីខេត្តក្រចេះ មិនឲ្យធ្វើដំណើរទៅតវ៉ាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរកកិច្ចអន្តរាគមន៍ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ៊ី ឆាយ)

ពលរដ្ឋមានជម្លោះដីធ្លីនៅ​ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ​ អះអាងថា ពួកគេមិនទាន់​ទទួលបានដំណោះស្រាយរឿងវិវាទដីធ្លីនៅឡើយទេរហូតមកពេលនេះ ខណៈអាជ្ញាធរអះអាងថា ពួកគេ​​កំពុងពន្លឿនការ​​ដោះស្រាយបញ្ហានេះ​ ជូនពលរដ្ឋទាំងនោះ។

លោក ភិន ធា ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ក្រុមអ្នកភូមិកំពុងតែទន្ទឹម​រង់ចាំដំណោះស្រាយពីអាជ្ញាធរ ខណៈពលរដ្ឋខ្លះកំពុងដំណើរការធ្វើអត្តសញ្ញាណកម្មដីធ្លីរបស់​ពួកគេ​ជាថ្មី ក្រោយពីមានការ​តម្រូវពី​ក្រសួងរៀបចំដែនដី។

លោកបន្ថែមថា៖ «ពួកខ្ញុំមិនទាន់ទទួលបានដីមកដល់ដៃ គេតម្រូវឲ្យពួកខ្ញុំធ្វើអត្តសញ្ញាណកម្មថ្មី។​ គេចេញលិខិតឲ្យ ពួកខ្ញុំធ្វើអត្តសញ្ញាណកម្មថ្មីហ្នឹងគឺថ្ងៃទី៥ ធ្នូ ហ្នឹង គេឈប់ធ្វើឲ្យហើយ។ ដល់ថ្ងៃទី១៥ ខែធ្នូ គេឈប់ទទួលក្រដាសហើយ។ គេថា គេនឹងបន្តនីតិវិធីដោះស្រាយទៀត»

តំណាងពលរដ្ឋម្នាក់ទៀតលោក តូច ដុល ឲ្យដឹងថា ការធ្វើអត្តសញ្ញាណកម្មដីធ្លី​ជា​ថ្មីនេះ គឺអ្នកភូមិបានជួបការលំបាក និងជួបភាពស្មុគ​ស្មាញច្រើន ដោយថា អាជ្ញាធរភូមិឃុំរបស់គាត់មិនចង់ធ្វើឲ្យនោះទេ។ លោកបន្តថា ការអូស បន្លាយនៃការដោះស្រាយនេះ បានធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកដោយពុំមានដីសម្រាប់បង្កបង្កើន​ផលទាន់ពេលវេលាឬ រដូវកាលជាដើម។

លោកបន្ថែមថា៖ «ការធ្វើអត្តសញ្ញាណកម្មហ្នឹង ពលរដ្ឋខ្លះហ្នឹងគាត់ជួបទុក្ខលំបាកខ្លាំងដែរ ខ្លាំងទី១ ពេលដែលគាត់ ផ្ទេរឈ្មោះពីស្រុកកំណើតដើមមកនៅស្រុកស្នួល។ ប៉ុន្តែអាជ្ញាធរស្រុកស្នួល គាត់អត់ទទួលស្គាល់។ ដល់ពេលគាត់ទៅស្រុកគាត់វិញ អាជ្ញាធរគាត់អត់ទទួល ដោយថាគាត់បានកាត់ឈ្មោះចេញហើយ។ អញ្ចឹង អាបញ្ហាហ្នឹងគាត់កំពុងជួបប្រទះខ្លាំង។ ឥលូវប្រជាជនខ្លះគាត់ដើមសុំផ្ទះគេនៅសិន ខ្លះទៀតទៅស្នាក់នៅជាមួយបងប្អូនសិនដើម្បីរង់​ចាំដំណោះស្រាយ»

អភិបាលស្រុកស្នួល លោក គង់ គីមនី ប្រាប់ វី.អូ.ឌី ថា អាជ្ញាធរស្រុកបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងដំណើរការពន្លឿនដោះស្រាយបញ្ហានេះតាមនីតិវិធី ដោយមិនអាចបង្ខំ និងកំណត់ពេលវេលាជាក់លាក់បានទេ។

លោកបន្ថែមថា៖ «ឥលូវហ្នឹងយើងក៏ដូចខាងភូមិបាលកំពុងតែទទួលពាក្យពួកគាត់ដែលបញ្ជាក់ពីមូលដ្ឋានរបស់គាត់។ ដំណោះស្រាយគេមិនទុកយូរទេ ខាងភូមិបាលគេថា ប្រហែល២០ទៅ៣០ថ្ងៃទៀត គេមិនឲ្យចាំរាប់ឆ្នាំទេ។ ឥលូវនេះកំពុងតែធ្វើហ្នឹង កំពុងនៅពេលសុរិយោដីហ្នឹង ស៊ីញ៉េ​១ថ្ងៃៗចង់ងាប់ហើយ។ ឥលូវនេះយើងត្រូវតែធ្វើតាមបច្ចេកទេសនិងនីតិវិធីហើយ»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ភាពយឺតយ៉ាវរបស់អាជ្ញាធរក្នុងការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋនេះ មិនមែនមានតែនៅខេត្តក្រចេះនោះទេ នៅស្វាយរៀង និងកំពង់ចាមជាដើម គឺអាជ្ញាធរក៏មិនបានដោះស្រាយបញ្ចប់ដែរ។ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធឲ្យពន្លឿនការ​ដោះស្រាយជូនពលរដ្ឋ ដោយថា ដើម្បីកុំឲ្យពលរដ្ឋបារម្ភសុវត្ថិភាពដីធ្លី ហើយប្រមូលផ្តុំគ្នាឡើងមកតវ៉ានៅភ្នំពេញ បង្ករការរំខានដល់ការងារស្ថាប័នផ្សេងៗទៀត។

លោកបន្ថែមថា៖ «បើកាលណាអាជ្ញាធរថ្នាក់ក្រោមជាតិបានត្រឹមតែសន្យា ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។​ ហើយពេលដែលមានការព្រួយបារម្ភទៅលើដំណើរការដោះស្រាយ ដោយសារមានការសន្យាម្តងហើយម្តងទៀត ប៉ុន្តែមិនបានដោះស្រាយបញ្ចប់នឹងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត លើការដោះស្រាយរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ។ ហើយធ្វើឲ្យពលរដ្ឋប្រមូលផ្តុំគ្នាបន្តឡើងមកតវ៉ាដល់ភ្នំពេញ ដែលអាចធ្វើឲ្យរំខានដល់ការធ្វើការងារ ហើយវាជិះឥទ្ធិពលមិនដល់រដ្ឋាភិបាលផងដែរ និងរងការរិះគន់ពីសាធារណៈជនជាតិ និងអន្តរជាតិទៅលើ​យន្តការដោះស្រាយដីធ្លីនេះ»

តំណាងពលរដ្ឋឲ្យដឹងថា អ្នកភូមិប្រមាណ៥០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់តាំងពីខែមីនា ដោយពួកគេបានឡើងមកភ្នំពេញជិត១០ដងហើយ ដើម្បីសុំទៅស្ថាប័នរដ្ឋកំពូលៗជួយដោះស្រាយ។ អ្នកភូមិអះអាងថា ដំណោះស្រាយដែលពួកគេចង់បាននោះ គឺទាមទារដីសម្រាប់ធ្វើកសិកម្ម២ហិកតាកន្លះ និងដីភូមិក្បាល២០ និងបណ្តោយ៥០ម៉ែត្រ ខណៈដីចាស់របស់ពួកគេដែលក្រុមហ៊ុនរំលោភយកនោះ១គ្រួសារមានពី៣ទៅ៥ហិកតា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ