លោក ហេង សំរិន ស្នើ​សុំ​អន្ដរជាតិបន្ដផ្ដល់ជំនួយដើម្បីពង្រឹងសន្ដិភាពនៅកម្ពុជា

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ធ្វើ​ដំណើរ​ចូល​រួម​ពិធិ​រំលឹក​ខួប​ថ្ងៃ ២ ធ្នូ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក លោក ហេង សំរិន

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា លោក ហេង សំរិន បាន​អំពាវនាវទៅសហគម៍អន្ដរជាតិឲ្យបន្ដជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍជាតិ ដោយថា បន្ទាប់ពីគណបក្សរបស់លោកបានដឹកនាំប្រទេសរួចផុតពីភ្នក់ភ្លើងសង្គ្រាម និងទទួលបានសន្ដិភាពពេញលេញ។

ថ្លែងក្នុងពិធីរំលឹកខួបលើកទី៤០ នៃទិវា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» នៅ៑ឯ​ស្រុក​ស្នួល ស្ថិត​ក្នុង​ខេត្តក្រចេះនាថ្ងៃនេះ លោក ហេង សំរិន បានរំលឹកថា ការបង្កើតស្មារតី ២ ធ្នូ ឆ្នាំ១៩៧៨ បានឈានទៅផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម និងរកបានសន្ដិភាព និងការអភិវឌ្ឍពិតប្រាកដជូនជាតិមាតុភូមិន៍។

លោក ហេង សំរិន ក៏​បានថ្លែងអំណរគុណដល់អន្ដរជាតិដែលបានផ្ដល់ជំនួយជួយកម្ពុជាក្នុងការសាងប្រទេសឡើងវិញ និងអំពាវនាវឲ្យពួកគេបន្ដផ្ដល់ជំនួយបន្ថែមទៀត។

លោកបន្ដថា៖ «ក្នុងនាមរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំសូមសម្ដែង​នូវ​ការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជិតឆ្ងាយ និងសហគមន៍អន្ដរជាតិ អ្នកផ្ដល់ជំនួយទាំងឡាយដែលបានជួយឧបត្ដម្ភគាំទ្រយ៉ាងស្មោះសរចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា []យើងខ្ញុំសង្ឃឹមជឿជាក់ថា សហគមន៍អន្ដរជាតិនឹងបន្ដផ្ដល់ជំនួយ ផ្ដល់វិភាគទានដ៏ថ្លៃថ្លាថ្មីៗថែមទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុសន្ដិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៅកម្ពុជា»

ការ​អំពាវ​នាវ​បែប​នេះ​របស់​ប្រធាន​រដ្ឋ​សភា​កម្ពុជា​ លោក ហេង សំរិន បាន​កើត​ឡើង​ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​មក​កម្ពុជា​អំពី​ការ​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចេញ​ពីប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ក្រោយ​ពី​រក​ឃើញ​ថា កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។

សហគមន៍​អឺរ៉ុប​បាន​ឈាន​ទៅ​សម្រេច​បែប​នេះ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​ប្រឆាំង​ដ៏​ធំ​មាន​អ្នក​គាំ​ទ្រ​ប្រហែល​៣​លាន​នាក់​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នោះ ត្រូវ​បាន​រំលាយ​ចោល ការ​ចាប់​ខ្លួន​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា និង​ការ​ហាម​ឃាត់​សមាជិក​ជាន់​ខ្ពស់ ១១៨​រូប​របស់​អតីត​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ