មន្ត្រី CNRP បន្តទាមទារដោះលែងលោក កឹម សុខា និងឲ្យបក្សខ្លួនកើតឡើងវិញ

លោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ​(រូបពីហ្វេសប៊ុក លោក កឹម សុខា)

អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ទាមទារជាថ្មី​ឲ្យដោះលែងលោក កឹម សុខា និងឲ្យបក្សប្រឆាំងមួយនេះកើតឡើងវិញ បន្ទាប់ពីសភាបានចាប់ផ្តើមពិនិត្យលើនីតិវិធីមួយចំនួនឲ្យអតីតថ្នាក់ដឹកនាំ CNRP ឲ្យមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។

ក្រសួងការបរទេស បាននិយាយក្នុងសេចក្តីថ្លែងការណ៏កាលពីថ្ងៃចន្ទថា ដើម្បីលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ រដ្ឋសភាកំពុងសិក្សាពិនិត្យបញ្ញាតិ្តច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតអោយបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយអាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ។

លោកជំទាវ មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា ត្រូវតែដោះលែងលោក កឹម សុខា និងទំលាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងរូបលោក។ លោកស្រី ក៏បាន​ទាមទារឲ្យមាន​ការបង្កើតគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយស្របច្បាប់ឡើងវិញផងដែរ​។

លោកជំទាវ មួរ សុខហួរ បានបន្តថា៖ «ដំណោះស្រាយជាបំណែកៗ មិនស្តារនិងមិនអាចស្តារប្រជាធិបតេយ្យបានទេ។ ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ មិនមែនជាឧបករណ៍នយោបាយទេ។»

កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោកកឹម សុខា បានមានប្រសាសន៍ថាការវិវត្តចុងក្រោយផ្នែកនយោបាយនេះ អាចត្រួសត្រាយផ្លូវដើម្បីអោយស្ថានភាពអាក្រក់ខ្លះនៅឆ្នាំមុន វិលត្រឡប់មកធម្មតាវិញ។

កញ្ញា កឹម មនោវិទ្យា បាននិយាយដូច្នេះថា៖ «ប៉ុន្តែយើងចាំបាច់នៅតែប្រុងប្រយ័ត្នរហូតទាល់តែ គ្រប់យន្តការនៃលទ្ធិប្រជាធិបតេយ្យពហុបក្សត្រូវបានស្តារឡើងវិញ។»

គណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុនដោយតុលាការកំពូល តាមសំណើររបស់រដ្ឋាភិបាល។ សេចក្តីសម្រេចរបស់តុលាការ ក៏បានហាមឃាត់ធ្វើការនយោបាយរបស់​សមាជិកជាន់ខ្ពស់ CNRP ចំនួន១១៨នាក់ រយៈពេល៥ឆ្នាំផងដែរ។

លោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែកញ្ ញាបន្ទាប់ពីបានជាប់ពន្ធនាគារ ជាងមួយឆ្នាំពីថាបទក្បត់ជាតិ ប៉ុន្តែនៅតែស្ថិតក្នុងការគ្រប់គ្រងរបស់តុលាការដោយមិនអោយចាកចេញពីតំបន់ជុំវិញលំនៅដ្ឋានរបស់គាត់ទេ។ ក្រសួងការបរទេស ក៏បានហៅវិធានការផ្លូវច្បាប់ ចំពោះអតីតគណបក្សសង្គ្រោះជាតិ ជាការអនុវត្តគោលការណ៍នីតិរដ្ឋ ដើម្បីពង្រឹងដំណើរការលិទ្ធិប្រជាធិបតេយ្យ និងធានាសន្តិភាពនិងស្ថិរភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ