RFA ទាមទារឲ្យទម្លាក់បទចោទលើអតីតបុគ្គលិកមុនដំណើរការនៅកម្ពុជាវិញ

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

វិទ្យុអាស៊ីសេរីអះអាងថា ខ្លួនអាចបើកការិយាល័យឡើងវិញបាននៅកម្ពុជា លុះត្រាតែរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាមួយចំនួនសិនដោយរួមទាំងទម្លាក់ការចោទប្រកាន់ពីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២នាក់។

កាលពីថ្ងៃចន្ទក្រសួងការបរទេសកម្ពុជាបាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិ ហើយវិទ្យុអាស៊ីសេរីនិងវីអូអេ ក៏អាចបើកការិយាល័យរបស់ខ្លួននៅកម្ពុជាឡើងវិញបាន។

ក្រសួងបានអះអាងថាវិទ្យុអាស៊ីសេរីនិងវិទ្យុសម្លេងអាមេរិកបានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង។ ដូច្នេះ ស្ថានីយ៍វិទ្យុទាំងពីរក៏មានសេរីភាពបើកការិយាល័យខ្លួននៅ កម្ពុជាឡើងវិញបានដែរ។

ជាការឆ្លើយតប អ្នកនាំពាក្យវិទ្យុអាស៊ីសេរី លោក Rohit Mahajan បាននិយាយដូច្នេះថា ៖«មុននឹងវិទ្យុអាស៊ីសេរីអាចពិចារណាបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បញ្ហាមួយចំនួនគួរត្រូវដោះស្រាយ។ ទាំងនេះរួមបញ្ចូលទាំងការចោទប្រកាន់ដែលត្រូវទម្លាក់ចោលទៅលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២នាក់ គឺលោកអ៊ួន ឈិននិងលោកយៀង សុធារិន។»

លោក Rohit Mahajan មិនបាននិយាយលម្អិតអំពីបញ្ហាចំនួនផ្សេងទៀតដែលកម្ពុជាគួរដោះស្រាយជាមុននោះទេ។ ការចាប់ខ្លួនអតីតបុគ្គលិកទាំងពីររូបនេះកើតឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់មានបញ្ហាមួយចំនួនជាមួយរដ្ឋាភិបាល។

លោកអ៊ួន ឈិននិងលោកយៀង សុធារិន ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំនេះ ក៏ប៉ុន្តែពួកគាត់នៅប្រឈមមុខនឹងបទចោទប្រកាន់ចារកម្មនៅឡើយ។ សេចក្តីថ្លែងការណ៏របស់ក្រសួងបានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបនៅខែវិច្ឆិកាបានចាប់ផ្ដើមនីតិវិធីផ្លូវការដើម្បីដកហូតការលើកលែងកាតព្វកិច្ចពន្ធ(EBA)លើទំនិញកម្ពុជាទៅអឺរ៉ុប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ