ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​កម្ពុជា​ឲ្យ​លុប​ចោល​ច្បាប់​រឹត​ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន

ប្រជាពលរដ្ឋនៅក្នុងយុទ្ធនាការសម្តែងមតិនិងទាមទារយុត្តិធម៌ឲ្យអ្នកស្រីទេពវន្នីអ្នក ការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប​ (រូបភាពពីហ្វេសប៊ុក​លោក ចាន់ ពុទ្ធិស័ក្តិ)

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​លុប​ចោល​ច្បាប់​ទាំង​ឡាយ​ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន បើទោះបី​ជា​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​បាន​ចាប់​ផ្ដើម​បើក​ចំហរ​ឡើង​វិញនូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏​ដោយ។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​សម្រេច​លុប​ចោល​នូវ​សេចក្ដី​ណែនាំ​​លេខ ១៧៥ ដែល​​​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ​ជូន​ដំណឹង​ទៅ​​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន ៣​ថ្ងៃ​មុន​នឹង​ធ្វើ​សកម្មភាព​ណា​មួយ។

ប៉ុន្តែ សម្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បានលើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះថា បើ​ចង់​​បើក​ចំហរ​សិទ្ធិ​សេរីភាព​​ដល់​អង្គការ​សង្គម​ស៊ីវិល​នោះ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចាប់​ផ្ដើម​ជាមួយ​ការ​លុប​ចោល​នូវ​ច្បាប់​នានា ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ លោក Phil Robertson បាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា ការ​លុប​ចោល​នូវ​លក្ខខ័ណ្ឌ​តម្រូវ​ឲ្យ​ជូន​ដំណឹង​ឲ្យ​បាន ៣​ថ្ងៃ​មុន​របស់រដ្ឋាភិបាល​កម្ពុជា គ្រាន់​តែ​ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ វា​នឹង​មិន​បញ្ឈប់​នូវ​សកម្មភាព​​រំលោភ​បំពាន និង​​គំរាម​កំហែង​​ទៅ​លើ​ក្រុម​សកម្មជន​នៅ​កម្ពុជា​នោះ​ឡើយ។

លោក Phil Robertson បាន​ថ្លែង​ថា​៖ «អ្វី​ដែល​ចាំ​បាច់​នោះ គឺ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​​នឹង​ធឹង​របស់​រដ្ឋាភិបាល​ ចំ​ពោះ​ការ​លុប​ចោល​ច្បាប់​នានា ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បង្ក្រាប​សកម្មភាព​ក្រុម​ឯករាជ្យ»។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​មួយ​នេះ បាន​កត់​សម្គាល់​ថា រយៈ​ពេល ១​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង សកម្មជន​ដី​ធ្លី ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព។

បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស Human Rights Watch ក្រុម​អង្គការ​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស សិទ្ធិ​ដី​ធ្លី និង​ធន​ធាន​ធម្មជាតិ ការពារ​សិទ្ធិ​ការងារ និង​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ សុទ្ធ​តែ​ប្រឈម​មុខ​នឹង​ការ​តាម​ដាន និង​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន​ និង​កាត់​ទោស​ទាំង​រំលោភ​បំពាន និង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើស​ការ​កំណត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ