ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ច្បាប់​នានា​ដើម្បី​បើក​ចំហរ​សេរីភាព​ឡើង​វិញ

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មេដឹកនាំ​សហជីព បាន​​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជាឲ្យ​លុប​ចោល​ច្បាប់មួយ​ចំនួន ​ដែល​ពួកគេ​ថា ​បានរឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន ក្រោយ​ពី​​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដើម​បើក​លលំហរ​ឡើង​វិញ​ខ្លះៗ​នូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​សម្រេច​លុប​ចោល​នូវ​សេចក្ដី​ណែនាំ​មួយ ដែល​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បាន ៣​ថ្ងៃ​មុន​នឹង​ធ្វើ​សកម្មភាព។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលបានសម្រេចលុបចោលនូវសេចក្ដីណែនាំនោះក៏ដោយ ប៉ុន្តែ ការអនុវត្តជាក់ស្ដែង​មិនមានប្រសិទ្ធិភាពនោះ​ឡើយ ដោយថា សេរីភាព​នៃ​ការ​ជួបជុំ និង​បញ្ចេញ​មតិ នៅតែត្រូវបានរារាំងពីសំណាក់អាជ្ញាធរ​ដដែល។

លោកថា៖ «សូម្បីតែប្រជាពលរដ្ឋសាមញ្ញដែលគាត់ធ្វើការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអីហ្នឹង ត្រូវបានរងនូវការតាមដាន ហើយចោទប្រកាន់ដែរ។ ចាស! អញ្ចឹងទាំងអស់នេះ  គួបផ្សំការចេញនូវច្បាប់មួយចំនួនដែលមានលក្ខណៈរឹតបន្តឹងថែមទៀតនោះ ធ្វើឲ្យ​ការគោរពសិទ្ធិមនុស្សថយចុះ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បាន​លើកឡើងថា  ចាប់តាំងពីច្បាប់សហជីពចូលជាធរមាននៅឆ្នាំ២០១៦ មក សិទ្ធិសេរីភាពរបស់កម្មករមួយចំនួនត្រូវបានរឹតត្បិត ហើយនីតិវិធីនៃការចុះបញ្ជី​តំណាងសហជីព​ដែល​ច្បាប់​នេះ​តម្រូវ​នោះ មាន​លក្ខណៈ​ស្មុគ​ស្មាញ។

មេដឹកនាំ​សហជីព​រូប​នេះ បាន​ស្នើទៅរដ្ឋាភិបាលឲ្យ​ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់សហជីព និងពង្រឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព ដោយថា សហជីពដែលធ្វើការឯករាជ្យមួយចំនួន តែងតែទទួលរងការគំរាមកំហែង រើសអើង និងជាប់បណ្ដឹងជាច្រើននៅក្នុងតុលាការផងដែរ។

លោកថា៖ «ធ្វើវិសោធនកម្មច្បាប់សហជីពទៀត ខ្ញុំគិតថា ជាចំណុចល្អ។ ចុងក្រោយយើងចង់ឃើញការអនុវត្តសិទ្ធិស្មើភាពគ្នា មិនថា សហជីពមាននិន្នាការទៅណាទេ​ ឬឯករាជ្យ ខាងណាទេ មានន័យថា ត្រូវអនុវត្តឲ្យស្មើភាពគ្នា ទើបតំណាងកម្មករ និង​សហជីពអាចដោះស្រាយបញ្ហាឲ្យកម្មករបាន»

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សួល យ៉ារ៉ា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាលនឹង​យក​សំណើ​នេះ​ទៅ​សិក្សា​ពិចារណា​សិន មុន​នឹង​សម្រេច​យ៉ាង​ណា​នោះ។

លោកថា៖ «រដ្ឋាភិបាលតែងតែមានយន្តការ និងមានគណៈកម្មការចម្រុះ ដើម្បីសិក្សាគ្រប់សំណើររបស់ប្រជាជន។ អញ្ចឹងអ្វីក៏ដោយឲ្យតែធ្វើតាមច្បាប់ គឺគេសិក្សាតាមច្បាប់ហើយ សមស្របឆ្លើយតបពេលណា រដ្ឋាភិបាលនឹងមានគណៈកម្មការសម្រេចរបស់លោក ហើយខាងរដ្ឋសភាក៏មានគណៈកម្មការរបស់គេ ដើម្បីត្រួតពិនិត្យខ្លឹមសារនីមួយៗដែរ»

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បានលើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​នេះថា បើ​ចង់​​បើក​ចំហរ​សិទ្ធិ​សេរីភាព​​ដល់​អង្គការ​សង្គម​ស៊ីវិល​នោះ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចាប់​ផ្ដើម​ជាមួយ​ការ​លុប​ចោល​នូវ​ច្បាប់​នានា ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ លោក Phil Robertson បាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា ការ​លុប​ចោល​នូវ​លក្ខខ័ណ្ឌ​តម្រូវ​ឲ្យ​ជូន​ដំណឹង​ឲ្យ​បាន ៣​ថ្ងៃ​មុន​របស់រដ្ឋាភិបាល​កម្ពុជា គ្រាន់​តែ​ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ វា​នឹង​មិន​បញ្ឈប់​នូវ​សកម្មភាព​​រំលោភ​បំពាន និង​​គំរាម​កំហែង​​ទៅ​លើ​ក្រុម​សកម្មជន​នៅ​កម្ពុជា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ