លោក កឹម សុខា ថា សង្គមដែលរំលោភសិទ្ធិមនុស្សធ្វើឲ្យខ្មែរបែកបាក់សាមគ្គីភាព

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

មេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា លើកឡើងថា សង្គមមួយដែលរំលោភសិទ្ធិមនុស្ស នឹងធ្វើឲ្យប្រជាពលរដ្ឋខ្លួនឯងបែកបាក់សាមគ្គី ហើយធ្វើឲ្យប្រទេសមិនមានការរីកចម្រើន។

លោក កឹម សុខា លើកឡើងបែបនេះនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក មួយថ្ងៃ​មុន​ការ​ប្រារព្ធ​ទិវាសិទ្ធិមនុស្សអន្តរជាតិ​លើកទី៧០ នៅ​ថ្ងៃ​ទី​១០ ធ្នូ។

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរសារបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី០៩​ ខែធ្នូនេះថា បើមនុស្សគ្មានសិទ្ធិជាមូលដ្ឋាន សន្តិភាព ការអភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិក៏មិនអាចមាននិរន្តរភាព​នោះទេ​។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ចោល​រូប​នេះ អះ​អាង​ថា ដើម្បី​ឲ្យ​សង្គម​មាន​សាមគ្គីភាព សន្តិភាព និង​អភិវឌ្ឍន៍ លោក​ថា ខ្មែរ​គ្រប់​រូប​គួរ​តែ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ខ្មែរ​ដូច​គ្នា​ឈឺ​ចាប់។

អង្គការ​សង្គមស៊ីវិល​ បាន​លើក​ឡើង​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​រឹត​ត្បិត បន្ទាប់​ពី​ពិធី​ជួបជុំ​នៅទីលានប្រជាធិបតេយ្យ​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​នេះ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល និង​ការ​រារាំង​ពី​សមត្ថកិច្ច​ចម្រុះ។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​សម្រេច​លុប​ចោល​នូវ​សេចក្ដី​ណែនាំ​​លេខ ១៧៥ ដែល​​​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ​ជូន​ដំណឹង​ទៅ​​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន៣​ថ្ងៃ ​មុន​នឹង​ធ្វើ​សកម្មភាព​ណា​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ