មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរនៅ​តែ​គំរាម​កំហែង​លើ​សេរីភាព​បញ្ចេញមតិ ខណៈ​ពិធី​ជួប​ជុំ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល

កម្លាំង​សន្តិសុខ​ចម្រុះជាច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨ អំឡុង​ពេល​ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ​។ រូបថត៖ ជន ចាន់រ៉ែន​

ក្រុមអង្គការ​សង្គមស៊ីវិល​បាន​លើក​ឡើង​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​រឹត​ត្បិត បន្ទាប់​ពី​ពិធី​ជួបជុំ​ និង​ដង្ហែ​ក្បួន​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​នេះ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល និង​ការ​រារាំង​ពី​សមត្ថកិច្ច​ចម្រុះ។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មេដឹកនាំ​សហជីព សកម្មជន​ដី​ធ្លី និង​ប្រជា​ពលរដ្ឋ​នានា បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ពិធី​ខួប៧០​ឆ្នាំ​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​មុខ​ស្ថាប័ន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ម្ដុំ​វត្ត​ភ្នំ និង​នៅ​ឯ​​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​ពិធី​របស់​ពួកគេ​ស្ថិត​ក្រោម​ការ​តាម​ដាន​​ពី​សមត្ថកិច្ច​ចម្រុះ​។

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​​ឯ​ទីលាន​ប្រជាធិបតេយ្យ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​​ហៅ​សកម្មភាពអាជ្ញាធរ​ថា ជា​ការ​រារាំង និង​គំរាម​កំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោកថ្លែងថា៖ «បើកឲ្យធ្វើ ប៉ុន្តែ យកសមត្ថកិច្ចឲ្យមកគំរាមគ្នា មានន័យថា មាត់ឲ្យធ្វើ ប៉ុន្តែ គូសផ្លូវឲ្យដើរ អត់អាចធ្វើឲ្យអ្នកចូលរួម្យទូលាយទៅតាមដូចអ្វីដែលក្រសួងមហាផ្ទៃបានចេញលិខិតនោះទេ»

ទិវាសិទ្ធិមនុស្ស ១០ធ្នូ នាព្រឹក​ថ្ងៃនេះ មានអ្នកចូលរួមជួបជុំនៅទីលានប្រជាធិបតេយ្យប្រហែលជា ៣០០នាក់ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចរដ្ឋាភិបាលរាប់សិននាក់នៅជុំវិញការជួបជុំនោះ។

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើរដ្ឋាភិបាលនៅតែដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើល ​រារាំងប្រជាពលរដ្ឋបញ្ចេញមតិ និងហាមមិនឲ្យដើរហែក្បួនប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ គឺ​ផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។  ករណីនេះ លោកថា នឹង​ធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។

លោកថ្លែងថា៖ «សហគមន៍អឺរ៉ុប គឺធ្វើយ៉ាងណាឲ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប្រសិនបើលក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស លំហរនៃសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅតែមានភាពរឹតត្បិត អ្វីដែលជាបញ្ហា គឺមុខមាត់រដ្ឋាភិបាល ហើយអ្វីដែលជាបញ្ហា គឺការដាក់សម្ពាធរបស់អន្តរជាតិ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីមិនអនុញ្ញាតឲ្យធ្វើការហែក្បួនតាមដងផ្លូវពីវត្តភ្នំទៅទីលានប្រជាធិបតេយ្យថ្មី​នោះ​ទេ ដោយ​លោក​ថា ដើម្បី​កុំឲ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខសណ្តាប់​ធ្នាប់សាធារណៈ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បដិសេធ​ថា ការ​​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​នៅ​ជុំ​វិញ​ទីលាន​ប្រជាធិបតេយ្យ មិន​មែន​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នោះ​ឡើយ ដោយ​លោក​ថា ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកសម្តែងមតិ។

លោក ម៉េត មាសភក្តី ប្រាប់ថា៖ «ការដាក់កម្លាំងដើម្បីការពារសុវត្ថិភាព ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទៅ ហើយបងប្អូនដែលជាអ្នកសម្ដែងមតិក៏ជាប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញដែរ ដែលយើងត្រូវមើលការខុសត្រូវជូនគាត់ ធ្វើម៉េចឲ្យពិធីរបស់គាត់ប្រព្រឹត្តទៅបានល្អ ពុំមានភាពអសកម្មអ្វីកើតឡើង បាតុភាពអ្វីកើតឡើង ុំឲ្យមានការយល់ច្រឡំ»

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​សម្រេច​លុប​ចោល​នូវ​សេចក្ដី​ណែនាំ​​លេខ ១៧៥ ដែល​​​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ​ជូន​ដំណឹង​ទៅ​​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន៣​ថ្ងៃ ​មុន​នឹង​ធ្វើ​សកម្មភាព​ណា​មួយ។

ប៉ុន្តែ​ ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ លោក Phil Robertson បាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​ថា ការ​លុប​ចោល​នូវ​លក្ខខ័ណ្ឌ​តម្រូវ​ឲ្យ​ជូន​ដំណឹង​ឲ្យ​បាន៣​ថ្ងៃមុន​របស់រដ្ឋាភិបាល​កម្ពុជា គ្រាន់​តែ​ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ វា​នឹង​មិន​អាចបញ្ឈប់​នូវ​សកម្មភាព​​រំលោភ​បំពាន និង​​គំរាម​កំហែង​​ទៅ​លើ​ក្រុម​សកម្មជន​នៅ​កម្ពុជា​នោះ​ឡើយ ដោយសាររយៈ​ពេល ១​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង សកម្មជន​ដី​ធ្លី ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីពជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ