លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​ថែ​រក្សា​សន្តិភាព​ចំ​ពេល​មាន​ការ​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

កម្លាំង​សន្តិសុខ​ចម្រុះជាច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨ អំឡុង​ពេល​ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ​។ រូបថត៖ ជន ចាន់រ៉ែន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ប្រជាជន​កម្ពុជា ឲ្យ​ថែ​រក្សា​សន្តិភាព ដោយ​លោក​រំលឹក​ឡើង​វិញ​អំពី​ការ​បាត់​បង់​សិទ្ធិ​សេរីភាព​ទាំង​ស្រុង​របស់​ពលរដ្ឋ​កម្ពុជា​នៅ​អំឡុង​របប​ខ្មែរ​ក្រហម។

លោក ហ៊ុន សែន បាន​អំពាវ​នាវ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ ចំ​ពេល​ដែល​ពិភព​លោក​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​រំលឹក​ឡើង​វិញ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា បាន​បាត់​បង់​សិទ្ធិ​សេរីភាព​ទាំង​ស្រុង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ក្រុម​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រៀបរាប់​ថា​៖ «នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ឋិរស់រានមានជីវិត សិទ្ឋិទទួលទានអាហារ សិទ្ឋិពិនិត្យព្យាបាលជំងឺ សិទ្ឋិជំនឿសាសនា សិទ្ឋិសិក្សាអប់រំ សិទ្ឋិជ្រើសរើសតំណាង និងសិទ្ឋិបញ្ចេញមតិ សិទ្ឋិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។»។

លោក ហ៊ុន សែន បាន​អះ​អាង​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​បាន​ទទួល​សិទ្ធិ​សេរីភាព​ពេញ​លេញ​ឡើង​វិញ បន្ទាប់​ពី​ការ​ដួល​រលំ​ទៅ​នៃ​របប​ខ្មែរ​ក្រោម​នៅ​ដើម​ឆ្នាំ​១៩៧៩។

ទោះជាយ៉ាងណា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ការ​ជួប​ជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ នៅ​តែ​ស្ថិត​ក្រោម​ការ​រឹត​ត្បិត​ដដែល បន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ