សភានឹងប្រជុំពេញអង្គនៅពាក់កណ្តាលខែនេះ​ ដើម្បី​កែច្បាប់បើកផ្លូវឲ្យ​អតីតមន្ត្រី CNRP ធ្វើនយោបាយវិញ

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា កាលពីអាណត្តិមុន (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា)

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកនេះ​ សម្រេចនឹង​បើកកិច្ចប្រជុំពេញអង្គនៅពាក់កណ្តាល​ខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតអនុម័តលើ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភានឹងបើកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ តាមសំណើររបស់តំណាង​រាស្ត្រគណបក្សកាន់អំណាចចំនួន​៨៧នាក់​ ដែល​ស្នើសុំឲ្យស្ថាប័នរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៤៤ថ្មី(ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយ។

វាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី ដែល​ស្នើ​ឡើងនោះ​ចែងថា៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧  តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងហាមថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ