តុលាការសម្រេចព្យួរទោសមេដឹកនាំសហជីព៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ផ្លូវវេងស្រេង

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ កាលពីពេលកន្លងទៅ (រូបភាពឯកសារ)

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសមេដឹកនាំសហជីព៦នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំកន្លះ ប៉ុន្តែទោ​សនោះ​ត្រូ​វ​បា​នព្យួរ ទាក់ទិននឹងព្រឹត្តិការណ៍តវ៉ា មុខសួនឧស្សហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង កាលពីជាង៤ឆ្នាំមុន ។

ចៅក្រមជំនុំ​ជម្រះលោក អ៊ឹម វណ្ណ: នៅថ្ងៃអង្គារនេះ បានសម្រេចផ្តន្ទាទោស មេដឹកនាំសហជីព មានលោក អាត់ ធន់ លោកស្រី ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុនី លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ឲ្យជាប់ទោស២ឆ្នាំ៦ខែ​ ប៉ុន្តែ​ទោ​សនោះ​ត្រូ​​វបានព្យួរ ។ ប៉ុន្តែចៅក្រមបានបង្គាប់ឲ្យអ្នកទាំងនោះ សងជំងឺចិត្តទៅជនរងគ្រោះជាសមត្ថកិច្ច២នាក់ ចំនួន៣៥លានរៀល។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ចាត់ទុកសាលក្រមនេះថា បានបន្តគំរាមកំហែងសកម្ម​ភាពជំរុញលក្ខខ​ណ្ឌកា​រងារ​​ ហើយថា មេដឹកនាំសហជីព នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។

លោកថា៖ «យើងត្រូវជាប់ទោសព្រហ្មទណ្ឌ អញ្ចឹងអាហ្នឹងយើងអត់អាចធ្វើការងារសហជីពបានទៀតទេ។ ហើយមួយទៀត បង់លុ​យ​ហ្នឹង ក៏យើងអត់បានប្រព្រឹត្តទេ ហើយលុយហ្នឹងក៏វាច្រើនដែរ។ យើងនឹងប្រឹង​ឧទ្ធរណ៍។ ហើយ​យើងស្នើទៅរ​ដ្ឋាភិបាលឲ្យពិនិ​ត្យ​​ឡើងវិ​ញ ​ចំ​ពោះព្រះរាជអាជ្ញាដែលកាត់ក្តីរឿងហ្នឹង ហើយនិងតុលាការហ្នឹង សម្របសម្រួលយ៉ាង​ម៉េចដើ​ម្បី​ទម្លា​ក់បទ​ចោទហ្នឹង»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមុន បានក្រើនរំឭក ក្រសួងយុត្តិធម៌ និងក្រសួងការងារឲ្យពន្លឿនករណីនេះ ដោយ​ថា ​ដើ​​​​​ម្បីបើកលំហរសេរីភាពសហជីព។

មេ​​ដឹកនាំសហជីពទាំង៦នាក់ រងការចោទថា បានផ្តើមគំនិត ក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលតុ​លា​ការ​ចោ​​ទ​ថា បានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងភូមិត្រពាំង​ថ្លឹងសង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែ​​​​​ន​​​ជ័យ រាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤។

កាល​ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ពេលនោះ កម្មករច្រើនរយនាក់ ចេញតវ៉ាលើផ្លូវវេងស្រេង ទាមទារទៅរដ្ឋាភិបាលឲ្យ​តំឡើង​ប្រា​ក់​​ឈ្នួ​​ល​ពួកគេបាន១៦០ដុល្លារក្នុងមួយខែ។ កា​រត​វ៉ា​នោះ​ បានបណ្តាលឲ្យផ្ទុះហិង្សា រវាងកម្មករ និងកម្លាំងប្រដាប់អាវុធរបស់រដ្ឋា​ភិបាលដែលបាន​ដាក់ពង្រា​យ។ តាមរបា​យ​កា​​រ​ណ៍​របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ព្រឹត្តិការណ៍បង្ហូរឈាមគ្នានោះ មានកម្មករ៥នា​ក់ត្រូវគេបា​ញ់ឲ្យស្លាប់​នៅ​នឹងកន្លែង ជិត៤០រងរបួសនិង២៣នាក់ត្រូវបានចាប់ខ្លួន ចំណែកសមត្ថកិច្ចខ្លះបានរងរបួសដោយដុំថ្ម។

ក្រោ​យមកមេដឹកនាំសហជីពមួយចំនួន រងការចោទប្រកាន់ ប៉ុន្តែគ្មានកម្លាំងប្រដាប់អាវុធណាម្នាក់ ត្រូវបានតុលាការ​នាំខ្លួនមក​ផ្ត​ន្ទា​​​ទោសក្នុ​ងព្រឹត្តិការណ៍បង្ហូរឈាមនេះទេ៕

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងអំពើហិង្សានៅផ្លូវវេងស្រេង។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ