លោក​ ហ៊ុន​ សែន​ ចេញ​មុខ​ការពា​រ​មេដឹក​នាំស​ហជីព​៣រូប​ប្រ​ឆាំង​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ​

លោក អាត់ ធន់ (រូបខាងឆ្វេង) លោក ជា មុន្នី (រូបកណ្ដាល) និងលោក ប៉ាវ ស៊ីណា (រូបខាងស្ដាំ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានចេញមុខអះអាងថា មេដឹកនាំសហជីព៣រូប មានលោក អាត់ ធន់ លោក ជា មុន្នី និងលោក ប៉ាវ ស៊ីណា មិនបានដឹកនាំតវ៉ានៅផ្លូវវេងស្រេង ដូចសាលក្រមចោទប្រកាន់ របស់សាលាដំបូងរាជធា​នីភ្នំពេញ​នោះ​​​ទេ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ បានផ្តន្ទាទោសមេដឹកនាំសហជីព៦នាក់ មានលោក អាត់ ធន់ លោក ប៉ាវ ស៊ីណា លោក ជា មុនី លោក រ៉ុង ឈុន លោកស្រី ម៉ម ញឹម និងលោកស្រី យ៉ាង សោភ័ណ្ឌ ឲ្យជាប់ទោសចន្លោះពី២ឆ្នាំកន្លះ ទៅ៤ឆ្នាំកន្លះ ទាក់​ទិ​ន​​​ទៅនឹងសំណុំរឿងផ្លូវវេងស្រេង។ ប៉ុន្តែ​ទោ​សទាំងនោះ​ត្រូ​​វបានព្យួរ។

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំ​ណាលជាមួយកម្មករ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី១២ធ្នូនេះ បានអះអាងថា លោកមានភស្តុតាង ដើម្បីបញ្ជាក់ថា លោក អាត់ ធន់ លោក ជា មុន្នី និង​លោក ប៉ាវ ស៊ីណា មិនជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងនេះទេ។

លោក ហ៊ុន សែន ថ្លែងទៀតថា មុនមានព្រឹត្តិការណ៍បង្ក្រាប លោក កែវ រ៉េមី បានប្រាប់ថា លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ មិននៅទីនោះឡើយ។ លោកបន្ត​ថា ចំណែកលោក សយ សុភាព វិញ ក៏បានប្រា​ប់លោក​ដែរ​ថា​ លោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា ក៏មិន​នៅក្នុ​​ងព្រឹត្តិការណ៍តវ៉ានៅផ្លូវវេងស្រេងនោះដែរ។

មេដឹកនាំរូបនេះ បញ្ជាក់ថា លោក កែវ រ៉េមី និងលោក សយ សុភាព អាចធ្វើជាសាក្សី ក្នុងសំណុំរឿងនេះ នៅតុលាការបាន បើតុ​លាកា​រត្រូ​វ​ការ​​។

លោកថា៖ «ខ្ញុំមានភស្តុតាង ថា៣នាក់នេះ មិនជាប់ពាក់ព័ន្ធទេ ត្រង់៣នាក់ទៀតខ្ញុំអត់ហ៊ានអះអាងទេ? ។ រឿង ជា មុន្នី! កែវ រ៉េមី អាចធ្វើសាក្សី បាន»

ប្រធានសហភាពការងារកម្ពុជា លោក អត់ ធន់ អះអាងថា បើទោះបីគ្មានការអះអាងពីប្រ​មុខរដ្ឋាភិបាល ក៏មេធាវីការពារក្តីលោកប្តឹង​ជំទា​ស់​ក​រណីនេះ ទៅសាលាឧទ្ធរណ៍ដែរ។ លោកបន្ថែម​ថា​ បើមិនដូច្នេះទេ សាលក្រមសាលាដំបូងនេះនឹងក្លាយជាឧបករណ៍ គំរាមកំហែងធ្ងន់ធ្ងរ ដល់​​​សក​ម្ម​​ភាព​​លើកកម្ពស់សិទ្ធិការងារ ។

លោកថា៖ «យើងត្រូវមានទោស បើសិនយើងអត់ប្តឹងឧទ្ធរណ៍ ហើយនៅពេលដែលយើងមានទោស ទោះបីនៅក្រៅឃុំក៏ដោយ ប៉ុន្តែយើងជាប់នៅ​​​ក្នុងរបាយការណ៍កត់ត្រាក្នុងក្រសួងយុត្តិធម៌ជាលិខិតថ្កោលទោស ឬគេដាក់ឲ្យមានទោស។ ហើយកាលណាយើងមានទោសក្នុងច្បាប់សហជីពថ្មី យើងមិនអាចឈរឈ្មោះជាថ្នាក់ដឹកនាំសហជីព ជាប្រធាន ឬអនុប្រធាន ជាលេខាបានទេ។ ហើយកម្មវិធីមួយចំនួនទៀត ដែលយើត្រូវទៅក្រៅប្រទេស ឬប្រទេសខ្លះគេតម្រូវក៏យើងអត់អាចទៅបានដែរ»

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលលោក ហ៊ុន សែន មិនបានចេញមុខការពារដែរនោះ​ មានប្រសាសន៍ថា លោកមិនភ្ញាក់​ផ្អើល​ទៅ​ការកាត់ក្តីរបស់តុលាការ និងការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះទេ។ លោកបន្តថា​ ការលើកឡើងបែបនេះជា ចេតនានយោបាយ ដើ​ម្បី​​​បំ​ភាន់​ភ្នែកអ្នកបញ្ជាទិញ និងសហភាពអឺរ៉ុបដែលកំពុងគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA តែប៉ុណ្ណោះ មិនមែ​នជាចេ​​តនាដើ​ម្បីបើក​លំ​ហ​​​សេរីភាពសហជីពឡើយ។

លោក រ៉ុង ឈុន អះអាងថា ព្រឹត្តិការណ៍នៅផ្លូវវេងស្រេង អាជ្ញាធរ និងតុលាការគួរនាំខ្លួនអ្នកបាញ់សម្លាប់កម្មករ និងអ្នកបញ្ជាឲ្យ​មានព្រឹត្តិ​ការ​ណ៍​​​​​បង្ហូរឈាមនេះមកផ្តន្ទាទោស ជាជាងបង្វែររឿងមកចោទប្រកាន់មេដឹកនាំសហជីពដែលការពារសិទ្ធិកម្មករ។

លោកថា៖ «អ្វីដែលយើងសោកស្តាយ អាជ្ញាធរគួរតែទៅចាប់អ្នកដែលប្រព្រឹត្ត អ្នកដែលបាញ់សម្លាប់កម្មករ ឲ្យកម្មករបាត់បង់ជីវិត រងរបួស បង្កអំ​​ពើ​​ហិង្សាទៅលើបងប្អូនកម្មករ កម្មការនី ត្រូវតែវែកមុខមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ អ្នកបង្កនិងអ្នកបញ្ជា»

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍ប៉ះទង្គិចបង្ហូរឈាមមួយនៅលើផ្លូវវេងស្រេងក្នុងរាជ​ធា​នី​ភ្នំ​ពេញរវាងក្រុមកម្មករនិងសមត្ថកិច្ច។ ព្រឹត្តិការណ៍នោះ កម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល យ៉ាងតិច៤នាក់ ត្រូ​វកងកម្លាំងប្រដាប់​អាវុធ បាញ់​​ឲ្យ​​​​ស្លា​​​​​​ប់​នៅនឹងកន្លែង ម្នាក់បាត់ខ្លួន មួយចំនួនទៀតរងរបួស និងខ្លះទៀត​ត្រូវ​​បានចាប់ខ្លួន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ