លោក សម រង្ស៊ី ហាមមន្ដ្រី CNRP កុំទទួលយកសិទ្ធិធ្វើនយោបាយ​បើ​លោក កឹម សុខា នៅតែ​ជាប់​ឃុំ​

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសបានផ្ញើសារក្រើនរំលឹកដល់អតីតមន្ដ្រីបក្សប្រឆាំងទាំង១១៨រូបឲ្យរក្សាជំហររឹងមាំ ស្របពេលសភាគណបក្សកាន់អំណាចគ្រោងធ្វើវិសោធនកម្មច្បាប់បើកផ្លូវឲ្យពួកគេអាចចូលធ្វើនយោបាយឡើងវិញ។

ប្រធានចលនាសង្គ្រោះជាតិ និងបច្ចុប្បន្ន អះអាងថា ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសររសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញដោយអំពាវនាវដល់អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំងអស់ កុំដើរលើផ្លូវដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំណត់ឲ្យដើរ និងសុំឲ្យពួកគេរង់ចាំរហូតមានការដោះលែងលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញជាមុនសិន។

បើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សម រង្ស៊ី ក៏បានព្រមានដល់អតីតមន្ដ្រីបក្សប្រឆាំង ដែលចង់បានសិទ្ធិចូលធ្វើនយោបាយវិញនោះថា កំពុងធ្វើតាមល្បិចរបស់លោក ហ៊ុន សែន និងថា បានចូលរួមបំបែកគណបក្សសង្គ្រោះជាតិជាពីរ។

លោក សម រង្ស៊ី បានសររសេរនៅលើទំព័រហ្វេសប៊ុកថា៖ «អ្នកដែលចង់តែរួចខ្លួន ខ្លួនឯងប៉ុណ្ណោះ ដោយមិនគិតគូពីវាសនាលោកប្រធាន កឹម សុខា និងពីវាសនាគណបក្សយើង អ្នកនោះដើរតាមផ្លូវដែល ហ៊ុន សែន កំណត់ឲ្យដើរ ហើយក៏យល់ព្រមលេងល្បែងដែល ហ៊ុន សែន កំណត់ឲ្យលេង។ អ្នកនោះ បើមិនមែនជាមនុស្សល្ងង់ទេ គឺជាមនុស្សដែលចាប់ផ្តើមក្បត់គណបក្សសង្គ្រោះជាតិ»។

ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនីនៅខេត្តកំពង់ស្ពឺនៅថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា លោកមិនចង់ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី នោះទេចំពោះបញ្ហានេះ។ ប៉ុន្ដែ លោក ហ៊ុន សែន បង្ហើបថា អ្នកដែលចង់បានសិទ្ធិធ្វើនយោបាយវិញ គឺទាល់តែពួកគេធ្វើលិខិតសុំលើកលែងទោសទៅរូបលោកជាមុនសិន។

លោក ហ៊ុន សែន ថ្លែងថា៖ «​បើ​​មានការស្នើសុំ នាយករដ្ឋមន្ត្រី នឹងពិនិត្យថា គេមិនបានប្រឆាំងសាលដីការបស់តុលាការកំពូល។ អ្នកប្រឆាំង មិនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយទេ គឺត្រូវជាប់គុកទៀតផង។ ពេលច្បាប់ចូលជាធរមាន ក្នុងឋានៈជាខ្ញុំនាយករដ្ឋមន្ត្រី ខ្ញុំរង់ចាំទទួលសំណើពីសាមីខ្លួនម្នាក់ៗ គឺត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃ។ ដូច្នេះ រដ្ឋមន្រី្តមហាផ្ទៃ ត្រូវយល់ គឺ ម្នាក់ម្តង ឬបួនប្រាំនាក់​»។

អតីតតំណាងរាស្ដ្រមួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការសម្រេចចចិត្តទទួលយក ឬមិនទទួលយកសិទ្ធិចូលធ្វើនយោបាយវិញនេះ គឺគួរធ្វើឡើងដោយផ្អែកតាមឆន្ទៈរបស់បុគ្គលម្នាក់ៗ និងមិនគួរមានការបង្ខិតបង្ខំនោះឡើយ។

បើទោះបីការសម្រេចចិត្តយ៉ាងណាក្ដី លោករំលឹកថា មន្ដ្រីគណបក្សប្រឆាំងទាំងអស់ត្រូវប្រកាន់គោលជំហររួម និងមានយុទ្ធសាស្ដ្រ និងគោលដៅច្បាស់លាស់ ដើម្បីឆ្លើយតបនឹងបក្សកាន់អំណាច។

លោកបន្ដថា៖ «បើសិនគណបក្សសង្គ្រោះជាតិបែកបាក់មែន កុំបន្ទោសគណបក្សកាន់អំណាចបន្ទោសខ្លួនឯងវិញ អត់មានយុទ្ធសាស្ដ្រ អត់យល់ពីគ្នា អត់យល់ពីគោលដៅច្បាស់លាស់ ហើយគ្មានជំហររួម អាហ្នឹងបែកបាក់ហើយ។ ប៉ុន្ដែ បើសិនតែគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរ ស្មារតី គោលដដែល អាហ្នឹងយើងអត់មានបែកបាក់ទេ បើទោះបីជាអ្នកណាទទួលសិទ្ធិ ឬមិនទទួលសិទ្ធិក៏ដោយ»។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា រិះគន់ថា ការបើកផ្លូវរបស់បក្សកាន់អំណាចនេះ បានបង្ហាញពីភាពមិនស្មោះត្រង់ និងកំពុងបោកបញ្ឆោតមតិអន្ដរជាតិតែ​ប៉ុណ្ណោះ ដោយថា បក្សកាន់អំណាចកំពុងប្រើល្បិច «ព្រួញមួយបាញ់បានសត្វពីរ» ដោយម្ខាង បើកផ្លូវឲ្យដៃគូរបស់ខ្លួនអាចធ្វើនយោបាយឡើងវិញ ដើម្បីបន្ថយសម្ពាធអន្ដរជាតិ ហើយ​ម្ខាងទៀត រុញច្រានឲ្យពួកគេបែកបាក់គ្នា។

លោក មាជ សុវណ្ណារ៉ា ក៏រំលឹកដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឲ្យគិតគូពីយុទ្ធសាស្ដ្រដែលគណបក្សកាន់អំណាចកំពុងប្រើនេះ ដោយថា ការចរចាដែលអាចទទួលយកបាន គឺលុះត្រាតែមានការចូលរួមពីភាគីអន្ដរជាតិ។

លោកបន្ដថា៖ «ព្រួយបាញ់បានសត្វមួយទៀត គឺថាតើគណបក្សប្រជាជនមានយុទ្ធសាស្ដ្រអាចបំបែកគណបក្សសង្គ្រោះជាតិ បើគាត់ឲ្យអ្នកអត់ធ្វើនយោបាយ១១៨រូបចូលវិញ តើគាត់ឲ្យយ៉ាងម៉េច? [] បើគាត់បិទម្ខាង បើកម្ខាងអញ្ចឹង វាធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋមានការយល់អំពីការបែកបាក់គណបក្សសង្គ្រោះជាតិទៅជាពីរដោយសន្ដិវិធីនូវច្បាប់ដែលគេធ្វើហ្នឹង»។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មើលឃើញថា គម្រោងស្នើធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាសញ្ញាវិជ្ជមានមួយឆ្លើយតបនឹងការចង់​បានរបស់សហគមន៍អន្ដរជាតិ។ ប៉ុន្ដែ លោកថា វាមិនអាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាទាំងស្រុងនោះទេ ប្រសិនបើបក្សកាន់អំណាចនៅតែព្យាយាមបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សប្រឆាំង និងថា អន្ដរជាតិទំនងជានឹងមិនទទួលយកដំណោះស្រាយបែបនេះឡើយ។

លោកបន្ដថា៖ «វាមិនតែដោះស្រាយមិនរួចជាមួយនឹងការប្រឈមជាមួយអន្ដរជាតិនេះជារឿងសំខាន់ ហើយនៅក្នុងស្រុក ក៏មិនបានដោះស្រាយឲ្យបាន១០០ភាគរយ អ្វីៗវាស្ថិតនៅកណ្ដាលទន្លេដដែល។ ទី១ វាមិនបានឆ្លើយតបនឹងការទាមទាររបស់អន្ដរជាតិ ហើយក៏មិនបានបញ្ចប់នូវវិបត្តិនយោបាយផ្ទៃក្នុងដដែលទេ»។

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ឈ្នះការបោះឆ្នោតមួយដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ចមកលើកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលបើកលំហូរប្រជាធិបតេយ្យឡើងវិញ។

នៅថ្ងៃស្អែកនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ តាមសំណើររបស់តំណាង​រាស្ត្រគណបក្សកាន់អំណាចចំនួន​៨៧នាក់​ ដែល​ស្នើសុំឲ្យស្ថាប័នរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៤៤ថ្មី(ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយដើដែល​អាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ