សភាបក្ស​កាន់​អំណាច​ការពារថា ការកែច្បាប់ឲ្យបក្សប្រឆាំងធ្វើនយោបាយឡើងវិញមិនរងសម្ពាធអន្តរជាតិ

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សំណើ​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ។ រូបថត៖ ជន ចាន់រ៉ែន

ក្រុម​តំណាងរាស្ត្របក្សកាន់អំណាច បានឡើងការពារសំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ពង្រឹង​នីតិរដ្ឋ​ក្រោម​ស្មារតី​បង្រួប​បង្រួម​ជាតិ មិន​មែន​រង​សម្ពាធ​ពី​អន្តរជាតិ​ដូច​ក្រុម​អ្នក​រិះគន់​លើក​ឡើង​នោះ​ឡើយ។

រដ្ឋ​សភា​កម្ពុជា​ដែល​មាន​សុទ្ធ​តែ​តំណាង​រាស្ត្រ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សំណើ​វិសោធនកម្ម​មាត្រា៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវ​បាន​រំលាយ​ចោល​នោះ អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ទៅ​តាម​សំណើ​របស់​តំណាង​រាស្ត្រ ៨៧​រូប។

តំណាងរាស្ត្រមួយរូប​របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ដែល​អះអាង​ថា ​បាន​ចុះ​ហត្ថខា​លើ​សំណើ​វិសោធនកម្ម​ច្បាប់នេះ លោក ជៀម យាប បានឡើ​ង​កា​​រពារក្នុងសភា ថា ច្បាប់នេះមានបំណងពង្រឹងនីតិរដ្ឋ ធានា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា មិន​មែ​នធ្វើ​​ឡើង​ក្រោ​មស​ម្ពា​​ធអន្តរ​​ជា​តិដូ​ចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះទេ។

លោកថា៖ «ការរៀបចំធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយនៅពេលនេះ គឺជាស្មារតីនៃការបង្រួបបង្រួមជាតិ ការសណ្តោ​ស​ត្រា​​ប្រ​ណីពីគ​ណបក្សប្រជាជនកម្ពុជា ដែលជានិច្ចគោរពនូវលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស»

តំណា​ងរាស្ត្រមួយរូបទៀត គឺលោក ប៉ែន បញ្ញា បានឡើងការពារដែរថា ការស្នើឲ្យកែច្បាប់នេះ ស្រប​តាមរដ្ឋធម្មនុញ្ញ ឈរលើ​ស្មា​រតី​​បង្រួបបង្រួមជាតិ។

លោកថា៖ «ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មីស្ទួននៃច្បាប់ស្តីពីគណបក្សនយោបាយ ធ្វើឡើងស្របតាមបរិបទនយោបាយ របស់​ព្រះ​រា​ជាណាចក្រកម្ពុជា ដែលបាននឹងកំពុងខិតខំ និងជំរុញ​ពន្លឿនដំណើរប្រជាធិបតេយ្យ​សេរីពហុបក្ស ទន្ទឹមនិង​ការពង្រឹង​នីតិរ​ដ្ឋ​ឲ្យ​​កាន់តែប្រសើរឡើងថែមទៀត»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាច បានបញ្ជាក់ក្នុងពិធីជួបកម្មករ​ពីម្សិលមិញថា ច្បាប់ថ្មីនេះ​នឹង​មិន​ផ្ដល់​ការ​លើក​លែង​ទោស​ជា​កញ្ចប់​ដល់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ហាម​ឃាត់នោះ​ឡើយ ប៉ុន្តែ ​លោកថា ច្បាប់​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​សមាជិក​ម្នាក់ៗ​ ​ត្រូវដាក់លិខិត​ស្នើសុំមក​នាយ​​ក​រដ្ឋ​មន្ត្រី ឬតាមរយៈក្រសួងមហាផ្ទៃ ទើប​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​បាន។

អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកច្បាប់ថ្មីនេះ​ថា ជាការបើកផ្លូវឲ្យមានការបង្រួបបង្រួមជាតិ​ឡើ​ង​វិ​ញ ប៉ុន្តែ លោក​ថា ការតម្រូវឲ្យសរសេរលិខិតសុំដាច់​ដោយ​ឡែក គឺ​ជា​ការដាក់​សម្ពា​ធទៅ​លើ​កា​រស​ម្រេ​​ចចិ​ត្ត។

លោកថា៖ «ខ្ញុំយល់ថា ​នេះជាករណីទី១ សម្រាប់ប្រទេសយើង។ ដូច្នេះ គួរតែរៀបចំបញ្ជីពីក្រសួ​ងមហាផ្ទៃខ្លួនឯងទៅ។ អា​ហ្នឹង ​វា​ជា​គុណ​ស​ម្បត្តិរ​បស់ប្រមុខ​រាជរដ្ឋាភិបាល ឬក៏ក្រសួងមហា​ផ្ទៃទេ។ ខ្ញុំយល់ថា បើសិ​នជាច្បាប់នេះចេញ ហើ​យនៅតែគ្មាន​អ្នក​នយោបា​យណា​មួ​​យ​​ស្នើសុំសិទ្ធិទេ អាហ្នឹង ក៏វាប៉ះបាល់ដល់ដំណោះស្រាយនយោបាយនៅក្នុងប្រទេសដែរ»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ឃើញថា ចរន្តបង្រួមបង្រួមជាតិបច្ចុប្បន្ន​រវាងអ្នកន​យោបាយគ្នា​ឯ​ង​ មិន​អាច​កើត​ឡើង​បានទេ។ លោកចាត់​ទុក​ជា​យុទ្ធសាស្ត្រ​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ ដើម្បី​គេចចេញ​ពី​ទណ្ឌកម្ម​អន្តរជាតិ និង​ពុះ​បំបែក​ផ្ទៃ​ក្នុងបក្សប្រឆាំង។

លោកថា៖ «ជាទូទៅ បក្សកាន់អំណាចគេចង់ឲ្យយន្តការ គេហៅថា ភាពផុយស្រួយនៃនយោបាយ​របស់បក្សប្រឆាំងហ្នឹង វា​រង្គោះ​រង្គើ។ អា​ហ្នឹ​​ង ជាយន្តការមួយដែលអ្នកនយោបាយតែងតែឆ្លៀត ដើម្បីកេងចំណេញពីការធ្វើនយោបាយរបស់ខ្លួន។ នៅក្នុង​កា​របន្ធូ​របន្ថ​យ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋហ្នឹង ដើម្បីបង្ហាញទស្សនៈទៅអន្តរជាតិ ទៅសហគមអឺរ៉ុប ដើម្បីកុំ​ឲ្យមានចំណា​ត់​ការ ឬក៏​វា​​ធានការណ៍ណាមួយពីការដក EBA អត្រាប្រព័ន្ធអនុគ្រោះពន្ធហ្នឹង»

តំណាង​រាស្ត្រ​ម៉ាឡេស៊ី លោក Charles Santiago ដែល​ជា​ប្រធាន​​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR បាន​ថ្លែង​តាម​សារ​អេឡិត្រូនិច​នៅ​ថ្ងៃ​នេះ​ថា សំណើកែ​ប្រែ​ច្បាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​តែ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ ហើយ​លោក​ថា វា​នឹង​មិន​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​និរន្តរភាព​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ។

លោក  Charles Santiago បាន​សរសេរ​តាម​អ៊ីម៉ែលថា​៖ «នេះ[ការ​អនុម័ត​សំណើ​ច្បាប់]​ពិត​ជា​សញ្ញា​​មិន​ស្មោះ​ត្រង់​មួយ​​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ផ្ដាច់​ការ​របស់​លោក ក្នុង​បំណង​ស្វែង​រក​ការ​គាំ​ទ្រ​ពីសហគមន៍​អន្តរជាតិ […]។ វិសោធនកម្ម​ច្បាប់​នៅ​ថ្ងៃ​នេះ នឹង​ជះ​ឥទ្ធិពល​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​និរន្តភាព​យូរ​អង្វែង»

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​បាន​អាសនៈសភា ៥៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ និង​ឈ្នះ​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ចំនួន ៥០០៧ ​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​កាល​ពីឆ្នាំ​២០១៧​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា ​​ឆ្នាំ​២០១៧​កន្លង​មក ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ជុំ​វិញ​ការ​ចោទ​ថា ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ។

ជាង​នេះ​ទៅទៀត ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពុំ​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ​នោះ​ឡើយ។

ចំណាត់​ការ​ពី​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ជំរុញ​ឲ្យ​​សហរដ្ឋអាមេរិក ព្រមានពង្រីកទណ្ឌ​កម្មទិដ្ឋាការ​ និង​បង្ក​​ក​​​ទ្រព្យ​សម្ប​ត្តិដ​ល់​​ម​​ន្ត្រី​រដ្ឋាភិបាលមួយចំនួនបន្ថែមទៀត បើមិនបើកផ្លូវឲ្យគ​ណបក្សប្រឆាំងដែលបានរំ​លាយ​កាល​ពីចុ​ង​​ឆ្នាំ២០​១​៧ បានធ្វើន​យោ​បា​​យឡើងវិញ រួមទាំងមន្ត្រី ១១៨ទៀតដែលបានហាមឃាត់។

ចំណែក​ឯ​សហភាពអឺរ៉ុប​វិញ​បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជា​អំពី​ការ​ដំណើរការ​ដកហូត​ប្រព័ន្ធអនុ​គ្រោះពន្ធសម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា​ដោយ​រួច​ផុត​ពី​ការបង់​ពន្ធ​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ