កម្ពុជា-ថៃ សហការគ្នាសម្អាតមីននៅតាមព្រំដែន

នៅថ្ងៃពុធ​ ទី​១២​ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តស្រះកែវ​ ប្រទេស​ថៃ​ គណប្រតិភូមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាជួបប្រជុំជាមួយ​​ ឧត្តមសេនីយ៍​ឯក​ Sittipol Nimnuan អគ្គនាយក​​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនថៃ(TMAC)ដើម្បីពិភាក្សាស្តីអំពីការកំណត់​ជ្រើសរើសចំការមីនតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ​។ រូបភាព៖ ហ្វេសប៊ុក HENG Ratana

គណប្រតិភូមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានជួបប្រជុំជាមួយអគ្គនាយក​​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនថៃ(TMAC) ដើម្បីសហការដោះមីននៅតាមព្រំដែនថៃ-កម្ពុជា​​​ សម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមទំព័រហ្វេសប៊ុកផេករបស់ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា លោក​ ហេង រតនា បានឲ្យដឹងថា នៅថ្ងៃពុធម្សិលមិញ លោកបានដឹកនាំគណប្រតិភូកម្ពុជា ជួបប្រជុំជាមួយ អគ្គនាយក TMAC  លោក Sittipol Nimnuan នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិភាក្សាស្ដីពីការកំណត់​ចំការមីនតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានាតាមបណ្តោយព្រំដែន។ កិច្ចប្រជុំនេះអនុលោមតាមស្មារតីអង្គប្រជុំនិងការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលកន្លងមក។

ប្រភពដដែលបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបោសសម្អាតមីនតាមព្រំដែន ដោយចែកចេញជាពីជំហានសម្រាប់បោសសម្អាត។

យោងតាមអនុសញ្ញាអូតាវ៉ា ប្រទេសថៃគ្រោងនឹងត្រូវសម្រេចឲ្យបាននូវការបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៣ ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីនប្រឆាំងមនុស្សត្រឹមឆ្នាំ២០២៥។ គិតត្រឹមចុងឆាំ២០១៨ CMAC បាន​រំដោះ​ដី​ដែល​មាន​មីន​ឲ្យ​ពលរដ្ឋ​បាន​ប្រមាណ​ជាង​ ១៥០០ គីឡូម៉ែត្រ​ការ៉េ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ