តុលាការកោះហៅសកម្មជនដីធ្លី​៣នាក់​ចូលបំភ្លឺតាម​បណ្តឹងរបស់ក្រុមហ៊ុនផានអុីម៉ិច​

សកម្មជន​ដី​ធ្លី​សហគមន៍​បុរី​កីឡា អ្នកស្រី ភោគ សុភីន ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ខាន់ លក្ខិណា)

សកម្មជនដីធ្លី​៣នាក់នៅរាជធានីភ្នំពេញ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​នេះ ក្រោម​ការ​សង្ស័យថា ពាក់ព័ន្ធការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ តាមពាក្យបណ្តឹងរបស់ម្ចាស់​ក្រុមហ៊ុនផានអុីម៉ិច​។

ក្នុង​ដី​កាកោះចុះ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ តំណាង​អយ្យការ​អម​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក ស៊ឺ វណ្ណនី បាន​កៅ​ហៅ​សកម្មជន​ដី​ធ្លី​សហគមន៍​បុរី​កីឡា អ្នកស្រី ភោគ សុភីន និង​សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់ពីរនាក់ទៀត​ អ្នកស្រី ស៊ា ណារ៉េត និង​កញ្ញា អ៊ឹម ស្រីទូច ឲ្យ​ចូលបំភ្លឺ​នៅតុលាការរសៀល​ថ្ងៃទី១៤ ខែធ្នូ តាមបណ្តឹងរបស់ប្រធានក្រុមហ៊ុនផានអីម៉ីច លោកស្រី ស៊ុយ សុផាន។

ដីកាកោះនោះ បញ្ជាក់ថា សកម្មជនដីធ្លីទាំង៣នាក់ ជាប់សង្ស័យថា គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ​ និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ដី​ធ្លី​ទាំង ៣​រូប គឺ​លោក តឹក ធារ៉ូ អះអាងនៅថ្ងៃនេះ​ថា កូនក្តីរបស់លោកទាំង ៣នាក់ ​នឹង​ចូលបំភ្លឺតាមកាកោះហៅរបស់តុលាការ។

សកម្មជន​ដី​ធ្លី​ទាំង ៣នាក់ខាងលើនេះ​ ត្រូវ​បាន​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ប្ដឹង​ដោយ​ចោទ​ថា បាន​គំរាម​កំហែង និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ដែល​បណ្ដឹង​នោះ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​សកម្មជន​ដី​ធ្លី​ទាំង​នោះ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋាន​របស់​អ្នកស្រី ស៊ុយ សុផាន កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៨កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ