រដ្ឋាភិបាលគ្រោងជួបសង្គមស៊ីវិលដើម្បីដោះស្រាយបញ្ហា «ភាពជាដៃគូ»

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អញ្ជេីញជាអធបតី​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅសាលាខេត្តសៀមរាប​ ។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រោងជួបពិភាក្សា​ជាមួយក្រុមអង្គការសង្គមស៊ីវិលនៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​អំពី​«ភាពជាដៃគូ»​ ដោយថា ពួកគេនៅមានការខ្វែងគំនិតគ្នាមួយចំនួនជាមួយរដ្ឋាភិបាល។

ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនាព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឲ្យសង្គមស៊ីវិលចូលរួមពិភាក្សាគ្នាឲ្យបាន​ស៊ីជម្រៅថែមទៀតពាក់ព័ន្ធនឹង «ភាពជាដៃគូ» ដោយលោកថា សង្គមស៊ីវិលមួយចំនួនបានរិះគន់រដ្ឋាភិបាលថា បានធ្វើសកម្មភាពគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាព នៅពេលពួកគេប្រារព្ធទិវាសិទ្ធិមនុស្សថ្ងៃទី១០ ធ្នូកន្លងទៅ។

ក្នុងពិធីនេះ លោក ស ខេង សង្ឃឹមថា សង្គមស៊ីវិលនឹងចូលរួមពិភាក្សាគ្នារកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហានេះ ដែលលោកថា គ្រោងធ្វើឡើងនៅខែមករា ឆ្នាំ២០១៩ខាងមុខ។

លោក ស ខេង ថ្លែងថា៖ «តើមានភាពជាដៃគូមានន័យយ៉ាងម៉េច? បើយើងនិយាយរួម មិនបកស្រាយឲ្យច្បាស់លាស់ ប្រហែល​ជាការអនុវត្តមានបញ្ហា។ ចំណុចនេះខ្ញុំមិនហ៊ានបកស្រាយទេ ខ្ញុំទុកលទ្ធភាពជូនតំណាងក្រសួងមហាផ្ទៃ និងសង្គមស៊ីវិល ដែលគ្រោងថា នឹងជួបគ្នានៅខែ១នេះ ជជែកគ្នា [] ព្រោះពិបាកក្នុងការអនុវត្ត។ កាលថ្ងៃទី១០ធ្នូ ថ្ងៃសិទ្ធិមនុស្ស គាត់ចង់ធ្វើនៅមុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សាទរចំពោះការប្រកាសរបស់រដ្ឋមន្ដ្រីមហាផ្ទៃរូបនេះ ដោយលោករំពឹងថា សង្គមស៊ីវិលនឹងអាចចូលរួមផ្ដល់យោបល់ និងបង្ហាញជំហររបស់ពួកគេ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានេះ។

លោកលើកឡើងថា រដ្ឋាភិបាលគួរបង្កើតក្រុមការងារឯករាជ្យមួយដើម្បីដោះស្រាយ និងធានាដល់ការអនុវត្តសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពដោយគ្មានការបំភិតបំភ័យ និងគំរាមកំហែង។

លោកបន្ដថា៖ «ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកក្នុងការបើកទូលាយនូវសកម្មភាពដោយសុឆន្ទៈពិតប្រាកដមែន ខ្ញុំគិតថា វាជាចំណុចមួយល្អក្នុងការពិភាក្សារកដំណោះស្រាយសម្រាប់លំហូរនៃការប្រើប្រាស់សិទ្ធិរបស់អង្គការសង្គមស៊ីវិល [] ខ្ញុំគិតថា រដ្ឋាភិបាលគួរតែបង្កើតក្រុមការងារធ្វើការប្រកបដោយប្រសិទ្ធិភាពជាមួយយើងជាអង្គការសង្គមស៊ីវិល»។

នាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ រិះគន់ថា កន្លងមក រដ្ឋាភិបាលបានប្រើប្រាស់វិធានការច្បាប់ និងមូលហេតុមិនត្រឹមត្រូវក្នុងការរារាំង និងហាមឃាត់សង្គមស៊ីវិលមិនឲ្យធ្វើសកម្មភាពផ្សេងៗ ដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្ដរជាតិ។

អ្នកស្រីបន្ដថា៖ «រដ្ឋាភិបាលបានដាក់កំហិតថា មិនឲ្យយើងធ្វើដោយសារខ្លាចនេះខ្លាចនោះ។ នោះជារឿងរឹតត្បិតសិទ្ធិសេរីភាព។ មានការលំបាកកន្លងមក ពិបាកទាំងរកកន្លែងធ្វើសកម្មភាព ទីកន្លែងសាធារណៈដូចជា វត្តភ្នំ សួនច្បារផ្សេងៗ ដែលធម្មតា ជាកន្លែង​យើងអាចធ្វើសក​ម្មភាពបាន ត្រូវបានកំណត់ដោយរាជធានី​ថា មិនឲ្យយើងធ្វើ»។

ក្នុងពិធីរំលឹកខួបលើកទី៧០នៃទិវាសិទ្ធិមនុស្សកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៨ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស មេដឹកនាំ​សហជីព សកម្មជន​ដី​ធ្លី និង​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅ​មុខ​ស្ថាប័ន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ម្ដុំ​វត្ត​ភ្នំ និង​នៅ​​​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ដោយពួកគេបានហៅការដាក់កម្លាំងការពារសន្ដិសុខរបស់អាជ្ញាធរថា ជាការរារាំង និងផ្ទុយពីច្បាប់ជាតិ និងអន្ដរជាតិ។

អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជាកាលពី​សប្ដាហ៍​មុន ឲ្យ​លុប​ចោល​ច្បាប់​ទាំង​ឡាយ​ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន បើទោះបី​ជា​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​បាន​ចាប់​ផ្ដើម​បើក​ចំហរ​ឡើង​វិញនូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ