ភរិយាសកម្មជន៖ ប្ដី​ខ្ញុំ​ត្រូវ​បាន​បញ្ជូនទៅតុលាការ​នៅ​រសៀល​ថ្ងៃនេះ

លោក រ៉ាត់ រត្នមុនី និងភរិយា អ្នកស្រី ឡុង គីមហ៊ាង។ រូបភាព៖ ហ្វេសប៊ុក Long Kimleang

ភរិយារបស់លោក រ៉ាត់ រដ្ឋមុនី ឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនស្វាមីរបស់អ្នកស្រីទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ  បន្ទាប់ពីអាជ្ញាធរថៃបានបញ្ជូនស្វាមីរបស់អ្នកស្រីមកដល់កម្ពុជាកាលពីម្សិលមិញ។

ភរិយារបស់លោក រ៉ាត់ រដ្ឋមុនី គឺអ្នកស្រី ឡុង គីមហ៊ាង ប្រាប់ វីអូឌី ថ្ងៃនេះថា អ្នកស្រីកំពុងរកស្វែងមេធាវី ដើម្បីជួយការពារក្ដីស្វាមី​អ្នកស្រី។

អ្នកស្រី៖ «ខាងតុលាការបានខលមកប្រាប់ខ្ញុំថា ប្ដីខ្ញុំត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលនេះ។ ឥឡូវខ្ញុំកំពុងរកមេធាវី»

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់វី.អូ.ឌីតាមប្រព័ន្ធតេឡេក្រាមថា តុលាការកំពុងពិនិត្យនិងចាត់ការសំណុំរឿងនេះ។

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រដ្ឋមុនី ត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាកក ប្រទេសថៃ តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដោយជាប់ពាក់ព័ន្ធការផលិតវីដេអូឯកសារមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ី (RT)។

វីដេអូឯកសារ​នេះ និយាយអំពីស្រ្តីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។

ក្រោយពីការផ្សព្វផ្សាយវីដេអូនេះ សមត្ថកិច្ចកម្ពុជាបកស្រាយថា វីដេអូនេះ ជារឿងប្រឌិតឡើង ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់ប្រទេសកម្ពុជា ហើយក្រោយមកបានបើកការស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធក្នុងការផលិត​វីដេអូ។

កាលពីថ្ងៃទី១១ ខែធ្នូ កន្លងមក អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានស្នើទៅរដ្ឋាភិបាលថៃកុំបញ្ជូនប្រធានសហជីពរូបនេះមកកម្ពុជាវិញ ដោយបារម្ភពីការកាត់ទោសក្រោមហេតុផលនយោបាយ និងការឃុំខ្លួនមិនត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ