អាជ្ញាធរខេត្តព្រះសីហនុ ​ថាកំពុងសិក្សាគម្រោងសាងសង់អាងចម្រោះ​ទឹកបង្ហូរ​ចេញ​ពីលូ​​

មន្ត្រីក្រសួងដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ ចុះត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹក នៅខេត្តព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ផ្ដល់ឲ្យ)

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា​ កំពុងសហការជាមួយធនាគាអភិវឌ្ឍន៍អាស៊ីដើម្បីសិក្សា និងរៀបចំដំណើការសាងសង់អាង​ចម្រោះ​ទឹកកខ្វក់​បង្ហូរចេញពីលូ។​

ការលើក​ឡើង​របស់​អាជ្ញាធរខេត្តព្រះសីហនុ ធ្វើឡើង​ ក្រោយ​ពី​សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា បានបង្ហោះវីដេអូមួយបង្ហាញអំពីផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលបង្ករឡើងដោយសារការបង្ហូរបំពង់ទុយោទឹកស្អុយចំនួន ២៩ ចូល​ឆ្នេរអូឈើទាល។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ឱម សារឿន​ បានប្រាប់​ថាអាជ្ញាធរខេត្ត​ និងមន្រ្តីជំនាញបានប្រជុំពិភាក្សា ចុះត្រួតពិនិត្យ និងកំពុង​សិក្សាពីគម្រោងសាងសង់​អាងចម្រោះ​ស្អុយ​បណ្តោះអាសន្ននៅតំបន់គោលដៅធំៗចំនួន៧ ក្នុងខេត្តឆ្នេរសមុទ្រមួយនេះ។ លោកបន្តថា​ ការសិក្សានេះ គឺធ្វើជាដំណាក់កាលៗ ហើយ​ទទួលបានការសហការពីធនាគារអភិវឌ្ឍន៍អាស៊ី។

លោកបានលើកឡើង​ទៀតថា គម្រោង​សាងសង់​នេះ​គឺវាមិនមែនធ្វើបានភ្លាមៗនោះទេ ដោយថា​វា​ត្រូវការពេលវេលាក្នុងការសិក្សាឲ្យបានច្បាស់លាស់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «​បើនិយាយអំពីទស្សនទាន ឬចក្ខុវិស័យរបស់អាជ្ញាធរ និងមន្ត្រីគឺចង់ឲ្យមានដំណោះស្រាយឆាប់ៗ។​ មន្ត្រីជំនាញបានចុះពិនិត្យជារៀងរាល់ថ្ងៃ ជាយុទ្ធសាស្ត្រមុននឹងធ្វើឲ្យត្រូវតាមស្តង់ដា អាជ្ញាធរនឹងធ្វើអាងចម្រុះបណ្តោះអាសន្នដើម្បីធ្វើឲ្យមានភាពប្រសើរជាងពេលដែលអត់។ គម្រោងនេះគឺធ្វើគ្រប់ទាំងអស់ មិនមែនតែឆ្នេរអូរឈើទាលទេ។»

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ រូបនេះ ក៏បានលើកឡើង​ថាយុវជនគួរស្វែងយល់និងបញ្ចេញនូវទស្សនៈរបស់ខ្លួនប្រកបដោយសុទិដ្ឋិនិយមជាងនេះ។

ក្នុងវីដេអូដែល​បង្ហោះដោយក្រុម​សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា ​កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដដែល បានយកទឹកដែល​បង្ហូរចូលមកក្នុងសមុទ្រ​នោះទៅពិនិត្យនៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លោក ថុន រដ្ឋា បាន​បង្ហាញ​ថាតាម​លទ្ធផល​ដែល​ចេញ​ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​ទឹកនោះ​ផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ជាច្រើនដល់សុខភាពរបស់ប្រជាពលរដ្ឋ មនុស្សចាស់ កុមា និងស្រ្តីមានផ្ទៃពោះ ជាពិសេសអ្នកដែលចូលចិត្តហែលទឹកសមុទ្រ។ ​

លោក​មានប្រសាសន៍បន្តថា៖ «ពេលនេះយើងទទួលបានលទ្ធផលហើយ វាពិតជាគួឲ្យបារម្ភខ្លាំងបំផុត ពីព្រោះទឹកស្អុយដែលហូរចូលសមុទ្រគឺចេញពីទឹកបង្គន់ដោយផ្ទាល់ ហើយផ្ទុកទៅដោយសារធាតុប៉ារ៉ាស៊ីត និងបាក់តេរី ដែលអាចបង្ករទៅជាជម្ងឺផ្សេងៗ ចំណែកឯសារធាតុផ្សេងទៀតមានដូចជា Escherichia Coli, Trichomonas intestinalis trophozoite និងសារធាតុអាម៉ូញាក់ផងដែរ ដូច្នេះវាប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សដែលអាចមានរោគសញ្ញាដូចជា​ រាគ ចុកពោះ និងក្អួតជាដើម ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ »

អាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០១៨​  បានចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយចំនួនតាមបណ្តោយឆ្នេរដូចជា ឆ្នេរសុខា ឆ្នេរអូឈើទាល និងស្ថានីយ៍ច្រោះសម្អាតទឹកកាកសំណល់ទំហំ១៦ហិកតា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ