ជនជាតិដើមភាគតិច៣នាក់​​នៅមណ្ឌលគិរីថា ពួកគាត់​រងការគំរាមសម្លាប់ពីសំណាក់​ឈ្មួញដីនិងឈើ

ជនជាតិដើមភាគតិចពូនងចំនួន៣នាក់​នៅស្រុកសែនមនោរម្យ ខេត្តមណ្ឌគិរី អះអាងថា ឈ្មួញរកស៊ីឈើ និងដីក្នុងខេត្តនេះបានគំរាមសម្លាប់ ខណៈពួកគាត់​ព្យាយាមតវ៉ាមិនឲ្យឈ្មួញទាំង​នោះយកដីសហគមន៍លក់ទៅឲ្យអ្នកផ្សេង។ រូបភាព៖ ផ្ដល់ឲ្យ

ជនជាតិដើមភាគតិចពូនងចំនួន៣នាក់​នៅស្រុកសែនមនោរម្យ ខេត្តមណ្ឌគិរី អះអាងថា ឈ្មួញរកស៊ីឈើ និងដីក្នុងខេត្តនេះបានគំរាមសម្លាប់ ខណៈពួកគាត់​ព្យាយាមតវ៉ាមិនឲ្យឈ្មួញទាំង​នោះយកដីសហគមន៍លក់ទៅឲ្យអ្នកផ្សេង។

អ្នកស្រី ខ្លូន ក្រាក់ ដែលអះអាងថា ជាជនដើមភាគតិចពូនង ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា កាលពីម្សិលមិញនេះបុរស២នាក់បងប្អូន​រស់នៅ ភូមិឡាកា ឃុំសុខដុម ដែលអ្នកស្រីថា បុគ្គលទាំង២នាក់នោះជាអ្នករកស៊ីជួញដូរដី និងឈើ បានគំរាមសម្លាប់គាត់​និងសមាជិកសហគមន៍ផ្សេងទៀត ខណៈក្រុមអ្នកភូមិព្យាយាមការពារដីរួមសហគមន៍។

អ្នកស្រីមន្ថែមថា៖ «គាត់ [បុរស២នាក់បងប្អូន] គំរាមសម្លាប់រួម មិនមែនតែខ្ញុំម្នាក់ឯងទេ គឺពួកខ្ញុំដែលការពារដីទាំងអស់គ្នាហ្នឹង។ គាត់សួរថា មិចបាននាំគ្នាធ្វើផ្ទះលើដីអញ? គាត់សួរអញ្ចឹង។ ដល់អញ្ចឹងពួកខ្ញុំឆ្លើយថា ដីហ្នឹងជាខ្ញុំ អញ្ចឹងខ្ញុំធ្វើហើយ។ គាត់ថា អត់ទេ អត់ឲ្យធ្វើទេ ហ៊ានផ្ទះដុតផ្ទះហ្នឹងចោលហ្មង។ ដល់អញ្ចឹង ខ្ញុំថាដុតៗទៅ។ ដល់ អញ្ចឹងទៅគាត់ថាពួកមីអស់ហ្នឹងវាចង់ត្រូវគ្រាប់។ នេះអាប្អូនគាត់អ្នកនិយាយអញ្ចឹង។ ចំណែកអាបងថា តែធ្វើឲ្យអញដល់កអញបាញ់ចោលទាំងអស់ហ្មង»

សមា​ជិកសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀតអ្នកស្រី ផ្លឹក ភីរម្យ ឲ្យដឹងថា បុរស២នាក់បងប្អូនដែលគំរាមសម្លាប់ពួកគាត់នោះ ម្នាក់ឈ្មោះ ឃុន ចន្ថា ហៅតាពែង និងម្នាក់ទៀតឈ្មោះ ឃុន ចាន់ដារ៉ា តួនាទីជាមន្រ្តីនគរបាលផងដែរ។

ជនជាតិដើមភាគតិចពូនងរូបនេះឲ្យដឹងថា ក្រោយមានការគំរាមសម្លាប់រួចមក ពួកគាត់បានរៀបចំពាក្យបណ្តឹងដោយប្តឹងបុគ្គលទាំង២នាក់នោះទៅសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ហើយ។

អ្នកស្រីបន្ថែមថា៖ «គាត់មានដោយសារលក់ដី និងឈើ។ ដល់ពេលអញ្ចឹង គាត់មានអំណាចនៅក្នុងភូមិហ្នឹងគាត់កាប់ឈើលក់ គាត់គំរាមអ្នកផ្សេងៗគេអត់ហ៊ានតវ៉ា។ ដីដែលគាត់ថា គាត់ទិញហ្នឹងគាត់តវ៉ាយក៧០ហិកតា។ គាត់បានធ្វើប្លង់ទៅដល់ក្រុង គ្រោងលក់ទៅឲ្យឈ្មួញម្នាក់ទៀត ដល់ពួកខ្ញុំដឹង ពួកខ្ញុំហាមឃាត់ទៅទប់ស្កាត់អត់ឲ្យឈូសឆាយ អត់ឲ្យកាប់ទន្ទ្រានទៀត។ ដល់អញ្ចឹង គាត់ចង់ឲ្យពួកខ្ញុំសង ឬលក់ ពួកខ្ញុំមិនឲ្យដោយសារដីហ្នឹងជាកន្លែងដែលពួកខ្ញុំត្រូវអនុផលព្រៃឈើ។ ដល់ពេលមកថ្ងៃទី១៣ហ្នឹង មកគំរាមសម្លាប់តែម្តង»

វិអូឌីមិនអាចសុំការឆ្លើយតបពីឈ្មួញឈើ និងឈ្មួញដី២នាក់បងប្អូនដែលរងការចោទថា បានគំរាមសម្លាប់អ្នកភូមិនៅឡើយទេ។

មេប៉ុស្ត៍នគរបាលឃុំសុខដុម លោក នៅ សុខារី មានប្រសាសន៍ថា ពលរដ្ឋមានរាយការណ៍ព័ត៌មានដល់លោកដែរ ប៉ុន្តែពលរដ្ឋមិនដាក់បណ្តឹងឲ្យនគរបាលប៉ុស្ត៍របស់លោកដោះស្រាយទេ។

លោកបន្ថែមថា៖ «មិញពួកគាត់យកបណ្តឹងមកដាក់ដែរ ប៉ុន្តែខ្ញុំថាបើដាក់ច្រើនកន្លែងពេកគេមិចដោះស្រាយឲ្យ អញ្ចឹង១កន្លែងបានហើយ។ ដល់អញ្ចឹងបានដក់យកទៅដាក់កន្លែងផ្សេងហើយ»

មន្រ្តីសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក អ៊ាង ម៉េងលី មានប្រសាសន៍ថា ប្រសិនបើករណីនោះកើតឡើងដូចពលរដ្ឋចោទប្រកាន់មែន បុគ្គលទាំងពីរនាក់នោះនឹងមានទោសតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យ១លានទៅ៤លានរៀល។

លោកបន្ថែមថា៖ «ករណីនេះខ្ញុំយល់ថា ប្រសិនជាមានការគំរាមធ្ងន់ធ្ងរទៅលើសហគមន៍ដែលគាត់ជាអ្នកការពារដីធ្លី និងព្រៃឈើរបស់គាត់។ ដូច្នេះអាជ្ញាធរគួរតែចាត់វិធានការជាបន្ទាន់ដើម្បីការពារសុវត្ថិភាព ឬក៏រកយុត្តិធម៌ជូនគាត់ ជៀសវៀងមានបញ្ហាអ្វីមួយប៉ះពាល់ដល់ជីវិតឬក៏រូបកាយប្រជាពលរដ្ឋ​។ ហើយករណីនេះខ្ញុំនឹងតាមនិងឃ្លាំមើលទៅលើការអនុវត្តច្បាប់ឬក៏ចាត់វិធានការទៅជនគំរាមទៅលើសហគមន៍នោះ។»

បើតាមបណ្តឹងដាក់ទៅស្នងការនគរបាលខេត្តមណណ្ឌលគិរី គឺមានមនុស្ស៣នាក់បានអះអាងថា ពួកគាត់​ត្រូវបាន បុគ្គលឈ្មោះ ឃុន ចន្ថា ចៅតាពែង និងឃុន ចាន់ដារ៉ា ហៅ ហ៊ីម មានតួនាទីជាមន្រ្តីប៉ូលីសរដ្ឋបាលសង្កាត់សុខដុម គំរាម​សម្លាប់ ដោយពលរដ្ឋទាំងនោះប្តឹងទាមទារសំណង១៥០០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ