លោក ហ៊ុន សែន ​សរសើរក្រុមហ៊ុនចិន​អភិវឌ្ឍនៅកោះកុង

លោកហ៊ុន សែន ទស្សនាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG នៅខេត្តកោះកុងថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨(រូបពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុនចិនមួយដែលកំពុងអភិវឌ្ឍន៍ ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ជាក្រុមហ៊ុនកំពុងមានជម្លោះដីធ្លីជាមួយប្រជា ពលរដ្ឋថា បានធ្វើឲ្យតំបន់ស្ងប់ស្ងាត់ទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍។

ផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះ​ ឲ្យដឹងថា លោក ហ៊ុន សែន បានទៅ ទស្សនាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន​UNION DEVELOPMENT GROUP និងបានកោតសរសើរសកម្មភាពក្រុមហ៊ុននេះ។​

ផេកហ្វេសប៊ុកក្រសួងទេសចរណ៍៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរផងដែរ ចំពោះក្រុមហ៊ុនចិន ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន ប្រែក្លាយតំបន់ស្ងប់ស្ងាត់ នៅក្នុងខេត្តកោះកុងឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ដ៏ទាក់ទាញនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។»

ក្រុមហ៊ុនចម្រុះមកពីចិននេះ ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រឲ្យមានការវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង នៅឆ្នាំ២០០៨ ជាមួយទុនវិនិយោគជិត ៤ពាន់លានដុល្លារអាមេរិក។

តាមក្រសួងទេសចរណ៍បន្ទាប់ពីបញ្ចប់នូវការសាងសង់ជំហានទី១ ក្រុមហ៊ុននឹងកសាងព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលមានផ្លូវរត់ឡើងចុះរបស់យន្តហោះប្រវែង ៣ពាន់ ២០០ម៉ែត្រ ការកសាងទីលានវាយកូនគោលចំនួន ២០ទីលានបន្ថែមទៀត កសាងស្ថានីយ៍ផលិតថាមពលអគ្គិសនី ការកសាងទីក្រុងទំនើបៗ អគារការិយាល័យខ្ពស់ៗប្របមាត់សមុទ្រ ការសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលអាចឲ្យនាវាចំណុះ២ម៉ឺនតោន ចូលចតលើកដាក់ទំនិញបាន កសាងម៉ូតែលនិងលំនៅដ្ឋានសម្រាប់សំរាកលំហែកាយ ក្នុងពេលវិស្សមកាលផងដែរ។

ក្រុមហ៊ុននេះ កំពុងតែមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ចំនួន៧៧គ្រួសារ អូសបន្លាយ ១០ឆ្នាំមកហើយនៅមិនទាន់ដោះស្រាយបាន ស្ថិតនៅនៅក្នុងស្រុកចំនួនពីរគឺស្រុកគិរីសាគរ និងស្រុកបុទុមសាគរ។​

គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន​UDG (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)
គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន​UDG (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)
គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន​UDG (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ