ភ្ញៀវទេសចរ៣៥ម៉ឺននាក់ទៅទស្សនាបុណ្យសមុទ្រឆ្នាំនេះ ប៉ុន្តែតម្លៃស្នាក់នៅឡើងទ្វេរដង

ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ ខេត្តកោះកុង។ រូបភាព៖ ហ្វេសប៊ុក ក្រសួងទេសចរ

ភ្ញៀវទេសចរប្រមាណ៣៥ម៉ឺននាក់បានទៅទស្សនា បុណ្យសមុទ្រនៅខេត្តកោះកុង ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈតម្លៃស្នាក់នៅឡើងទ្វេរដង។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំពិធីបុណ្យសមុទ្របានឲ្យដឹងនៅថ្ងៃនេះថា ក្នុងពិធីបុណ្យសមុទ្រលើកទី៧នេះមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ៣៥ម៉ឺននាក់សម្រាប់បីថ្ងៃនេះ ហើយតម្លៃសេវាស្នាក់នៅវិញមានការកើនឡើងទ្វេរដង បើប្រៀបធៀបថ្ងៃធម្មតា។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុក សុភ័ក្រ ឲ្យដឹងថាតម្លៃសេវាស្នាក់នៅបានឡើងថ្លៃ ដោយថ្ងៃធម្មតាតម្លៃចន្លោះពី១៥ដុល្លារ រីឯថ្ងៃបុណ្យសមុទ្រចន្លោះពី៣០ដុល្លារឡើងទៅ ក្នុងមួយយប់។

លោក តុក សុភ័ក្រ បានបន្ថែមថា តម្លៃសេវាសា្នក់នៅឡើងថ្លៃដោយសារខ្វះបន្ទប់ ហើយម្ចាស់ផ្ទះសំណាក់ឬសណ្ឋាគារបានឲ្យភ្ញៀវស្នាក់នៅក្នុងបន្ទប់នីមួយៗលើសពីចំនួនកំណត់។ រីឯតម្លៃម្ហូបអាហារវិញមានការកើនឡើងបន្តិចបន្តួច។

អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង ​​​លោក ហ៊ូ អ៊ីន បានឲ្យដឹងថា​​​តម្លៃសេវាស្នាក់នៅក្នុងពិធីបុណ្យសមុទ្រ គឺមានការឡើងថ្លៃដែលតម្លៃធម្មតាចន្លោះ១០ ទៅ១៥ដុល្លារ ឯថ្ងៃបុណ្យសមុទ្រគឺចន្លោះពី៤០ដុល្លារ ទៅ៤៥ដុល្លារក្នុងមួយយប់។

អាជ្ញាធរខេត្តកោះកុងបានត្រៀមបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារប្រមាណជាង២០០០បន្ទប់ សម្រាប់ភ្ញៀវទេសចរស្នាក់នៅ ហើយក៏បានសហការជាមួយអាជ្ញាធរខេត្តត្រាត ប្រទេសថៃ ដោយត្រៀមបន្ទប់ស្នាក់នៅចំនួន៦០០បន្ទប់ ដើម្បីឲ្យមានកន្លែងស្នាក់គ្រប់គ្រាន់ និងតម្លៃសមរម្យ។

ក្នុងរបាយការណ៍គណៈកម្មការរៀបចំពិធីបុណ្យសមុទ្រដដែល បានបន្ថែមថា ស្ថានការណ៍សន្តិសុខពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ហើយក្រុមគ្រួពេទ្យបានជួយពិនិត្យ និងព្យាបាលជម្ងឺ ចំនួន៩៤៧នាក់។

កាលពីឆ្នាំ២០១៧ កន្លងទៅមានភ្ញៀវទេសចរប្រមាណជា៥០ម៉ឺននាក់​​​ដែលបានចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប។  ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រឆ្នាំក្រោយនៅខេត្តកំពត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ