វិទ្យុអាស៊ីសេរី៖ លោក ហ៊ុន សែន មិនស្វាគមន៍វិទ្យុអាស៊ីសេរី​ ព្រោះផ្សាយព័ត៌មាន​មិនពិត​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីកន្លង​ទៅ (VOD/Archive Photo)

វិទ្យុអាស៊ីសេរី ចុះផ្សាយ​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្វាគមន៍​ឲ្យវិទ្យុនេះ​ បើកដំណើរការ​នៅកម្ពុជាវិញនោះទេ ដោយលោកថា វិទ្យុនេះផ្សាយព័ត៌មានមិនពិត។

ក្នុងបទសម្ភាស៍មួយជាមួយវិទ្យុអាស៊ីសេរីដែលផ្សាយ​នាព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន លើកឡើង​ថា វិទ្យុនេះផ្សាយព័ត៌មានដែលផ្ទុយ​ពីការ​ពិត ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាក់ថា ព័ត៌មានអ្វីខ្លះដែលវិទ្យុនេះ ផ្សាយមិនពិតនោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិននិយាយជាមួយលោកទេ កុំសួរសំណួរទាក់ទងរឿងនេះ ព្រោះវាអាក្រក់ពេកវិទ្យុលោក។ ប្រាប់ហើយបើចង់យកទៅផ្សាយយកសំឡេងខ្ញុំទៅផ្សាយទៅ ថាវិទ្យុហ្នឹងអាក្រក់ពេកដែលខ្ញុំមិនអាចនិយាយជាមួយ។ គេនិយាយពីលិចឯង និយាយពីកើត គេនិយាយពី«ស» ឯងនិយាយពីខ្មៅគិតតែពីរឿងអាដែងនេះ មិនបាច់ចាំសួរទេ​ ខ្ញុំមិនឆ្លើយព័ត៌មានឲ្យអស់លោកទេ ចាំស្ដាប់ពីអ្នកដទៃទៅ»។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាមថា មូលហេតុ​ដែល​​លោក ហ៊ុន សែន មិនឆ្លើយសំណួរវែងឆ្ងាយជាមួយអ្នកយកព័ត៌​មានវិទ្យុអាស៊ីសេរីមិនមែនមានន័យមិនឲ្យវិទ្យុអាស៊ីសេរីបើកវិញទេ បើចង់បើកវិញបើកទៅ ឲ្យតែគោរពច្បាប់កម្ពុជាឲ្យបានត្រឹមត្រូវ។

លោកថា៖ «ការចង់ឲ្យវិទ្យុបរទេសមកបើកដំណើរការឡើងវិញនៅកម្ពុជា គោលការណ៏ចង់ឲ្យវិទ្យុអាស៊ីសេរី វីអូអេ មកបើកដំណើរការឡើងវិញនៅកម្ពុជា មានចែងនៅក្នុងសេចក្តីថ្លែងការណ៏របស់រាជរដ្ឋាភិបាលកម្ពុជាចុថ្ងៃទី០៣ ខែវិច្ឆិការួចហើយ ហើយនៅជាធរមាននៅឡើយ។ ការដែលសម្តេចតេជោមិនឆ្លើយសំណួរវែងឆ្ងាយរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនមែនមានន័យ មិនឲ្យវិទ្យុអាស៊ីសេរីបើកវិញទេ បើចង់បើកវិញបើកទៅឲ្យតែគោរពច្បាប់កម្ពុជាឲ្យបានត្រឹមត្រូវ។ ចំពោះការសម្ភាសន៍ថ្នាក់ដឹកនាំមិនមានប្រសាសន៏វែងឆ្ងាយទេ ទុកឲ្យថ្នាក់ក្រោមទៅវាគ្រប់គ្រាន់ហើយ។ ម៉្យាងទៀតចរិតអ្នកយកព័ត៌មានខ្លះមិនគួរឲ្យចង់និយាយចូលទេ សូមពិនិត្យខ្លួនឯងទៅ។ ដូច្នេះ កុំចេះតែលាបពណ៌ ថាគោលការណ៏របស់រាជរដ្ឋាភិបាលមានលក្ខណ:ចិត្តជាទេវទត្តមាត់ជាទេវតាអី?»។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន ប៉ូណា មានប្រសាសន៍ថា វិទ្យុអាស៊ីសេរីក៏ដូចជាវិទ្យុសម្លេង​សហរដ្ឋអាមេរិក គួរ​ស្នើសុំមករដ្ឋាភិបាលកម្ពុជាជាមុន ប្រសិន​បើ​ចង់​បើកការិយាល័យរបស់ខ្លួន​​នៅកម្ពុជាមែន​។

លោកថា៖ «រាជរដ្ឋាភិបាលហ្នឹង គេបានបញ្ជាក់ហើយតើថា បើសិនជាវិទ្យុទាំងពីរហ្នឹង គាត់ចង់បើកការិយាល័យនៅក្នុងខ្មែរវិញហ្នឹង គាត់មកដាក់តាមបែបបទត្រឹមត្រូវ សុំអាជ្ញាប័ណ្ណ បង់ពន្ធ បង់អីត្រឹមត្រូវទៅណា។ ខ្ញុំគិតថា គឺជាការបើកផ្លូវមួយហើយ ក៏ប៉ុន្តែ បើយើងមកដោយគ្មានច្បាប់ទម្លាប់ អាហ្នឹងវាបញ្ហា គេមិនស្វាគមន៍ក្នុងន័យហ្នឹង ដែលខ្ញុំតាមមើលណាស់។ ឥឡូវហ្នឹង យើងថាម៉េចទៅ បើវិទ្យុទាំងពីរហ្នឹងគេអត់មានសុំផងហ្នឹង យើងអ្នកក្រៅចេះតែថាទៅដូចវាមិនត្រូវដែរ។ តើម្ចាស់វិទ្យុទាំងពីរហ្នឹង គាត់ចង់មកអត់ ហើយបើគាត់មក គាត់មកតាមផ្លូវស្របច្បាប់មក ហើយបើសិនជាឃើញថាគេមិនឲ្យបានយើងអាចនិយាយបាន ព្រោះឥឡូវវាអត់មាន»។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសកម្ពុជា បាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិ ហើយវិទ្យុអាស៊ីសេរីនិងវី.អូ.អេ ក៏អាចបើកការិយាល័យរបស់ខ្លួននៅកម្ពុជាឡើងវិញបាន។ ក្រសួងបានអះអាងថា វិទ្យុ RFA និងវិទ្ យុVOA បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង។

ឆ្លើយតបជាមួយនឹងការប្រកាសរបស់ក្រសួងការបរទេស អ្នកនាំពាក្យវិទ្យុអាស៊ីសេរី លោក Rohit Mahajan អះអាងថា វិទ្យុនេះអាចបើកការិយាល័យឡើងវិញនៅកម្ពុជា លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនសិន រួមទាំងទម្លាក់បទចោទប្រកាន់ពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២រូប។

វិទ្យុ​អាស៊ី​សេរីបានប្រកាស​​បិទ​ការិយាល័យ​របស់​ខ្លួន​នៅភ្នំពេញកាលពីថ្ងៃ​ទី១២ ខែ​កញ្ញាឆ្នាំ២០១៧ បន្ទាប់មានបញ្ហាមួយចំនួនជាមួយរដ្ឋាភិបាល។ ក្រោយការបិទការិយាល័យអតីតបុគ្គលិកពីររូបគឺលោក អ៊ួន ឈិន និងលោក យៀង សុធារិន ត្រូវសមត្ថកិច្ចចាប់និងឃុំខ្លួនក្រោមបទចោទប្រកាន់ ​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិនិងបទចារកម្ម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ