មេ​សហជីព​ម្នាក់​ប្ដឹង​ជំទាស់​ ក្រោយ​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងអំពើហិង្សានៅផ្លូវវេងស្រេង។

មេដឹកនាំសហជីពម្នាក់បានដាក់ពាក្យប្ដឹងជំទាស់ទៅនឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ប៉ុន្តែ ទោ​សនោះ​ត្រូ​វ​បា​នព្យួរទាក់ទិននឹងព្រឹត្តិការណ៍តវ៉ា​មុខសួនឧស្សហកម្មកាណាឌីយ៉ាផ្លូវ វេង ស្រេង កាលពីជាង ៤ឆ្នាំមុន។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមជំនុំ​ជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: បានសម្រេចកាត់ទោសមេដឹកនាំសហជីព៦នាក់ មានលោក អាត់ ធន់ លោកស្រី ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុនី លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ឲ្យជាប់ទោស ២ឆ្នាំ ៦ខែ​ ប៉ុន្តែ ​ទោ​សនោះ​ត្រូ​​វបានព្យួរ។ ប៉ុន្តែ ចៅក្រមបានបង្គាប់ឲ្យអ្នកទាំងនោះ​សងជំងឺចិត្តទៅជនរងគ្រោះជាសមត្ថកិច្ច ២នាក់ចំនួន ៣៥លានរៀល។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ពុំ​បាន​ទទួល​យក​សេចក្ដី​សម្រេច​នេះ​ទេ ហើយ​បាន​ដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់​ពីចៅសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ប៉ុន្តែ ទោសនោះត្រូវបានព្យួរ។

ក្រោយតុលាការសម្រេចបានមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខអះអាងថា មេដឹកនាំសហជីព ៣រូប មានលោក អាត់ ធន់ លោក ជា មុន្នី និងលោក ប៉ាវ ស៊ីណា មិនបានដឹកនាំតវ៉ានៅផ្លូវវេងស្រេង ដូចសាលក្រមចោទប្រកាន់របស់សាលាដំបូងរាជធា​នីភ្នំពេញ​នោះ​​​ទេ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍ប៉ះទង្គិចបង្ហូរឈាមមួយនៅលើផ្លូវវេងស្រេងក្នុងរាជ​ធា​នី​ភ្នំ​ពេញ រវាងក្រុមកម្មករនិងសមត្ថកិច្ច។ ព្រឹត្តិការណ៍នោះ កម្មករដែលទាមទារតម្លើងប្រាក់ឈ្នួលយ៉ាងតិច ៤នាក់ត្រូ​វកងកម្លាំងប្រដាប់​អាវុធ​បាញ់​​ឲ្យ​​​​ស្លា​​​​​​ប់​នៅនឹងកន្លែង ម្នាក់បាត់ខ្លួន មួយចំនួនទៀតរងរបួស និងខ្លះទៀត​ត្រូវ​​បានចាប់ខ្លួន។

ក្រោយការប៉ះទង្គិចនោះ មេ​​ដឹកនាំសហជីពទាំង៦នាក់ រងការចោទថា បានផ្តើមគំនិត​ក្នុងអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដែលតុ​លា​ការ​ចោ​​ទ​ថា បានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវ វេង ស្រេង ក្នុងភូមិត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែ​​​​​ន​​​ជ័យ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ