លោក រ៉ុង ឈុន ស្នើ ILO ជួយ​អន្ដរាគមន៍ឲ្យ​មាន​ការ​ដោះ​លែង​មេ​សហជីព​លោក រ៉ាត់ រត្នមុនី

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រត្នមុនី។ រូបភាព៖ ហ្វេសប៊ុក Rath Rott Mony

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន​​ បានផ្ញើលិខិតមួយទៅអង្គការពលកម្មអន្ដរជាតិ (ILO) ឲ្យជួយអន្ដរាគមន៍ដោះលែង​មេដឹកនាំ​សហជីពដែល​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជាចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ផលិត​វីដេអូ​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា។

ក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃនេះ លោក រ៉ុង ឈុន អះអាងថា ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​បំពេញ​តួនាទីត្រឹមតែជាអ្នកបកប្រែនិងសម្របសម្រួលឲ្យអ្នកសារព័ត៌មានបរទេស អាចធ្វើការសម្ភាសន៍និងផ្ដិតយករូបភាពនៃជីវិតជនរងគ្រោះដោយសារអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជាប៉ុណ្ណោះសម្រាប់ការផលិតវីដេអូឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ី RussianToday(RT)។

ក្នុងលិខិតនេះ លោក រ៉ុង ឈុន ស្នើឲ្យអគ្គនាយកអង្គការពលកម្មអន្ដរជាតិ លោក Guy Ryder ជួយអន្ដរាគមន៍ចំពោះករណីនេះ បន្ទាប់ពីស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាមិនបានចេញមកទទួលញត្តិរបស់ភរិយា លោក រ៉ាត់ រត្នមុនី ហើយរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់ថា វីដេអូឯកសារនេះគឺជារឿងប្រឌិតឡើង និងមានការសូកប៉ាន់ប្រភពក្នុងវីដេអូឯកសារនេះ។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​ សារព័ត៌មាន​រុស្ស៊ី​ RT បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​ឯកសារ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​វីដេអូ​ឯកសារ​នេះ និយាយ​អំពី​ស្រ្តី​ខ្មែរ​លក់​កូន​ស្រី​ខ្លួន​ឯង ដោយសារ​តែជួបបញ្ហាជីវភាព​ និងនិយាយពី​ស្ថានភាព​ស្រ្តី​ដែល​​ប្រកប​របររកស៊ី​​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​​នេះ សមត្ថកិច្ច​កម្ពុជា​បានបក​ស្រាយ​ថា វីដេអូ​នេះ ជា​រឿង​ប្រឌិត​ឡើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្រទេស​កម្ពុជា​ ហើយ​ក្រោយ​មក​បាន​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់​ព័ន្ធ ​ដែល​ឈាន​ដល់​ការ​ចាប់​​ឃុំ​ខ្លួន​លោក រ៉ាត់ រត្ន​មុនី​ កាលពីថ្ងៃទី៧ ខែធ្នូ ​នៅប្រទេសថៃ។

បច្ចុប្បន្ន អ្នកផលិតវីដេអូឯកសារ លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានភ្នំពេញសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

ប្រសិន​បើ​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស មេដឹកនាំ​សហជីព​រូប​នេះ អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ក្នុង​រយៈ​ពេល​ពី ១ ទៅ ៣​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ