CEDAC ជំរុញឲ្យកសិករបង្កើនការផលិតបន្លែសរីរាង្គផ្គត់ផ្គង់ទីផ្សារ

ការតាំងបង្ហាញផលិតផលបន្លែ ក្នុង​វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​ឆ្នាំ២០១៨ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ (រូបភាព៖ ជន ចាន់រ៉ែន)

នាយិកាអង្គការកសិកម្មមួយឈ្មោះCEDACលើកឡើងថា តម្រូវការបន្លែសរីរាង្គឬបន្លែ គ្មានសារធាតុគីមី មានការកើនឡើងច្រើនតម្រូវឲ្យកសិករបន្ថែមការផលិតដើម្បីអាចផ្គត់ ផ្គង់ឲ្យបានគ្រប់គ្រាន់។

នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៨ខែធ្នូនាយិកាមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ឬ ហៅCEDACលោកស្រីតុង ចាន់ធាង ប្រាប់VODថា ការផលិតបន្លែសរីរាង្គរបស់កសិករគឺនៅមានកំរិតតិចតួចនៅឡើយ ដែលត្រូវបង្កើនការផលិតបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារបច្ចុប្បន្ន។
អ្នកស្រីបន្តថា បើប្រៀបធៀបទៅប្រមាណជា១០ឆ្នាំមុនទីផ្សារសរីរាង្គមានតិចតួច តែបច្ចុប្បន្នមានការកើនឡើងជាពិសេសចំនួនផ្សារ និងហាងបន្លែសរីរាង្គ។

នៅក្នុងសិក្ខាសាលានោះកសិករមកពីតាមបណ្តាខេត្តលើកឡើងពីការខិតខំ និងបញ្ហា ប្រឈមរបស់ពួកគាត់ក្នុងការដាំដុះបន្លែសរីរាង្គ។
លោក អឹម សារ៉ាត់ កសិករមកពីសហគមន៍មួយនៅខេត្តកំពង់ឆ្នាំង លើកឡើងថា លោកចាប់ផ្តើមដាំបន្លែសរីរាង្គកាលពីឆ្នាំ២០១៧ ក្រោយពេលទទួលបានការ បណ្តុះ បណ្តាលពីអង្គការCEDAC។ លោកបន្តថា ចំពោះបញ្ហាដែលធ្វើឲ្យលោក ដាំបន្លែសរីរាង្គ មិនបានផលច្រើនគឺ ខ្វះទឹក និងមានសត្វល្អិតបំផ្លាញ។

លោកស្រី មុំ សំអឿន កសិករមកពីសហគមន៍កាហែង ខេត្តកំពង់ស្ពឺ ក៏លើកឡើងថា សត្វល្អិតកំពុងរំខានការដាំដុះរបស់ពួកគាត់តាមបែបសរីរាង្គដែរ។
អនុប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំនៃក្រសួងកសិកម្ម លោក ហ៊ាន សុភា មានប្រសាសន៍ថា នៅពាក់កណ្តាលឆ្នាំ២០១៩ក្រសួងកំណត់ច្បាស់លាស់ពីប្រភេទ បន្លែ សរីរាង្គ។ លោកថា បន្ទាប់មកទៀតក្រសួងនិងចាត់ក្រុម ការងារជួយពង្រឹងសមត្ថភាព កសិករដែលមានបំណងដាំបន្លែប្រភេទនេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន ថ្លែងក្នុងពិធី ពិពណ៌ផ្សារណាត់បន្លែសុវត្ថិភាពនិងផលិតផលសុវត្ថិភាព កាលពីថ្ងៃទី៤ខែកក្កដា ក្នុងខេត្ត កំពង់ចាមបច្ចុប្បន្នកម្ពុជានាំចូលបន្លែពីបរទេសពី២០០ ទៅ៤០០តោនក្នុងមួយថ្ងៃ ហើយ គិតជាប្រាក់ត្រូវចំណាយ ពី១៥០ទៅ ២០០លានដុល្លារក្នុង១ឆ្នាំ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ