សហព័ន្ធបាល់ទាត់ប្រាប់​លោក ប្រ៊ែដ អាដាមស៍ ចែក​ឲ្យដាច់​រឿង​នយោបាយ និង​កីឡា

អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើង​ថាកីឡា​គ្រប់​ប្រភេទគ្មាន​និន្នាការនយោបាយនោះ​ទេ។

ការលើកឡើងបែបនេះរបស់អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាការឆ្លើយតប ​ទៅលោក​ ប្រ៊ែដ អាដាមស៍ នាយក​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែល​បាន​​រិះគន់តារាបាល់ទាត់ជប៉ុនលោកកីស៊ូកិ ហុងដាមកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក្រោមការគ្រប់​គ្រង​របស់​លោក​សៅ សុខា។

អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវសារ៉េត  បាននិយាយដូច្នេះថា៖

«កីឡា មិនមែនតែបាល់ទាត់ទេ គ្រប់ប្រភេទកីឡាទាំងអស់ដែលលេងនៅក្នុងក្របខ័ណ្ឌជាតិក៏ដោយអន្តរជាតិក៏ដោយ គឺយើងលំនាំទៅតាមគេហៅអន្តរជាតិគេរៀបចំគឺកីឡាគ្មាននិន្នាការនយោបាយទេ។ […]ខ្ញុំបានស្តាប់ដែរសំលេងលោកប្រ៊ែដអាដាមស៍ហ្នឹងដែលគ្នាខ្ញុំបានយកអា linkហ្នឹងមកអានមើលស្តាប់ទៅយើងខ្លាចភាសាអស់ហ្នឹងណាស់ ព្រោះភាសាហ្នឹងបើស្តាប់ទៅហាក់ដូចញែកមានខាងនេះខាងនោះអញ្ចឹង។ម្ល៉ោះ​ហើយវាខុសពីទិសដៅរបស់កីឡា។»

ក្នុងលិខិតចុះថ្ងៃទី៣ ធ្នូ ឆ្នាំ ២០១៨ ហើយបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៦ ធ្នូ នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ បាននិយាយថាគាត់មានការភ្ញាក់ផ្អើលដែលឃើញលោក កីស៊ូកិ ហុងដា និងលោកសៅសុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ប្រកាសរួមគ្នាពីការឡើងកាន់​តំណែងរបស់កីឡាកររូបនេះ​ជាគ្រូជម្រើសជាតិកម្ពុជា​។ លោក ប្រ៊ែដ អាដាមស៍ បានរិះគន់តារាបាល់ទាត់ជប៉ុនរូបនេះ​ ដែល​ព្រម​ធ្វើ​ការ​ ស្ថិតក្រោមការគ្រប់គ្រងរបស់សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែល​ជាមនុស្សជំនិតរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។

លោក ប្រ៊ែដ អាដាមស៍បានថ្លែងថា៖ 

«លោកឧត្តមសេនីយ៍សៅសុខាដែលជាមេបញ្ជាការរងនៃអគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងរាជអាវុធហត្ថខែ្មរគឺជាអ្នករំលោភសិទិ្ធមនុស្សដ៏ល្បីល្បាញនិងឧក្រិដ្ឋជនសង្គ្រាម។ កងកម្លាំងរបស់គាត់ បានទទួលខុសត្រូវចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការការធ្វើទារុណកម្ម ការចាប់ខ្លួនខុសច្បាប់ការវាយប្រហារលើក្រុមអ្នកតវ៉ាអហិង្សានិងការរំលោភបំពានផ្សេងទៀត។»

លោក ប្រ៊ែដ អាដាមស៍ ក៏បានភ្ជាប់នូវឯកសារស្តីកំណត់ត្រាសិទ្ធិមនុស្សរបស់សៅសុខាឲ្យ ទៅ​លោកកីស៊ូកិ ហុងដា ដោយមានការ​បកប្រែជាភាសារជប៉ុនផងដែរ។ លោក ប្រ៊ែដ អាដាមស៍ ក៏បានលើកឡើងដែរថាប្រហែលជាលោកកីស៊ូកិ ហុងដា មិនបានដឹងអំពីប្រវត្តិរបស់សៅសុខាទេ មុននឹងយល់ព្រមទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

លោក ប្រ៊ែដ អាដាមស៍បាននិយាយថា៖ 

«ក្នុងនាមជាតារាបាល់ទាត់ល្បីល្បាញពេញពិភពលោកយើងមានការព្រួយបារម្ភអំពីភាពជិតស្និទ្ធរបស់លោកជាមួយអ្នករំលោភសិទ្ធិមនុស្សលំដាប់ពិភពលោក។»

លោក ប្រ៊ែដ អាដាមស៍ក៏បានស្នើរសុំជួបផ្ទាល់ជាមួយលោកកីស៊ូកិ ហុងដាផងដែរដើម្បីពិភាក្សាបន្ថែមក៏ប៉ុន្តែតារាបាល់ទាត់ជប៉ុនរូបនេះមិនបានឆ្លើយតបវិញនោះទេ។

លោក សៅ សុខានិងលោក កីស៊ូកិ ហុងដា មិនអាចទាក់ទងដើម្បីសុំប្រតិកម្មបានទេ។

លោកកីស៊ូកិ ហុងដា  អតីតខ្សែបម្រើរបស់ប្រទេសជប៉ុនរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាកាលពីខែសីហារសំរាប់រយ:ពេលពីរឆ្នាំជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ដើម្បីធ្វើ​ជាគ្រូជម្រើសជាតិកម្ពុជាដោយមិនទទួលប្រាក់បៀវត្ស​ ប៉ុន្តែសហព័ន្ធនឹងចំណាយសម្រាប់ការធ្វើដំណើរនិងការស្នាក់នៅរបស់គាត់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ