លោក គល់ បញ្ញា ហៅការតែងតាំងថ្នាក់ដឹកនាំកងទ័ពជាមន្ត្រីបក្សគឺបំពានច្បាប់

ទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែល លោក គល់ បញ្ញា។

នាយកប្រតិបត្តិអង្គការខុមហ្វ្រែលហៅការតែងតាំងថ្នាក់ដឹកនាំកងទ័ពជាសមាជិកគណបក្សប្រជាជនកម្ពុជាថា ជាការបំពានច្បាប់ដែលរូបភាពនេះធ្លាប់កើតមានតែនៅក្នុងប្រទេសកាន់ របបកុម្មុយនីស្តនិងរបបយោធា។​

លោក គល់ បញ្ញាបានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា ការបញ្ជូល មេទ័ពជាថ្នាក់ដឹកនាំបក្សកាន់អំណាចជាការបំពានច្បាប់។​

លោក គល់ បញ្ញា៖«វាជាការបំពានធ្ងន់ធ្ងរម្តងហើយម្តងទៀតលើ គោលការណ៍ច្បាប់ទាក់ទិននីតិរដ្ឋ របបប្រជាធិបតេយ្យសេរីពហុបក្សនិងការបោះឆ្នោតត្រឹមត្រូវដែលបញ្ជូលអគ្គមេ បញ្ជាការ មេបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធក្លាយជាមន្ត្រីរបស់គណបក្សនយោបាយដើម្បីធ្វើសកម្មភាពនិងដឹកនាំអង្គការចាត់តាំងកំពូលរបស់គណបក្សនយោបាយ។»

លោកបន្តថា គំរូនេះមាននៅតែក្នុងប្រទេសកាន់របបកុម្មុយនីស្ត ឬ របបដឹកនាំបែបយោធា តែប៉ុណ្ណោះ។​

លោក គល់បញ្ញា៖«មានតែ របបនិងបក្សកុម្មុយនីស្ត របបហ្វាសិស និងរបបយោធាទេដែលប្រើកងកម្លាំងប្រដាប់អាវុធដើម្បីធ្វើសកម្មភាពបំរើគណបក្សខ្លួននិងប្រឆាំងគណបក្សផ្សេង។»

ការលើកឡើងបញ្ហានេះ មិនទាន់មានការបកស្រាយយ៉ាងណាពីគណបក្សប្រជាជនកម្ពុជា នោះទេ។​

លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១របស់គណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍៧រូបបន្ថែមទៀតក្នុងនោះមេទ័ព៤រូបរួមមាន  អគ្គ​មេបញ្ជាការ​កង​ទ័ព​លោក វង្ស ពិសេន អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លោក សៅ សុខា នាយ​សេនាធិការ​ចម្រុះ​កង​ទ័ព លោក ឥត សារ៉ាត់ និង​អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ