លោក សម​ រង្ស៊ី៖ ផ្តល់សេរីភាពដល់កឹម សុខាជាការចាប់ដោះស្រាយវិបត្តិពិតប្រាកដ

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

លោក សម រង្ស៊ី បញ្ជាក់ថា ការដោះលែង និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិគឺជាចំណុចចាប់ផ្តើមពិតប្រាកដក្នុងការដោះស្រាយវិបត្តិនយោបាយនៅពេលនេះ។​

ក្នុងលិខិតចំហរបស់លោក សម រង្ស៊ី ធ្វើទៅសហគមន៍អន្តរជាតិកាលពីថ្ងៃសុក្រម្សិលមិញ លោកបានអំពាវនាវឲ្យអន្តរជាតិបន្តតាមដាន និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញ ឲ្យ មានដំណោះស្រាយវិបត្តិនយោបាយ។​

លោកបញ្ជាក់ថា ដំណោះស្រាយពិតប្រាកដនៅពេលនេះគឺត្រូវចាប់ផ្តើមពីការដោះលែងលោក កឹម សុខា ទើបឈានដល់ការស្វែងរកដំណោះស្រាយលើចំណុចផ្សេងទៀត។​

លិខិតសមរង្ស៊ី៖« ហ៊ុន សែន ដឹងច្បាស់ណាស់ថាយើងមិនអាចធ្វើអ្វីកើតទេ បើមន្ត្រីទាំង១១៨នាក់ទទួលសិទ្ធិសេរីភាពវិញនៅក្នុងស្ថានភាពបច្ចុប្បន្នដែលគណបក្សសង្គ្រោះជាតិមិនឲ្យបង្កើតឡើងវិញ ហើយលោកកឹម សុខានៅតែស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះនោះ។​បើសិនជាគេមានចេតនាពិតប្រាកដនោះតើមន្ត្រីទាំង១១៨នាក់ធ្វើសកម្មភាពនយោបាយយ៉ាងម៉េចកើតបើមិនមានគណបក្ស និងប្រធានផងនោះ?»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា កាលពីយប់រំលងអធ្រាត្រថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ដោយចោទថា មានបំណងផ្តួលរំលំរដ្ឋាភិបាល។​ តុលាការមិនទាន់កាត់ទោសលោក កឹម សុខានៅឡើយទេ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ជាញឹកញាប់ថា មិនដោះលែងលោក កឹម សុខាទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ