CBS បដិសេធការផ្សាយព័ត៌មានថា លោក ហ៊ុន សែន ចាប់ខ្លួនឧកញ៉ា គិត ម៉េង

លោក​ គិត ម៉េង អម​ដំណើរ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ ស្ថិត​នៅ​ក្នុង​​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨។ រូបថត៖ ទំព័រហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា(CBS) បានបដិសេធនូវ​ព័ត៌មានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម​ថា លោក​ឧកញ៉ា គិត ម៉េង ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទៅ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។

ក្នុងសេចក្ដីបំភ្លឺមួយកាលពីថ្ងៃម្សិលមិញបណ្ដាញផ្សព្វផ្សាយ CBS ដែល​ជា​ក្រុមហ៊ុន​អភិបាល​លើ​ទូរទស្សន៍​ CNC ទូរទស្សន៍ CTV ​ទូរទស្សន៍​ MyTV និង​ទូរទស្សន៍ One TV នោះ បានទាត់ចោលការផ្សាយរបស់កាសែតភាសាអង់គ្លេស The Cambodia Daily និងគណនីហ្វេសប៊ុកមួយឈ្មោះ «CBN Khmer»ដែលបានដាក់ចំណងជើងថា «ដំណឹងបន្ទាន់ ហ៊ុន សែន ខឹងខ្លាំងណាស់ចាប់ខ្លួនឧកញ៉ា គិត ម៉េង មិញៗនេះ ផ្អើល»។

ក្រុមបណ្ដាញផ្សព្វផ្សាយ CBS ចាត់ទុកថា នេះជាការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងប្រមាថដល់កិត្ដិយសរបស់ឧកញ៉ា គិត ម៉េង ហើយថា ឧកញ៉ា គិត ម៉េង កំពុងតែសប្បាយរីករាយជាមួយក្រុមគ្រួសារនៅឯខេត្តសៀមរាប។

ការផ្សព្វផ្សាយលើបណ្ដាញសង្គមពីរឿងចាប់ខ្លួនឧកញ៉ា គិត ម៉េង នេះ គឺបន្ទាប់ពីកាសែតភាសាអង់គ្លេស The Cambodia Daily បានផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​នូវ​សារសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន ដែលថា លោកមានការខឹងសម្បារនឹងអគ្គនាយកថ្មី​នៃ​ស្ថានីយ៍ទូរទស្សន៍ CNC លោក អ៊ុក វរ៉ា និងដែលត្រូវជាក្មួយឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ជុំវិញការចោទថា បានរំលោភសិទ្ធិបុគ្គលិកនៅទីនោះយ៉ាងធ្ងន់ធ្ងរ។

បើតាមការផ្សាយរបស់ The Cambodia Daily លោក ហ៊ុន សែន បានព្រមានចាត់វិធានការលើអាជីវកម្ម និងចាប់ខ្លួនឧកញ៉ា គិត ម៉េង ដោយថា ប្រសិនបើលោក អ៊ុក វរ៉ា មិនត្រូវបានបញ្ឈប់​ពីតំណែងទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ