រដ្ឋាភិបាល​ប្រាប់ UN ថា វិធានការច្បាប់របស់​ខ្លួន​​កន្លង​មក​មិន​គំរាម​កំហែង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ

UN

រដ្ឋាភិបាល​កម្ពុជា​ បាន​បន្ត​ការពារចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​សង្គម​ស៊ីវិល​​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ថា មិន​មែន​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​បាន​អះ​អាង​បែប​នេះនៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ និង​រក្សា​ទុក​នៅ​លើ​ប្រព័ន្ធ​ឯកសារ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ សម្រាប់​ក្រុម​ការងារ​ទទួល​បន្ទុក​ផ្នែក​ត្រួត​ពិនិត្យ​តាម​ពេល​វេលា​ជាក់​លាក់​ជា​សកល ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៣២ ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ។

ក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដល់​ទៅ​ជាង ៣០០​នោះ រដ្ឋាភិបាលកម្ពុជា​បានអះ​អាង​ថា វិធានការច្បាប់ទៅ​លើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល មិនមែនជាការគំរាមកំហែងលើ​សិទ្ធិបញ្ចេញមតិនោះទេ។

ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាលបញ្ជាក់​ថា នោះគឺជាអនុវត្តច្បាប់ទៅ​លើ​អ្នកដែលប្រើប្រាស់សិទ្ធិនេះដើម្បីធ្វើការញុះញង់ ចោទប្រកាន់ ឬបង្ខូចកេរ្ដិ៍ឈ្មោះអ្នកដទៃ ឬបង្កអសន្ដិសុខក្នុងសង្គម ផ្ទុយពីក្រមព្រហ្មទណ្ឌកម្ពុជា។  

ក្នុងរបាយការណ៍ដដែលនេះ រដ្ឋាភិបាលថា នៅមានការខ្វែងគំនិតគ្នាមួយចំនួនរវាងរដ្ឋាភិបាល និងភាគីសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស អំពីនិយមន័យនៃការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិស្របតាមច្បាប់ជាតិ និងអន្ដរជាតិ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី សុំមិនបញ្ជាក់លម្អិតជុំវិញបញ្ហានេះទេ ដោយលោកថា លោកនឹងឡើងឆ្លើយការពារនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាចុងខែមករាខាងមុខ។

លោកបន្ដថា៖ «នៅចុងខែមួយ ខ្ញុំនឹងទៅការពារទាក់ទងរឿង UPR ហ្នឹង។ ចាំជួបគ្នានៅហ្សឺណែវ!»។

ក្នុងរបាយការណ៍របស់ខ្លួន ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិកត់សំគាល់ថា ការតាក់តែង និងការ​បង្កើត​ច្បាប់របស់រដ្ឋាភិបាល​កាលពីពេលកន្លងទៅ គឺជាការរឹតត្បឹតបន្ថែមទៀតលើសិទ្ធិបញ្ចេញមតិ ការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី។

របាយការណ៍ដដែលនេះក៏បានដកស្រង់សម្ដីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដែលអំពាវនាវឲ្យរដ្ឋាភិបាលលុបចោលបទប្បញ្ញត្តិនានា​ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ដើម្បីបញ្ឈប់ការរឹតត្បឹតលើក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។

ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត ច្រានចោលការលើកឡើងរបស់រដ្ឋាភិបាល ដោយថា ចំណាត់ការច្បាប់កាលពីកន្លងមក ត្រូវ​បាន​ធ្វើឡើងដោយគ្មានភស្ដុតាងច្បាស់លាស់ និងគំរាមកំហែងដល់សកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាលកម្ពុជា​បានចោទប្រកាន់សង្គមស៊ីវិលក្នុងស្រុកថា បានចូលរួមធ្វើបដិវត្តន៍ពណ៌​បំផ្លាញសន្ដិភាពនៅកម្ពុជា។

លោកបន្ដថា៖ «ហាក់បីដូចជាមិនមានភស្ដុតាងផ្នែកផ្លូវច្បាប់ណារឹងមាំទេ។ វាជាការគំរាមកំហែង បំភិតបំភ័យទៅលើអង្គការសង្គមស៊ីវិល។ កន្លងមក យើងឃើញហើយក្នុងសៀវភៅ «ស» របស់រដ្ឋាភិបាល ក៏ចាត់ទុកអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតហ្នឹង​ថា ជាអ្នកចូលរួមក្នុងចលនាបដិវត្តន៍ពណ៌»។

ការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់​ (Universal Periodic Review) គឺជាយន្ដការរបស់អង្គការសហប្រជាជាតិ ដែលបង្កើតឡើងដើម្បីត្រួតពិនិត្យការគោរពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិក​នៅរៀងរាល់ ៥ឆ្នាំម្ដង ខណៈ​​ដែលកម្ពុជាបានឆ្លងកាត់យន្ដការនេះ ២ដងរួចមកហើយ គឺនៅឆ្នាំ២០០៩ និងឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ