កម្មកររោងចក្រមួយនៅខេត្តកណ្តាលផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់តំណាងពួកគេ

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តុះការតវ៉ាទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តុះការតវ៉ាទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។

ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ លោក ហួន សុវិត ប្រាប់វីអូឌីថា កម្មករប្រមាណជិត ១០០នាក់បម្រើការងារនៅរោងចក្រ​ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំស្លែង បានផ្ទុះការតវ៉ា​នៅថ្ងៃនេះ បន្ទាប់ពីថៅកែរោងចក្រ​បញ្ឈប់រូបលោកពីការងារដោយសារដឹកនាំកម្មករបង្កើតសហជីពក្នុងរោងចក្រ។

ប្រធានសហជីព​រូបនេះ បន្តថា ថៅកែរោងចក្រនោះ មិនគោរព​តាម​ច្បាប់សហជីព និងច្បាប់ការងារនោះទេ ដោយលោកថា មានការរើសអើងសហជីព និងមានការគំរាមកំហែងកម្មករដែលចូលជាសមាជិកសហជីពថែមទៀត។

លោកបន្ថែមថា៖ «អ្នកតវ៉ាមានប្រហែល ១០០នាក់ ព្រោះអ្នកខ្លះគាត់ខ្លាចចិន និងប្រធានគំរាមបញ្ឈប់គាត់។ ពួកគាត់តវ៉ាទាម​ទារ​ឲ្យថៅកែទទួលយកខ្ញុំចូលធ្វើការងារវិញ និងទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារមួយចំនួនទៀត ទាមទារឲ្យ​មានសេរីភាពសហជីព កុំឲ្យគៀបសង្កត់កម្មករ កុំបង្ខំកម្មករ និងកុំឲ្យមានការកាត់លុយកម្មករ»

វិអូឌី មិនអាចសុំការឆ្លើយតបពីភាគីរោងចក្របានទេជុំវិញការតវ៉ារបស់ក្រុមកម្មករនេះ ខណៈប្រធានការងារខេត្ត​កណ្តាល លោក ធុល នាង ប្រាប់​ថា រវល់ប្រជុំមិនអាចឆ្លើយបាន។

បើតាមកម្មក រោងចក្រ ប្រេស្ទិច ហ្គាមិន ជារោងចក្រផលិត​ផល​កាត់ដេរ​សម្លៀកបំពាក់ មានកម្មករប្រមាណ ៥០០នាក់កំពុងបម្រើការងារ និងមានថៅកែជាជនជាតិចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ