ក្រសួងមហាផ្ទៃ ផ្ទេរតំណែងប្រធានពន្ធនាគារ​ PJ ដើម្បីអភិវឌ្ឍឲ្យទាន់សម័យទំនើប​

លោក ពេជ្រ យ៉ុន ​មេ​ពន្ធនាគារនៅរាជធានីភ្នំពេញ ហៅ​កាត់​ថា PJ

ក្រសួងមហាផ្ទៃបាន​សម្រេច​ផ្ទេរ​មេ​ពន្ធនាគារនៅរាជធានីភ្នំពេញ ហៅ​កាត់​ថា PJ ដោយ​ថា សមត្ថភាព​ដឹកនាំ​របស់​មន្ត្រី​ពន្ធនាគាររូបនោះ នៅមានកម្រិត ដែល​មិនអាចធ្វើឲ្យមណ្ឌល​ឃុំ​ឃាំង​មួយ​នេះ​រីក​ចម្រើន​ទាន់​សម័យ​កាល​ទំនើប។

អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក ហេង​ ហាក់​ ប្រាប់ VOD នៅថ្ងៃនេះថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​សម្រេចផ្ទេរ​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ​លោក ឈីម ធីតា ឲ្យ​មក​កាន់​តំណែង​ជា​ប្រធាន​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ ជំនួស​ប្រធាន​ចាស់​លោក ពេជ្រ យ៉ុន ដែល​ទើប​តែ​ត្រូវ​បាន​ក្រសួង​ប្ដូរ​តួនាទី​ឲ្យ​ទៅ​កាន់​តំណែង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​មុខ​របរ នៅ​ក្រោម​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​វិញ។

មន្ត្រីក្រសួងមហាផ្ទៃរូបនេះ អះអាង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង ឲ្យ​ផ្លាស់​ប្ដូរ​លោក ពេជ្រ យ៉ុន ដោយ​ថា មន្ត្រី​រូប​នេះ ខ្វះ​សមត្ថភាព​គ្រប់​គ្រង។

លោក ហេង ហាក់ មានប្រសាសន៍ថា៖ «គ្រាន់ថា សមត្ថិភាពគាត់នៅមានកម្រិត។ នៅពេលខាងមុខ​នេះពន្ធនាគារ PJ ​ត្រូវ​ការអភិវឌ្ឍ​ពង្រីក។ យើងត្រូវ​យកមន្ត្រីដែលមានសមត្ថភាព ដើម្បីយកមកធ្វើការគ្រប់គ្រង​»

ទោះជាយ៉ាងណា ការ​ផ្លាស់​ប្ដូរ​មេ​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ​រូប​នេះ បាន​កើត​ឡើង​ជិត ២​ខែ​ក្រោយ​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​ ដែល​បាន​លើក​ឡើង​អំពី​កំណើន​នៃ​ចំនួន​អ្នក​ជាប់​ឃុំ​ដល់​កម្រិត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ស្ថានភាព​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បាន​លើក​ឡើង​ថា ដើម្បីបញ្ចៀសកុំឲ្យមានការរិះគន់ទៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ពន្ធនាគារ​ ត្រូវផ្តល់សិទ្ធិឲ្យអ្នកជាប់ឃុំស្មើគ្នា និងយកចិត្តទុកដាក់លើសុខភាពអ្នកជាប់ឃុំ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖ «ការគ្រប់គ្រងល្អ អ្នកទោសទាំងអស់ទទួលបានសិទ្ធិស្មើគ្នា ទាក់ទងបញ្ហាសុខភាព បញ្ហាលំហាត់ប្រាណ វាទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ហើយក៏ទទួលបាន​ មិនមានភាពរិះគន់​ ឬការចោទប្រកាន់​នៅភាពមិនប្រក្រតី ឬអំពើពុករលួយជាដើម»

របាយការណ៍​មានចំណងជើងថា «ពេលដែលដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ដែលចេញដោយ​អង្គការ​លីកាដូ​ កាលពីចុងខែតុលា​កន្លង​មកនេះ បាន​ឲ្យ​ដឹង​ថា ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ ឬ​ពន្ធនាគារ PJ ផ្ទុក​ជន​ជាប់​ឃុំ​សរុប​ចំនួន ២៩៤​នាក់ ក្នុង​នោះ​អ្នក​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​រង់ចាំ​ការ​កាត់​ក្ដី​មាន​ចំនួន​ដល់​ទៅ ២៣ភាគរយ​នៃ​ចំនួន​អ្នក​ជាប់​ឃុំ​សរុប។

របាយការណ៍​របស់​មជ្ឈ​មណ្ឌល​អន្តរជាតិ​សម្រាប់​​សិក្សា​ពន្ធនាគារ​ពិភព​លោក បាន​ឲ្យ​ដឹង​ថា អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ មាន​ចំនួន​សរុប​ដល់​ទៅ ៣១០០៨​នាក់​នៅ​ទូទាំង​ប្រទេស ​គិត​ត្រឹម​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ ដោយ​ក្នុង​នោះ ជន​ជាប់​ឃុំ​ជា​ស្ត្រី​មាន​អត្រា ៨.៦​ភាគរយ ជន​ជាប់​ឃុំ​ជា​អនីតិ​ជន​មាន​ចំនួន ៤.៩​ភាគរយ ហើយ​អ្នក​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​មាន​ចំនួន​ដល់​ទៅ ៧១.៩​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ