គ្រួសារ​យោធិន​ពិការ​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ​ក្រោយ​តុលាការ​គ្រប់​ថ្នាក់​កាត់​ឲ្យ​ចាញ់​ក្ដី

ព្រឹកថ្ងៃទី២៤ ខែធ្នូ យោធិនពិការ លោក ចៅ សុវាសនា ​និងក្រុមគ្រួសារផ្ដល់បទសម្ភាសន៍រឿងវិវាទដីធ្លីកាលពីឆ្នាំ២០០៨។ រូបភាព៖ ខាន់ លក្ខិណា

ក្រុម​គ្រួសារ​យោធិនពិការ​មក​ពី​​ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌​នៅថ្ងៃនេះ ដើម្បីឲ្យស្ថាប័ននេះ ជួយដោះស្រាយបញ្ហាដីធ្លី បន្ទាប់ពីតុលាការកំពូលបានសម្រេចឲ្យចាញ់ក្ដី ពាក់ព័ន្ធនឹងវិវាទដីធ្លីកាលពីឆ្នាំ២០០៨។

យោធិនពិការ លោក ចៅ សុវាសនា អះអាងថា លោករស់នៅលើដីនោះដែលមានទទឹង ២៥ បណ្ដោយ ៣០​ម៉ត្រែ​ តាំងពីឆ្នាំ១៩៨៧ ដោយមានបង្កាន់ដៃកាន់កាប់ដីធ្លីចេញដោយ​អាជ្ញាធរមូលដ្ឋាន ប៉ុន្តែ លោកថា ដី​របស់​គាត់​ត្រូវ​បាន​ជំទប់​ទី​១​ ឃុំគគីរ លោក ជួន សារិន ឃុប​ឃិត​គ្នា​យក។

លោកបន្តថា នៅពេលដែលលោកនិងគ្រួសារមិនព្រមចេញពីដីដែលកំពុងរស់នៅនោះ លោកថា  ឈ្មោះ ជួន សារិន បានយកឈ្មោះអ្នកផ្សេងប្ដឹងលោកនិងគ្រួសារទៅតុលាការ ហើយតុលាការក៏បានសម្រេចឲ្យលោកចាញ់ក្ដី និងបានចេញដីការុះរើផ្ទះ រួមទាំងរឹបអូសយកទ្រព្យសម្បត្តិផងដែរ។ 

លោកថា៖ «សូមឲ្យឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួយផ្ដល់យុត្តិធម៌ឲ្យខ្ញុំបានដីរបស់ខ្ញុំមកវិញ ព្រោះដីនេះ មិនមែនជាដីខ្ញុំទិញ ហើយក៏មិនជាដីខ្ញុំរស់នៅបច្ចុប្បន្នដែរ គឺឪពុកម្ដាយខ្ញុំរស់នៅលើដីហ្នឹង​តាំងពីគាត់នៅតូច​រហូតដល់គាត់មានកូន ៥ ទៅ ៦ នាក់ កើតនៅលើដីហ្នឹង រហូតដល់គាត់មានចៅ។ ប៉ុន្តែ បែរជាបុគ្គល ជួន សារិន មានគំនិតទុច្ចរិតយកដីខ្ញុំ ក្បាល ១២ x ៣០ នៅលើទំហំដីក្បាល ២៥»

ជំទប់ទី១ នៃក្រុមប្រឹក្សាឃុំគគីរ លោក ជួន សារិន បានបដិសេធ ដោយថា លោកមិនបានជាប់ពាក់ព័ន្ធរឿងនេះទេ។

លោកថា៖ «ដីហ្នឹង លេងសើចអី គេឡើងដល់តុលាការ កាត់ដល់ឧទ្ធរណ៍ ឡើងដល់ឧទ្ធរណ៍ឡើងអី​ហើយ ខ្ញុំឯណានៅពីក្រោយហ្នឹង។ ខ្ញុំមិនដែលទៅធ្វើអី បើខ្ញុំមិនដែលពាក់ព័ន្ធផង គ្រាន់តែថា ​គ្រាន់តែយើងសួរអ្នកណាបានមកផ្ដិតមេដៃអីយប់​ហ្នឹង»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ឲ្យ​ដឹង​ថា ក្រសួងនឹងពិនិត្យមើលសំណុំរឿងនេះ ប៉ុន្តែ ត្រូវ​ការ​មូលដ្ឋាន​ផ្លូវ​ច្បាប់​ច្បាស់លាស់​ជាមុន​សិន។

លោកថា៖ «ជាគោលការណ៍ច្បាប់បណ្ដឹងសើរើ កាលណាតុលាការកំពូលសម្រេចហើយ គឺបិទផ្លូវតវ៉ាហើយ។ អញ្ចឹង បណ្ដឹងសើរើ គឺមានតែអង្គព្រះមហាក្សត្រទេ ដែលអាចស្នើសុំ ឬមានចំណាត់ការនីតិវិធីឲ្យមាននីតិវិធីសើរើសំណុំរឿងណាមួយ ក៏ប៉ុន្តែ មុននឹងមានបើកឲ្យត្រួតពិនិត្យសើរើសំណុំរឿងហ្នឹង លុះត្រាតែមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ណាស់ មិនមែនឲ្យតែយើងប្ដឹង គេសើរើនោះទេ»

លោក ចៅ សុវាសនា អះអាងថា ទំហំដីទាំងមានទទឹង២៥ បណ្ដោយ៣០ ប៉ុន្តែ នៅឆ្នាំ២០០៨ តុលាការទាំង៣ថ្នាក់ ឲ្យសម្រេចឲ្យក្រុមគ្រួសាររបស់​លោក​ចាញ់ក្ដី ដោយបានកាត់ដីទទឹង១២​ម៉ែត្រ បណ្ដោល៣០​ម៉ែត្រ​ ​ទៅឲ្យភាគីម្ខាងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ