អ្នកភូមិនៅឧត្តមានជ័យប្រមូលផ្តុំតវ៉ា អំឡុង​អាជ្ញាធរខេត្តចុះដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ពួកគេ

ពលរដ្ឋមួយគ្រួសារមក​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ដែលត្រូវបានអាជ្ញាធររុះរើផ្ទះ កាលពិថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ

អ្នកភូមិ​ប្រហែល ១០០​នាក់ មក​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ានៅលើ​ទីតាំង​ដីមានជម្លោះ​នៅថ្ងៃនេះ ខណៈអាជ្ញាធរខេត្តចុះទៅសម្របសម្រួលរកដំណោះស្រាយបញ្ចប់វិវាទនេះ។

កាលពីថ្ងៃទី១៩ ខែធ្នូ អាជ្ញាធរស្រុកអន្លង់វែង បានគ្រោងទៅរុះរើផ្ទះពលរដ្ឋច្រើនខ្នង ស្ថិតក្នុងឃុំអន្លង់វែង ដោយចោទពលរដ្ឋទាំងនោះថា បានទៅរស់នៅលើដីរដ្ឋខុសច្បាប់ ប៉ុន្តែ អាជ្ញាធររុះរើបានតែផ្ទះពលរដ្ឋមួយគ្រួសារ ហើយ​ក៏ផ្អាកទៅ​វិញ បន្ទាប់ពីអ្នកភូមិផ្សេងទៀតតវ៉ារារាំង។

ពលរដ្ឋម្នាក់ លោក ជីម វណ្ណា ប្រាប់ វី.អូ.ឌី តាម​ទូរស័ព្ទ​ថា នៅថ្ងៃនេះ អាជ្ញាធរខេត្តមានអភិបាលរងខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាន បាន​ចុះទៅសម្របសម្រួលទំនាស់​ដី​ធ្លី​មួយ​នេះ ខណៈអ្នកភូមិតវ៉ាទាមទារដំណោះស្រាយនៅនឹងកន្លែង។

លោកបន្ថែមថា៖ «កាលពីថ្ងៃទី១៩ហ្នឹង គេចុះមករុះរើផ្ទះខ្ញុំគ្មានដីកាទេ។ ដល់អញ្ចឹង ខ្ញុំអត់ឲ្យរុះរើ។ ខ្ញុំទាញទូរស័ព្ទថត គេដេញចាប់យកទូរស័ព្ទខ្ញុំ ពេលនោះប្រទូស្តរាយ​គ្នា វាយខ្នោះខ្ញុំ និងប្រពន្ធខ្ញុំ ហើយគេចាប់ផ្តើមរុះរើផ្ទះខ្ញុំអស់ដូចប្លន់អញ្ចឹង។ ខ្ញុំចង់ឲ្យអាជ្ញាធរដោះស្រាយដូចសម្តេចមានប្រសាសន៍គ្វៀលជាស្បែកខ្លា។ ដីពួកខ្ញុំត្រង់ណា ខ្ញុំសុំត្រង់ណោះវិញ។ ពួកខ្ញុំមានដី ២ ទៅ៣ហិកតា មិនច្រើនទេ»

ពលរដ្ឋម្នាក់ទៀត លោក ឡាំ វង្ស ដែលអះអាងថា ​បានទៅរស់នៅលើដីមានជម្លោះតាំងពីឆ្នាំ២០០២ និងកាន់កាប់​ដីទំហំ២ហិកតាកន្លះ​សម្រាប់បង្កបង្កើនផលនោះ ប្រាប់​ថា ប្រសិនបើពុំទទួលបានដំណោះស្រាយពីអាជ្ញាធរ​ខេត្តទេ ពួកគាត់នឹងឡើងទៅតវ៉ាដល់ស្ថាប័នរដ្ឋកំពូលផ្សេង​ទៀតនៅភ្នំពេញ។

លោកបន្ថែមថា៖ «ពួកខ្ញុំនឹងនាំគ្នាតវ៉ាតទៅទៀតហើយ ព្រោះអីរឿងនេះវាយូរឆ្នាំហើយ អត់ព្រមដោះស្រាយឲ្យពួកខ្ញុំផង។ បើអាជ្ញាធរអត់ព្រមឲ្យដី អត់ឲ្យខ្ញុំរស់នៅទេ ​យើងពិតជាលំបាកហើយ យើងគ្មានដីអីអាស្រ័យផលទៀតទេ។ យើងពួកយើងប្រាកដជាក្រលំបាក ហើយរហាមជាងនេះទៅទៀត»

អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឃិន ញ៉ាន ដែលចុះដោះស្រាយផ្ទាល់នៅថ្ងៃនេះ សុំមិនធ្វើអធិប្បាយលើរឿង​នេះច្រើនទេ ដោយលោកថា កំពុងជាប់រវល់ស្រង់ស្ថិតិចំនួនក្បាលដី និងចំនួនពលរដ្ឋកំពុងមានជម្លោះដើម្បីដោះស្រាយបន្ត។

លោកបន្ថែមថា៖ «ខ្ញុំកំពុងជាប់រវល់ប្រជុំជាមួយពលរដ្ឋរឿងដោះស្រាយដីធ្លីហ្នឹង ខ្ញុំកំពុងចុះស្រាវជ្រាវរឿងហ្នឹង»

មន្រ្តីសមាគមអាដហុកប្រចាំខេត្តឧត្តមានជ័យ លោក ស្រី ណារ៉េន បាន​ហៅ​សកម្មភាពអាជ្ញាធរស្រុក​អន្លង់វែងដាក់កម្លាំង​ចុះរុះរើផ្ទះអ្នកភូមិទាំងបង្ខំកាលពីថ្ងៃទី១៩នោះ​ថា ជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ពលរដ្ឋ។

លោក ស្រី ណារ៉េន បន្ថែមថា៖ «សកម្មភាពអាជ្ញាធរស្រុកហ្នឹង គាត់បានប្រើកម្លាំងទៅបង្ខំប្រជាពលរដ្ឋឲ្យរុះរើផ្ទះសម្បែង ហើយឲ្យគាត់ចាកចេញពីកន្លែងហ្នឹងទៀត។ យើងមើលទៅ​វាដូចជារំលោភទៅលើយន្តការរបស់រដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ»

អ្នកភូមិអះអាងថា ពលរដ្ឋជាង ១០០គ្រួសារកំពុងមានជម្លោះលើដីធ្លីទំហំដីជាង ៤០០ហិកតា ដែលអាជ្ញាធរចោទថា ពលរដ្ឋទាំងនោះរស់នៅលើរដ្ឋខុសច្បាប់ ប៉ុន្តែ ក្រុមអ្នកភូមិអះអាងថា ពួកគេបានទៅរស់នៅលើដីកំពុងមានជម្លោះនោះជិត ២០ឆ្នាំហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ