ក្រសួងដែន​ដី ​ប្រកាសពន្លឿន​ដោះស្រាយ​វិវាទដីធ្លី​ដែល​នៅសេសសល់​តាមគ្រប់​យន្តការ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងដែនដី នគរូបនីយកម្ម​ និង​សំណង់​ ​អះអាងថា​នឹងពន្លឿនការដោះស្រាយ​វិវាទដី​ធ្លីដែល​នៅសេសសល់​​ឲ្យ​បាន​រួចរាល់​ តាម​គ្រប់យន្តការរបស់​ក្រសួងនេះ​​ ដើម្បី​ឲ្យមាន​ភាពសុខដុម​រមនា​ក្នុងសង្គម។​

ការប្រកាសរបស់​ក្រសួង​ដែនដី ធ្វើឡើងក្នុង​សន្និបាត​បូកសរុប​លទ្ធផលការងារ​ឆ្នាំ២០១៨ និងលើកទិសដៅការងារ​ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ​។

ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ម្សិលមិញនេះ បានដាក់​ចេញទិសដៅកា​រងា​រ ២២​ចំនុច សម្រាប់ឆ្នាំ២០១៩ ដែលក្នុង​នោះក៏មាននិយាយពីការប្តេជ្ញា​របស់​ក្រសួងនេះក្នុង​ពន្លឿនការ​ដោះស្រាយ​វិវាទដីធ្លីដែល​នៅសេសសល់ផងដែរ​។

ក្រសួងដែន​ដី​បាន​លើកឡើងក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​​ថា៖ «ពន្លឿនការដោះស្រាយ​វិវាទដីីធ្លី​ដែល​នៅសេសសល់​ តាមគ្រប់​យន្តការរួមមាន​អាជ្ញាធរដោះស្រាយ​ទំនាស់​ដីធ្លី គណៈកម្មការសុរិយោដី ក្រុម​ដោះស្រាយ​វិវាទចល័ត និង​យន្តការ​ដែល​បង្កើត​​បន្ថែម​របស់​ក្រសួងដែន​ដី នគរូបនីយកម្ម​ និងសំណង់​ ដើម្បីសុខដុមរមនា​ក្នុងសង្គម។»

ប្រភពដដែល ឲ្យ​ដឹង​ផងដែរថា ក្រសួងដែន​ដីនឹងអនុវត្តផែនការចុះបញ្ជីដី​ឲ្យបាន៨៣%នៅឆ្នាំ២០១៩, ៩៤%នៅឆ្នំា២០២០ និងឈានទៅសម្រេច១០០%​នៅឆ្នាំ២០២១ នៃចំ​នួន​​​ក្បា​​​លដីប៉ា​ន់ស្មានសរុប៧លានក្បាលដី។ ក្រសួង ក៏ជំរុញផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគ្រួសារសម្បទានដី​សង្គមកិច្ចដែលបានរស់នៅ​អចិន្ត្រៃ​យ៍ និងអនុវត្ត​ត្រឹមត្រូវ​តាមល​​ក្ខខ​ណ្ឌនៃកម្មវិធីសម្បទានដីសង្គមកិច្ចជាដើម។

សង្គមស៊ីវិលហៅការប្តេជ្ញាចិត្តរបស់ក្រសួងដែន​ដី​ នេះថាជាព័ត៌មានវិជ្ជមានមួយ ប៉ុន្តែថា ពលរដ្ឋក្រីក្រ​ដែលកំពុ​ងរង​ផល​ប៉ះ​ពា​ល់​នឹងនៅតែរងគ្រោះដដែល បើអ្នកទៅកាន់តំណែងថ្មីក្នុងស្ថាប័នចាស់នេះ នៅតែមិនប្រើវិធានការ​ច្បាប់កាត់ទោ​សឈ្នួ​ញ​​ខិ​ល​​​ខូច​ ដែ​លមាន​ខ្នងបង្អែ​ក​ក្រាស់បាននោះ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន ហៅការប្តេជ្ញាចិត្តរបស់ក្រសួងដែន​ដី​នេះ​ថា​ ជាដំណឹ​ង​វិជ្ជ​​​មានស​ម្រា​ប់​កសិក​រ ប៉ុន្តែលោកថា បើ​អ្នកទៅកាន់តំណែងថ្មីក្នុងស្ថាប័នចាស់ មិនបានពង្រឹង​ប្រព័ន្ធ​អនុវត្ត​ច្បាប់ឲ្យមានប្រសិទ្ធិភាពទេ លោ​កថា ​កសិក​រនៅ​​តែ​​​ប្រឈមនឹងបាត់បង់ដីស្រែចំការ របស់​ខ្លួន​ដដែល​។

លោកថា៖ «ប្រសិន​បើស្ថិតក្រោមការគ្រប់គ្រងក្រសួងដែនដីនេះ បានរឹតបន្តឹងការអនុវត្តច្បាប់ មានច្បាប់ភូមិបាល និងច្បាប់នានា ទៅ​​​លើ​ក្រុមហ៊ុន ដើម្បីផ្តល់យុត្តិធម៌ប្រជាពលរដ្ឋ ខ្ញុំគិតថាវាអាចថយចុះ។ ព្រោះថា កន្លងមកយើងមើលឃើញថា អាជ្ញាធរជាតិដោះ​ស្រា​​​យវិវា​ទដីធ្លីអាណត្តិមុនហ្នឹង ឃើញថា បានតែធ្វើលិខិត​អន្តរាគមន៍​ ប៉ុន្តែមិនបានចុះអង្កេត និងចុះ​ស្រាវជ្រា​វផ្ទា​ល់​ទៅ​លើ​បញ្ហា​ដីធ្លី​ទេ»​។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី ផ្តល់ជាអនុសាសន៍ថា ប្រសិទ្ធិភាពនៃការទប់ស្កាត់ជម្លោះដីធ្លី លុះ​ណា​តែ​ក្រុមកា​រងារនេះស្វែងយល់ពីឫសគល់នៃបញ្ហាដែលបានកើត ឡើង  ហើយហ៊ានវះកាត់បញ្ហាដែលរកឃើញ ដោយថា បញ្ហដីធ្លីបាន​កើតឡើងជាប្រព័ន្ធ។

លោកថា៖ «ការប្រើអំណាចរបស់អ្នកធំ ឬឧកញ៉ា មួយចំនួនហ្នឹង ហាក់ដូចជាមិនអាចរបេះពីដៃរបស់រដ្ឋាភិបាល និងប្រមុ​ខដឹក​នាំធំ​​ៗខាងលើបានដែរ។ ដល់អញ្ចឹងទៅ នៅពេលអាជ្ញាធរដីធ្លីចុះទៅដោះ មើលមកលើមក ឃើញពួកហ្នឹ​ងនៅជុំវិញ ព្រះ​ឥ​ន្ទ្រ​អីអ​​​ញ្ចឹ​ងទៅ ពួកហ្នឹងអត់ហ៊ានលូន ហើយចេះទុកករណីហ្នឹងឲ្យនៅដដែល ហើយពលរដ្ឋចេះតែតវ៉ាបន្តបន្ទាប់ទៅ»។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បានចេញកំណត់ត្រាសង្ខេបស្តីពី​ធុរកិច្ចនិងសិទ្ធិម​នុស្ស ​ ដោយផ្តល់​អនុសាស​ន៍៧​ចំនុ​​ចដើ​ម្បី​កាត់ប​ន្ថយ​ជ​ម្លោះ​ដីធ្លី។ អនុសាសន៍ទាំងនោះរួមមានភាគី​ពាក់​ព័ន្ធ​​ត្រូវ​សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមមុនពេល​ប្រតិបត្តិ​ការ ​ត្រូវពិ​គ្រោះ​​​យោ​​បល់ជាមួយស​ហ​​គមន៍​ប្រ​ក​ប​ដោយតម្លាភាពមុនអភិវឌ្ឍ ត្រូវ​ហាមឃាត់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធទៅការពារក្រុមហ៊ុន និ​ង​បង្ខំ​ឲ្យការ​តាំង​លំនៅ​​ថ្មី ហើយ​​អាជ្ញាធរត្រូវអនុញ្ញាតិឲ្យអ្នក​រង​ផល​​​ប៉ះ​ពាល់អា​ចតស៊ូមតិទាមទារសិទ្ធិរបស់​ខ្លួនដោយគ្មាន​ការរារាំង​។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយឆ្នាំ២០១៨នេះ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០​ករណីទៀតដែលក្រសួងមិនទាន់បានដោះស្រាយចប់។

របាយការណ៍នោះបញ្ជាក់ថាគិតត្រឹមខែសីហា ឆ្នាំ២០១៨ ក្រសួងទទួលបានបណ្តឹងពីប្រជាពលរដ្ឋរឿង វិវាទដីធ្លីចំនួន ៩ ១៣១​ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន ៣ ៩៦០ករណី ច្រានចោលចំនួន ២ ៨៥៤​ករណី ហើយដកពាក្យបណ្តឹងវិញចំនួន ៨៥៨ករណី និងកំពុងដំណើរដោះស្រាយមានចំនួន ១៤៥៩ករណី៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ