អ្នកនាំពាក្យ៖ ចិនហៅការសង្ស័យពីមូលដ្ឋានយោធារបស់ខ្លួនក្នុងទឹកដីកម្ពុជា ថាជាការ «លាបពណ៌»

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា លោក វ៉ាង វិនធៀន នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ពេជ្រ ចំរុង

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាបានបដិសេធការចុះផ្សាយរបស់សារព័ត៌មានបរទេសដែលថា ចិនកំពុងបង្កើតមូលដ្ឋានយោធារបស់ខ្លួនក្នុងដែនសមុទ្រប្រទេសកម្ពុជា។​

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សុផាន់ មានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា លោក វ៉ាង វិនធៀន បានថ្លែងបែបនេះនៅក្នុងជំនួបមួយជាមួយរដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន នៅថ្ងៃអង្គារនេះ នៅរាជធានីភ្នំពេញ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងជំហររបស់ចិននៅក្រោយជំនួបនោះ លោក កេត សុផាន់ អះអាងទៀតថា ភាគីចិនចាត់ទុកការចុះផ្សាយព័ត៌មានបែបនេះ ថាខុសពីការពិត និងជាការលាបពណ៌ ដោយលោកថា សមយុទ្ធយោធាចិន និងកម្ពុជានៅក្នុងខេត្ដកោះកុង គឺជាកិច្ចសហប្រតិបត្តិការណ៍យោធារវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។   

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សុផាន់ មានប្រសាសន៍ថា៖ «ដូចខ្ញុំជំរាបជូនមិញអញ្ចឹង គឺប្រទេសមួយចំនួនតែងតែយករឿងតូចតាចក្នុងរឿងទំនាក់ទំនងកម្ពុជា-ចិន យករឿងខ្លះមកបំប៉ោងជារឿងធំ ដែលលោកទូតចាត់ទុករឿងហ្នឹងថា គឺរឿងដែលតែងមានការប្រឈមមួយចំនួនហើយ។ ប៉ុន្ដែរឿងទាំងអស់ហ្នឹងមិនមែនជារឿងធំទេ ប៉ុន្ដែ គេយករឿងទៅបំប៉ោង ទៅលាបពណ៌»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា រដ្ឋាភិបាលគួរបើកការស៊ើបអង្កេតមួយដែលមានលក្ខណៈស៊ីជម្រៅ និងតម្លាភាព ដើម្បីជម្រះមន្ទិលសង្ស័យរបស់ពលរដ្ឋ និងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

កញ្ញាបន្ដថា៖ «តើរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យមន្ទិលសង្ស័យនេះ វាមានការលុបបំបាត់ ដើម្បីបង្ហាញការពិត បច្ចុប្បន្នគឺយើងត្រូវការការសិក្សាស្រាវជ្រាវមួយដែលមានប្រព័ន្ធមួយដែលអាចទទួលយកបាន ថាតើការសិក្សាស្រាវជ្រាវគេធ្វើរបៀបម៉េច? បើសិនជារដ្ឋាភិបាលយល់ថា បញ្ហានៃការចោទប្រកាន់ហ្នឹងសំខាន់ ហើយវាអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា ពិសេសបាត់បង់ការគាំទ្ររបស់ខ្លួន រដ្ឋាភិបាលគួរតែបង្កើតការស៊ើបអង្កេតមួយដែលគួរឲ្យជឿទុកចិត្ត»។

សារព័ត៌មានបរទេស Asian Times បានចុះផ្សាយកាលពីខែវិច្ឆិកាកន្លងទៅថា ចិនកំពុងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធាដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ដ្រនយោបាយ ពាណិជ្ជកម្ម និងយោធាក្នុងតំបន់ ដែលថា អាចឈានទៅបង្កើតជាសង្គ្រាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក។

ការលើកឡើងអំពីមូលដ្ឋានយោធាបរទេសក្នុងទឹកដីកម្ពុជានេះ ក៏ត្រូវបានលើកឡើងពីសំណាក់មន្ដ្រីជាន់ខ្ពស់អាមេរិក ដូចជា លិខិតរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence អនុរដ្ឋមន្ត្រីការបរទេស លោក John Sullivan និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលទើបចប់អាណត្តិ លោក William Heidt។

ប៉ុន្ដែ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលព័ត៌មាននេះផងដែរ ដោយថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានកងទ័ព ឬមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។ លោកថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជាបាន​ហាម​ឃាត់​កងទ័ពកម្ពុជា មិនឲ្យចូលរួមក្នុងប្រតិបត្តិការជាមួយយោធាបរទេសនោះឡើយ វាលែងតែការចូលរួមនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ