កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅខេត្តកណ្តាល បន្តតវ៉ាឲ្យថៅកែយកតំណាងពួកគេចូលធ្វើការងារវិញ

ក្រុម​កម្មករដែល​អះអាងថាមាន​គ្នា​ប្រមាណជិត២០០នាក់បម្រើការងារនៅរោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាតវ៉ាទៀតដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ

ក្រុម​កម្មករដែល​អះអាងថាមាន​គ្នា​ប្រមាណជិត២០០នាក់បម្រើការងារនៅរោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃនេះ បាននាំគ្នាតវ៉ាទៀតដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ។

ក្រុម​កម្មករដែល​អះអាងថាមាន​គ្នា​ប្រមាណជិត២០០នាក់បម្រើការងារនៅរោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតក្នុងឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាតវ៉ាទៀតដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ

កាលពីម្សិលមិញកម្មកររោងចក្រនេះប្រមាណជិត១០០នាក់បានផ្ទុះការតវ៉ា បន្ទាប់ពីថៅកែបញ្ឈប់តំណាងពួកគេ ពីការងារដោយសារដឹកនាំកម្មករបង្កើតសហជីពក្នុងរោងចក្រ។

កម្មករផ្នែកដេរអ្នកស្រី ព្រំ ចន្រ្ទា ប្រាប់ វីអូឌី តាមទូរស័ព្ទថា ដោយសារពុំមានដំណោះស្រាយ នៅថ្ងៃនេះ ក្រុមកម្មករ បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀត ដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការងារវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។

អ្នកស្រីបន្ថែមថា៖«គេថា បើចង់មានសហជីពគឺគេឲ្យយករដ្ឋបាលក្នុងរោងចក្រហ្នឹងតែម្តង គឺគេមិនឲ្យយើងបង្កើតសហជីពនៅខាងក្រៅទេ។ គេថាបើយើងចង់សហជីព គេបង្កើតឲ្យយើង។ អញ្ចឹងដល់ពេលគេលឺថា ពួកខ្ញុំបង្កើតសហជីព គេបញ្ឈប់តំណាងខ្ញុំតែម្តង។ ហើយពេលពួកខ្ញុំតវ៉ាហ្នឹងគេប្រាប់ថា គេនឹងដកពួកខ្ញុំចេញ។ គេថាមានកម្មករប៉ុន្មាន គេធ្វើការប៉ុណ្ណឹង»

ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ លោក ហួន សុវិត ប្រាប់ វីអូឌី ថា ថៅកែរោងចក្រនោះពុំបានគោរពច្បាប់ស្តីពីការងារ និងច្បាប់សហជីពឡើយ ដោយលោកថា រោងចក្រនោះមានការរើសអើងសហជីព មានការគំរាមកំហែង និងរិតត្បិតមកលើកម្មករថែមទៀត។

លោកបន្ថែមថា៖ «ដូច្នេះហើយពួកគាត់ [កម្មករ] មិនពេញនឹងទង្វើររបស់ក្រុមហ៊ុនដែលធ្វើមកលើពួកគាត់។ អញ្ចឹង ក៏ពួកគាត់តវ៉ា។ ហើយខ្ញុំមើលទៅឃើញអាក្រក់ពេកក៏ខ្ញុំចាប់ដៃគ្នាបង្កើតសហជីពខ្លួនឯង ដល់ខាងរោងចក្រដឹង! ក៏បញ្ឈប់ខ្ញុំចេញជាប្រធានគេហ្នឹង។ បើតាមសំណើរបស់កម្មករ គាត់ថា ប្រសិនបើថ្ងៃនេះអត់មានដំណោះស្រាយទេ គាត់នឹងឡើងទៅដល់មន្ទីការងារឲ្យជួយដោះស្រាយ»

ប្រធានរដ្ឋបាលរោងចក្រ ប្រេស្ទិច ហ្គាមិន លោក សៅ សុគន្ធា បានច្រានចោលការលើកឡើងរបស់កម្មករ និងសហជីពនេះ ដោយលោកថា ការបញ្ឈប់បុគ្គលិកឈ្មោះ ហួន សុវិត នោះដោយសារតែដល់ពេល​កំណត់កិច្ចសន្យា។

លោកបន្ថែមថា៖ «ក្នុងករណីនេះ ខ្ញុំខាងផ្នែករដ្ឋបាលគ្រាន់តែទទួលបានព័ត៌មានពីអ្នកគ្រប់គ្រងគាត់ និងប្រធានផ្នែកផ្សេងៗសម្រេចបញ្ចប់កុងត្រាគាត់ ដោយផ្អែកថា ការងាររបស់គាត់គឺគាត់តែងតែដើរលេងនៅខាងក្នុងហ្នឹង ដោយគាត់អត់ខ្វល់ពីអ្វីទាំងអស់ ឬមួយគាត់អាចអាងថា មានតួនាទីអ្វីមួយនៅក្នុងហ្នឹងបានជាគាត់អត់ប្រឹងប្រែងធ្វើ។ ការងារគាត់គិតតែដើរទៅខាងនេះទៅខាងនោះ កូរខាងនេះកូរខាងនោះ ដើម្បីធ្វើបាតុភាពក្នុងកន្លែងផលិតកម្មគេហ្នឹងមានបញ្ហា»

ប្រធានការិយាល័យដោះស្រាយវិវាទ និងអធិការកិច្ចនៃមន្ទីរការងារខេត្តកណ្តាល លោក លឹម សារ៉ុម មានប្រសាសន៍ថា ខាងមន្ទីរការងារខេត្តបានទទួលដំណឹងករណីកម្មករតវ៉ានេះហើយ ប៉ុន្តែមិនទានបានចុះដោះស្រាយនោះទេ ដោយថា កំពុងជាប់រវល់ដោះស្រាយវិវាទនៅកន្លែងផ្សេងទៀត។

លោកបន្ថែមថា៖ «ខ្ញុំទើបទទួលដំណឹងមិញៗ ឥលូវខ្ញុំកំពុងជាប់ដោះស្រាយវិវាទការងារនៅដែរ មិនទាន់បានដោះស្រាយករណីហ្នឹងទេ»

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ករណីថៅកែរោចក្រ ប្រេស្ទិច ហ្គាមិន បញ្ឈប់តំណាងកម្មករនោះ គឺជាការរើសអើងសេរីភាពសហជីពដែលត្រូវបានការពារពិសេសដោយច្បាប់។

ប្រធានសហភាពរូបនេះបន្តថា តាមលោកពិនិត្យ គឺលក្ខខណ្ឌការងារនៅរោងចក្រនោះមានស្ថានភាព​អាក្រក់ដោយ ថាលក្ខខណ្ឌដែលក្រុមកម្មករទាមទារនោះសុទ្ធសឹងមាននៅក្នុងច្បាប់។ លោក បានស្នើទៅស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនការចុះដោះស្រាយជូនកម្មករ ដើម្បីឲ្យអ្នកគ្រប់គ្រងរោងចក្រនោះបំពានច្បាប់ និងរំលោភសិទ្ធិកម្មករតាមអំពើចិត្ត។

លោកបន្ថែមថា៖ «រហូតមកដល់ម៉ោងក្រុមហ៊ុនកំពុងតែគំរាមកំហែងមកលើកម្មករ ប្រសិនបើកម្មករណាហ៊ានចេញ ចូលរួមតវ៉ា គេនឹងបញ្ឈប់ទាំងអស់។ ដូច្នេះសកម្មភាពទាំងអស់នេះហើយ ជាសកម្មភាពបំពានច្បាប់ដោយកម្រោល ដែលខ្ញុំមើលឃើញថា កម្មករកូដកម្មតាំងពីម្សិលមិញរហូតថ្ងៃនេះអត់ឃើញមន្រ្តីពាក់ព័ន្ធណាចុះទៅពន្លឿនការដោះស្រាយទាល់តែសោះ ខណៈលក្ខខណ្ឌដែលគាត់ទាមទារសុទ្ធសឹងតែមានចែងក្នុងច្បាប់។ អញ្ចឹង ករណីក្រុមហ៊ុនលើក វាគ្រាន់តែហេតុផលមួយទេ ប៉ុន្តែក្នុងច្បាប់អត់មានសិទ្ធិបញ្ឈប់ដោយសារតែគេបង្កើតសហជីពអញ្ចឹងទេ»

បើតាមកម្មក រោងចក្រ ប្រេស្ទិច ហ្គាមិន ជារោងចក្រ កាត់ដេរ​សម្លៀកបំពាក់ មានកម្មករប្រមាណ ៥០០នាក់កំពុងបម្រើការងារ និងមានថៅកែជាជនជាតិចិន ហើយថា រោងចក្រនេះបានបង្ខំឲ្យកម្មករធ្វើការងារតាមខ្លួនកំណត់ ពុំទានមានប័ណ្ណ ប.ស.ស កាត់លុយដោយគ្មានមូលហេតុច្បាស់លាស់ ពុំមានពេទ្យក្នុងរោងចក្រ និងមានរើសអើងសហជីពជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ