ព្រឹទ្ធសភា ថាវិសោធនកម្មច្បាប់គណបក្ស​បើកផ្លូវឲ្យអ្នកស្នេហាជាតិក្នុង​បក្សដទៃ​បាន​ធ្វើនយោបាយវិញ​

សម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក Senate Spokesperson អ្នកនាំពាក្យព្រឹទ្ធសភា

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លើកឡើងថា ការធ្វើវិសោធនកម្មមមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយគឺ​ដើម្បីបើកផ្លូវឲ្យអ្នកស្នេហាជាតិមួយចំនួន​មានសិទ្ធិចូលធ្វើនយោបាយ ឬបង្កើតគណបក្សថ្មី ប្រកួតនយោបាយជាមួយបក្សផ្សេង នៅអាណត្តិក្រោយនេះ។

ក្រោយពីព្រឹទ្ធសភាប្រជុំបិទទ្វាជិត២ម៉ោង នាព្រឹកថ្ងៃនេះ អ្នកនាំពាក្យព្រឹទ្ធសភា​ លោក ម៉ម ប៊ុននាង បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា ព្រឹទ្ធសភាបានអនុម័តយល់តាមសំណើរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ដែលស្នើសុំព្រឹទ្ធសភា​ ធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នេះ។

លោក ប៊ុននាង ថ្លែងបញ្ជាក់ថា សមាជិកព្រឹទ្ធសភា៥៦លើ៥៦រូប បានយល់ព្រមលើកដៃធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយថា ដើម្បីផ្តល់ឱកាសឲ្យអ្នកនយោបាយដែលតុលាការកាត់ទោស​ទាំងអស់ មានសិទ្ធិស្នើសុំធ្វើនយោបាយ ឬបង្កើតគណបក្សថ្មីស្របតាមច្បាប់នេះបាន។

លោកថ្លែងថា៖ «ក្រោយពេលដែលសាលដីកាចេញហើយ គឺបុគ្គលមួយចំនួន ដែលជាជនស្នេហាជាតិមួយចំនួននៅក្នុងគណបក្សដទៃ នៅក្នុងគណបក្សហ្នឹងក៏ដោយ គាត់ចង់ចូលរួមក្នុងការកសាងអភិវឌ្ឍន៍ជាតិ ឬក៏គាត់ចង់បានសិទ្ធិ បើកគណបក្សផ្សេង ដើម្បីធ្វើនយោបាយ ជួយដល់សង្គមជាតិ យើងមើលឃើញចំណុចនេះ»។

អតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា លោកនឹងចូលធ្វើនយោបាយវិញ បើក្រសួងមហាផ្ទៃធ្វើបញ្ជីរាយឈ្មោះតំណាង​រាស្ត្រទាំង១១៨រូប និងបញ្ចូលឈ្មោះ លោក កឹម សុខា ធ្វើសំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបញ្ជូនថ្វាយទៅព្រះមហាក្សត្រដើម្បីឲ្យពួកគេបានធ្វើនយោបាយទាំងអស់គ្នាវិញ។

ផ្ទុយទៅវិញ លោកថា មិនស្នើសុំចូលធ្វើនយោបាយទេ បើមិនមានឈ្មោះអតីតតំណាងរាស្ត្ររបស់បក្សប្រឆាំងទាំងអស់​ ហើយ​នឹង​ឈ្មោះ​លោក កឹម សុខា បានចូលធ្វើនយោបាយនោះ។

លោកមានប្រសាសន៍ថា៖ «កាលដែលរំលាយ គឺរំលាយទាំងកញ្ចប់ ហើយដាក់បំរាមលើពួកយើងទាំងកញ្ចប់ ហើយចំណុចចាប់ផ្តើមនៃវិបត្តិនេះ គឺដោយសារ ករណីឃុំខ្លួនលោកប្រធាន កឹម សុខា។ ដូច្នេះ បើចង់ដោះស្រាយ ត្រូវតែដោះលែង ឬក៏ផ្តល់សិទ្ធិសេរីភាពដល់លោក កឹម សុខា និងបូកបញ្ជូលជាមួយ១១៨រូបឲ្យមានសិទ្ធិឡើងវិញ»។

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមថា រដ្ឋសភា និងព្រឹទ្ធសភា ដែលយល់ព្រមធ្វើវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផាត់រូបលោកចេញពីឆាកនយោបាយ តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មានប្រសាសន៍ថា ការធ្វើវិសោធនកម្មមាត្រាមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ មិនអាច​បន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយនៅកម្ពុជាបានទេ ដោយសារការសម្រេច​យល់ព្រមឲ្យអ្នកមានសិទ្ធិចូលធ្វើនយោបាយត្រូវ​ឆ្លងកាត់លោកនាយករដ្ឋមន្ត្រីដែលជាមេដឹកនាំបក្សកាន់អំណាច។

លោក សាវាង្ស ផ្តល់ជាអនុសាសន៍ថា ដើម្បីធ្វើឲ្យប្រទេសជាតិមានសន្តិភាព លទ្ធិប្រជាធិបតេយ្យពេញលេញ មេដឹកនាំនៃគណបក្សកាន់អំណាច និងមេដឹកនាំអតីតបក្សប្រឆាំង ត្រូវ​យកបញ្ហា​ដាក់លើតុជជែកគ្នារកដំណោះស្រាយ​រួមមួយ ទើបទទួលបានផលវិជ្ជមាន។

លោកផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំសំណូមពរឲ្យអ្នកនយោបាយទាំងអស់មានលក្ខណៈចាស់ទុំផ្នែកនយោបាយ ហើយជាគំរូដល់អ្នកនយោបាយជំនាន់ក្រោយៗទៀត ដើម្បីជាបទពិសោធន៍ ហើយចរចាគ្នាទៅ ជជែកគ្នាទៅ ដើម្បីឲ្យប្រទេសយើងសុខសាន្ត អភិវឌ្ឍន៍ទៅមុខទៀត»។

រដ្ឋសភា កាលពីថ្ងៃទី១៣ ខែធ្នូនេះ បានប្រជុំពេញអង្គសម្រេចធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ​តាមការស្នើសុំរបស់តំណាង​រាស្ត្របក្សកាន់អំណាចចំនួន៨៧រូប ដោយថា ដើម្បីបើកផ្លូវឲ្យអ្នកនយោបាយដែលតុលាការកំពូលសម្រេចផ្តន្ទាទោសទាំងអស់ មានសិទ្ធិ​ធ្វើ​នយោបាយឡើងវិញ​។

គួរបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាលបក្សកាន់អំណាច​ ធ្វើវិសោធនកម្ម​ចំនួន២ដងមក​ហើយ ដែលលើកទី១ ធ្វើនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីស្ថានការនយោបាយនៅកម្ពុជាឡើងកម្តៅ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ