កម្មករជាង២ពាន់នាក់នៅភ្នំពេញកូដកម្មទាមទារបើកប្រាក់អតីតភាពការងារ

ព្រឹកថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៨ ក្រុមកម្មករបម្រើការងារនៅរោងចក្រ W and D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ បានបន្តនាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យភាគីពាក់ព័ន្ធជួយដោះស្រាយករណីថៅកែរោងចក្រមិនព្រមបើកប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំជូនពួកគេ។ រូបភាព៖ ហ៊ី ឆាយ

កម្មករជាង២ពាន់នាក់ បម្រើការងារនៅរោងចក្រមួយ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានបន្តកូដកម្មនៅក្នុងរោងចក្រទៀតនៅថ្ងៃនេះ ដើម្បីទាមទារឲ្យថៅកែទូទាត់ប្រាក់អតីតភាពការងារជូនពួកគេ។

ក្រុមកម្មករបម្រើការងារនៅរោងចក្រ W and D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ បាននាំគ្នាធ្វើកូដកម្មអត់ធ្វើការរយៈ៣ថ្ងៃហើយ ដើម្បីទាមទារឲ្យភាគីពាក់ព័ន្ធជួយដោះស្រាយករណីថៅកែរោងចក្រនេះមិនព្រមបើកប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំជូនពួកគេ។

កម្មករម្នាក់លោក តាន់ ដា ដែលអះអាងថា បម្រើការងារនៅរោងចក្រ W and D រយៈពេល៥ឆ្នាំហើយនោះ និយាយថា មានកម្មករខ្លះបានបម្រើការងារនៅរោងចក្រនេះចន្លោះពី៥ទៅជាង១០ឆ្នាំ ដោយថៅកែមិនដែលទូទាត់ប្រាក់អតីតភាពការងារជូនពួកគេនៅឡើយទេរហូតមកដល់ឆ្នាំ២០១៨នេះ។

លោកបន្ថែមថា៖ «កម្មករផ្ទុះកូដកម្មទាមទារលុយ៥ភាគរយហ្នឹង [ប្រាក់អតីតភាពការងារ] ដោយសារតែឆ្នាំថ្មីហ្នឹងរោងចក្រប្តូរកុងត្រា ហើយពីថេរវេលាគ្មានកំណត់ទៅជាមានកំណត់វិញ ៦ខែបើកម្តង ឬ ១ឆ្នាំបើក២ដង អញ្ចឹងក្រុមកម្មករទាមទារបើកអាឆ្នាំចាស់ឲ្យអស់សិន តែការចុះដោះស្រាយរបស់ក្រសួងនៅពេលនេះវាអត់មានដំណោះស្រាយអីសោះ»

កម្មករម្នាក់ទៀតអ្នកស្រី អេង គឹមសាញ់ ដែលអះអាងថា បម្រើការងារនៅរោងចក្រនោះ១៣ឆ្នាំ បាននិយាយថា ការចចាររកដំណោះស្រាយរវាងកម្មករជាមួយភាគីរោងចក្រ និងតំណាងក្រសួងរយៈពេល៣ថ្ងៃ គឺមិនទាន់ទទួលបានដំណោះស្រាយនៅឡើងទេ ដោយសារតែភាគីក្រុមហ៊ុនសុំបង់រំលោះជូនកម្ម​ករ ប៉ុន្តែក្រុមកម្មករមិនព្រម។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសុំឲ្យសម្តេចជួយដោះស្រាយដោយបង់ដោយគិតពីអតីតភាពការងារតាំងឆ្នាំ២០០៨ដល់ឆ្នាំ២០១៨ហ្នឹង សុំបង់ផ្តាច់ ព្រោះពួកខ្ញុំជាកម្មករមិនអាចទទួលយកបានទេការបង់រំលោះនោះ»

វិអូឌី មិនអាចសុំការឆ្លើយតបពីភាគីរោងចក្របានទេ ជុំវិញកម្មករតវ៉ាទាមទារប្រាក់អតីតភាពការងារនេះ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់ វីអូឌី តាមប្រព័ន្ធ WhatsApp ថា ក្រសួងបានបញ្ជូនក្រុមការងារចុះដោះស្រាយបញ្ហានេះហើយ។

លោក ហេង សួរ ឲ្យដឹងថា នៅឆ្នាំ២០១៩ រដ្ឋាភិបាលតម្រូវទូទាត់ប្រាក់អតីតភាពការងារជូនកម្មករមួយឆ្នាំ២ដង ដោយ១ដងនៅខែមិថុនា និង១ដងទៀតនៅខែធ្នូ ហើយថា ករណីរោងចក្រដួលរលំ គឺរដ្ឋាភិបាលធានាទាំងស្រុងក្នុងការទទួលខុសត្រូវ ដោយមិនឲ្យកម្មករណាម្នាក់ខាតបង់អត្ថប្រយោជន៍ដោយសាររោងចក្រដួលរលំឬក្ស័យធនឡើយ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើរយៈពេលដែលកម្មករបម្រើការងារកន្លងមកនោះបានប្រើកិច្ចសន្យាមិនកំណត់លើសពីពីរឆ្នាំ ថៅកែត្រូវគិតអតីតភាពការងារជូនកម្មករ ហើយថា បើមិនទូទាត់ឲ្យទេថៅកែនឹងមានកំហុស។

លោកបន្ថែមថា៖ «បើតាមច្បាប់ បើកាលណាលើសពី២ឆ្នាំទៅៗជាមិនកំណត់ បើកាលមិនកំណត់ត្រូវគុណលុយហ្នឹងឲ្យគេ អញ្ចឹងបើកាលនិយោជកមិនឲ្យអាហ្នឹង កម្មករតវ៉ាហើយ»

កម្មករឲ្យដឹងថា រោងចក្រ W and D មានកម្មករជាង២ពាន់នាក់កំពុងបម្រើការងារ ហើយថា ពេលថ្មីៗរោងចក្រនេះបានប្តូរថៅកែថ្មី។ ក្រុមកម្មករព្រមានថា ប្រសិនបើនៅតែពុំមានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាហែរក្បួនទៅរកកិច្ចអន្តរាគមន៍ដល់ក្រសួងការងារ និងស្ថាប័ន្ធរដ្ឋពាក់ព័ន្ធផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ