លោក ហ៊ុន សែន លើកទឹកចិត្ត កឹម សុខា ព្រមានវាយខ្នោះ សម រង្ស៊ី​

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។ រូបភាព៖ បណ្ដាញសង្គម

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ព្រមានថា នឹងវាយខ្នោះ លោក សម រង្ស៊ី  បើអតីតមេដឹកនាំបក្សប្រឆាំងរូបនេះហ៊ាន​ចូ​ល​ស្រុ​ក​វិញដូចការអះអាង តែបាន​បង្ហើបឲ្យលោក កឹម សុខា សុំសិទ្ធិធ្វើនយោបាយឡើងវិញ ខណៈច្បាប់​បើកច្រក​ឲ្យ​គណប​ក្ស​ប្រ​ឆាំង​​​ធ្វើ​​ន​​​​យោបា​យ​ឡើងវិញ​ជិតចូល​ជាធរ​មា​ន​។

លោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តកណ្តាលថ្ងៃពុធនេះ បានថ្លែងដោយមិនបញ្ចេញឈ្មោះ តែ​ទំន​ង​​ជាសំដៅទៅលោក សម រង្ស៊ី ថា គេបានប្រកាសថា គេនឹងចូលមកកម្ពុជាវិញឆាប់ៗ។ លោកថា លោក​ក៏ត្រៀ​មខ្នោះរួ​ចរា​​ល់​ហើ​​យ ​ស​ម្រា​ប់​ទទួលដើម្បីទូទាត់បញ្ជី។

លោកថា៖«សុំប្រាប់ទៀតថា ព្រលានយន្តហោះមាន៣សម្រាប់ចុះចត ១ ទីក្រុងភ្នំពេញ ២ សៀមរាប ៣ ក្រុងព្រះសីហនុ អាច​ចុះ​ចត​បា​ន​ទៅតាមបំណងរបស់អ្នកជិះ តែខ្នោះក៏វាទៅតាមទីកន្លែងនេះដែរ ហើយបើដាក់ខ្នោះ ដាក់តាមស្ទីលអាមេរិកកាំងម៉ង។ ​ហើ​យ​ស្ទី​លអា​​​មេរិកកាំងអត់មានដាក់ទៅមុខទេ ដាក់ទៅក្រោយ អាហ្នឹងសុំបញ្ជាក់ មានតែប៉ុណ្ណឹងទេ»។

លោក ហ៊ុន សែន ថ្លែងទៀតថា ច្បាប់បើកផ្លូវឲ្យអ្នកនយោបាយដែលតុលាការហាមឃាត់ ឲ្យធ្វើនយោបាយឡើងវិញនោះ បានឆ្លងផុតពីដៃព្រឹទ្ធសភាហើយ។ លោកបានដាក់ជាសំនួរ ​ទំនងជាសំដៅទៅដៃគូនយោបាយរបស់លោក សម រង្ស៊ី គឺលោក កឹម សុខា ថាការនៅបន្តរ​ក្សា​មិត្ត​​​ភា​ពជា​ដៃ​គូ និងបាត់ឱកាសធ្វើនយោយគួរជ្រើសរើសយកមួយណា ។

លោកថា៖ «បើវាមិនសុំសិទ្ធិ[ធ្វើនយោបាយ]ទេ វាអត់មានសិទ្ធិទៅជួបជុំទេ។ កុំភាន់ច្រឡំ រើសទៅ ឬមួយអ្នកឯងច​ង់ឈ្នះតា​មរ​យៈ​សាមគ្គី​ភាពរបស់អ្នកឯង ក៏ប៉ុន្តែអ្នកឯងក៏អត់មានលទ្ធភាពចូលរួមបោះឆ្នោតឆ្នាំ២០២២ដែរ ធ្វើទៅ រើសទៅ!»។

មេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា គឺលោក ផែង ហេង មានប្រសាសន៍ថា មកដល់ពេលនេះកូនក្តី​លោកមិនទាន់ប្រា​ប់ពី​ជំ​ហរ​​ថានឹងសុំសិទ្ធិធ្វើនយោបាយឡើងវិញឬយ៉ាងណានៅឡើយទេ ខណៈ មេដឹកនាំបក្សកាន់អំណាច អះអាងថា ការបើកផ្លូវ​ឲ្យ​ធ្វើ​ន​​យោ​បាយឡើងវិញនេះ ត្រូវធ្វើជាលក្ខខណៈបុគ្គលដាច់ដោយលែកពីគ្នា មិនធ្វើជាកញ្ចប់នោះ។

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហៅសារនយោបាយនេះថា មិនមានអ្វីថ្មីទេ ដើម្បីយក​ប្រៀប​លើ​គ​ណ​បក្សប្រឆាំង។

លោកថា៖ «ជាយុទ្ធសាស្ត្រ បើគណបក្សប្រឆាំងបែកបាក់ អាហ្នឹងជារឿងមួយ ដែលគណបក្សកាន់អំណាច ទទួលបាន​ជោគជ័យ​ទៀត​​ហើយ។ ហើយរឿងឯកឧត្តម សម រង្ស៊ី ក៏អញ្ចឹងដែរខ្ញុំឃើញវាយប្រហារគ្នាដោយពាក្យសម្តីទៅវិញទៅមក រវាងឯកឧត្តម សម រង្ស៊ី ​និងស​ម្តេចនាយករដ្ឋមន្ត្រីហ្នឹង វាច្រើនលើកច្រើនសារហើយ វាទៅជារឿងដដែលៗ ហើយវាបង្កឲ្យមានបញ្ហាក្តៅ ត្រជាក់ៗ ទៅ​តាមចរិ​តអ្នកនយោបាយហ្នឹង»។

មន្ត្រីរូបនេះ អះអាងថា អ្វីដែលជាដំណោះស្រាយ បក្សកាន់អំណាចត្រូវបើកផ្លូវឲ្យគណបក្សសង្គ្រោះ​ជាតិបានដំណើរកា​រឡើ​ង​វិញ ហើយការបើកផ្លូវត្រូវធ្វើឡើ​ង​ជា​​​ក​ញ្ចប់ សងតំណែងក្រុមប្រឹក្សាឃុំ សង្កាត់មកវិញ និងបោះឆ្នោតព្រឹទ្ធសភាឡើងវិញជាដើម ទើ​​​​ប​ក​ម្ពុ​​ជាគេ​ចផុតពីវិធានការនានា​រ​ប​​ស់សហគមន៍អន្តរជាតិ។ ប៉ុន្តែលោក ហ៊ុន សែន បានព្រមានទុកថា កុំសង្ឃឹមថា សម្ពាធអ​ន្តរជាតិ ​អាចសម្លាប់រដ្ឋាភិបាលបាននោះ។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា បានប្រាប់ VOD កាលពីសប្តាហ៍មុនថា ជម្លោះនយោបាយនៅកម្ពុជា មិនអាច​ឈានទៅ​ផ្សះ​​ផ្សារ ឬបង្រួបបង្រួមជាតិឡើងវិញ តាមរយៈខ្មែរនិងខ្មែរបានទេ​ ដោយថាអ្នកនយោបាយខ្មែរពេលនេះ មិនបានបើក​ចំហរ​​បេះ​ដូង​ ដើម្បីទទួ​ល​យ​ក​​​យោបល់ របស់ដៃគូប្រកួតមកពិចារណាទេ ដរាបណាគ្មានសម្ពាធពីបរទេស ដែលលោកថា ពិសេ​សស​ហ​រដ្ឋ​​​អា​មេរិក និងសហភាពអឺរ៉ុបនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ