កម្មករ​ជាង​១​ពាន់​នាក់​នៅ​រោងចក្រ​មួយ​ជាយ​រាជ​ធានី​ ផ្ទុះ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រុម​កម្មករ​រោងចក្រ ​សេឌូណូ អ៊ិនវេសមេន បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​នោះ ដែល​ស្ថិត​នៅ​ភូមិ​ខ្វា នៅ​ក្នុង​ខណ្ឌ​ដង្កោ។ រូបភាព៖ ឃុត សុគន្ធ

ក្រុម​កម្មករ​ជាង ១២០០​​​នាក់​ បម្រើ​ការ​នៅ​រោងចក្រ​មួយ​ស្ថិតនៅ​ជាយ​រាជ​ធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ាទៀត​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ។

កម្មករអះអាងថា ពួកគេ ១២០០នាក់ បម្រើការងារនៅរោងចក្រ ​សេឌូណូ អ៊ិនវេសមេន ស្ថិតក្នុងនៅភូមិខ្វានៅក្នុងខណ្ឌដង្កោរ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​នោះរយៈពេល២ថ្ងៃហើយ ដើម្បីទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ជា​ជន​ជាតិ​ចិនបើក​ប្រាក់​អតីត​ភាពការងារ​ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ។

កម្មករម្នាក់អ្នកស្រី ឈួន ស្រីតូច ដែលអះអាងថា បម្រើការងារនៅរោងចក្រ​ សេឌូណូ ៧ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់វីអូឌីកន្លែងតវ៉ាថា កម្មករខ្លះ បាន​បម្រើការងារនៅរោងចក្រ សេឌូណូ ចន្លោះពី ៣ ទៅ ៧ឆ្នាំហើយ ដោយថៅកែមិនដែលទូទាត់ប្រាក់អតីតភាពការងារជូនពួកគេឡើយ។

អ្នកស្រីបន្ថែថា៖ «ពួកខ្ញុំចង់ឲ្យថៅកែគាត់គុណផ្តាច់ឲ្យពួកខ្ញុំតែម្តងចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩នេះ ហើយចាប់ពីខែ១ ឆ្នាំ២០១៩ហ្នឹង គាត់ចង់ទូទាត់ឲ្យពួកខ្ញុំ ៦ខែម្តង នោះជារឿងរបស់ក្រុមហ៊ុនទេ ប៉ុន្តែ គ្រាន់តែចង់ឲ្យក្រសួង និងក្រុមហ៊ុនហ្នឹង គុណប្រាក់អតីតភាពឆ្នាំចាស់ឲ្យពួកខ្ញុំធ្វើចាស់ៗហ្នឹង ឲ្យអស់ អ្នកធ្វើ ៣ឆ្នាំ ៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំហ្នឹង»

កម្មករម្នាក់ទៀត អ្នកស្រី វឿន សំអឿង ដែលអះអាងថា បម្រើការងារនៅរោងចក្រនេះ ៥ឆ្នាំ​មក​ហើយ​នោះ បាន​និយាយថា ក្រុមកម្មករ ទាម​ទារឲ្យថៅកែបើកផ្តាច់ប្រាក់អតីតភាពការងារឆ្នាំចាស់ៗឲ្យអស់មុនឆ្នាំ២០១៩នេះ ដោយសារកម្មករបារម្ភថា ច្បាប់ការងារថ្មីដែលរដ្ឋាភិបាលឲ្យអនុវត្តចាប់ពីឆ្នាំ២០១៩នេះទៅ នឹងធ្វើឲ្យថៅកែមិនទទួលស្គាល់ប្រាក់អតីតការងារពួកគេដែលខំធ្វើការងារជាច្រើនឆ្នាំហើយនោះ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំចង់ឲ្យបើកផ្តាច់អាចាស់ហ្នឹងឲ្យអស់ ព្រោះរាល់ថ្ងៃ ពួកខ្ញុំធ្វើការ ខាងក្រុមហ៊ុនគេកៀបសង្កត់ណាស់។ អញ្ចឹង ពេលពួកខ្ញុំទ្រាំអត់បាន ខ្ញុំឈប់ទៅនឹងចោលប្រាក់អតីតភាពចាស់នោះ ដែលពួកខ្ញុំខំតស៊ូកន្លងមក​ហ្នឹង។ អញ្ចឹង ពួកខ្ញុំឲ្យក្រុមហ៊ុនបើក​ផ្តាច់ទៅ ទោះគាត់កៀបសង្កត់ពេលខ្ញុំឈប់ទៅ ក៏ពួកខ្ញុំមិនស្តាយដែរ»

អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានចុះទៅ​សម្របសម្រួលមិនឲ្យកម្មករតវ៉ាបិទផ្លូវ និងរៀបចំសណ្តាប់ធ្នាប់កន្លែងតវ៉ា ដោយក្នុងនោះ មានកម្លាំងសមត្ថកិច្ចប្រមាណជិត ៥០នាក់ ចាំឃ្លាំមើលផងដែរ។

នៅចំពោះមុខកម្មករ អភិបាលខណ្ឌរូបនេះ បានសន្យាថា នឹងជួយជំរុញទៅភាគីពាក់ព័ន្ធឲ្យពន្លឿនដោះស្រាយបញ្ចប់វិវាទជូនកម្មករ ដោយថា មិនចង់ឃើញកម្មករនៅក្នុងដែនសមត្ថកិច្ចបន្តតវ៉ាឡើយ ខណៈលោកថា មន្រ្តីក្រសួងការងារកំពុងជួបដោះស្រាយជាមួយភាគីរោងចក្រ។

មន្ត្រី​ផ្នែក​រដ្ឋបាល​ម្នាក់​នៅ​រោងចក្រ សេឌូណូ បាន​ប្រាប់​ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះថា ក្រុមហ៊ុន​តែង​តែ​ដោះ​ស្រាយ​វិវាទ​ការងារ​តាម​ផ្លូវច្បាប់។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែប្រាប់ថា រាល់បញ្ហា គឺក្រសួងធ្វើតាមច្បាប់ដែលក្រសួងការងារគេកំណត់ យើងដើរក្រោមច្បាប់ យើងម៉េចធ្វើខុសពីច្បាប់កើត»

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បញ្ជាក់ថា បើទោះបីច្បាប់ថ្មីចូលជាធរមានក៏ដោយ ថៅកែរោងចក្រនៅតែមានតួនាទីទូទាត់ប្រាក់អតីតភាពការងារជូនកម្មករដដែល ហើយលោកថា រដ្ឋាភិបាលធានាមិនឲ្យកម្មករណាម្នាក់បាត់បង់អត្ថប្រយោជន៏ដោយសារតែក្រុមហ៊ុនក្ស័យធនឡើយ។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើកម្មករបម្រើការងារដោយប្រើកិច្ចសន្យា​មិនកំណត់លើសពី​ពីរឆ្នាំ​ឡើង​ទៅ ថៅកែត្រូវគិតប្រាក់អតីតភាពការងារជូនកម្មករ ដោយថា មិនដូច្នេះទេ ថៅកែនឹងមាន​កំហុស។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើកម្មករបម្រើការងារដោយប្រើកិច្ចសន្យា​មិនកំណត់លើសពី​ពីរឆ្នាំ​ឡើង​ទៅ ថៅកែត្រូវគិតប្រាក់អតីតភាពការងារជូនកម្មករ ដោយថា មិនដូច្នេះទេ ថៅកែនឹងមាន​កំហុស។

នៅក្នុងសប្តាហ៍នេះ កម្មករ​រាប់ពាន់នាក់បម្រើការងារតាមរោងចក្រនានា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារ​ឲ្យថៅកែបើកប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំរបស់ជូនពួកគេ។ ក្រុមកម្មករទាំងនោះព្រមានថា ប្រសិនបើនៅតែពុំមានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាហែរក្បួនទៅរកកិច្ចអន្តរាគមន៍ដល់ក្រសួងការងារ និងស្ថាប័ន្ធរដ្ឋពាក់ព័ន្ធផ្សេងទៀត៕

https://www.facebook.com/VODkhmer/videos/2251093238469261/
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ