រដ្ឋា​ភិបា​ល អំ​ពាវ​នាវ​រក​ការ​គាំទ្រ​ពីដៃ​គូអ​ភិវ​ឌ្ឍ ដើ​ម្បី​ពង្រឹង​អភិបា​ល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ៕ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវរកការគាំទ្រផ្នែកថវិកាពីដៃគូអភិវឌ្ឍ ដើម្បីពង្រឹងអភិ​បាលកិ​ច្ច​តាម​បែប​ប្រជា​ធិប​​​​តេយ្យនៅ​ថ្នាក់ក្រោមជាតិ ​ដោយថា ដៃ​គូអ​ភិវ​ឌ្ឍមួយចំនួន​បាន​កាត់បន្ថយ​ជំនួយដោយមិនបាន​គ្រោង​ទុក។​

 ការអំពាវនាវរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីបិទសិក្សាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព​និងថវិកាឆ្នាំ​២០​១​៩ ​​​នៃ​​គ​​ណៈកម្មាធិការជាតិ​សម្រាប់ការអភិវ​ឌ្ឍនតាមបែបប្រជា​ធិបតេយ្យ​នៅថ្នា​ក់ក្រោម​ជាតិ​ នៅរាជ​ធានី​ភ្នំ​ពេញ​កាល​ពីម្សិលមិញ។

លោក ស ខេង ថ្លែងថា លោកអរគុណចំពោះដៃគូអភិវឌ្ឍដែលបានជួយឧបត្ថម្ភ​កម្ពុជា ប៉ុន្តែលោក បង្ហាញការ​​​​​​ខ​កចិត្ត​ចំ​ពោះ​ដៃ​គូ​មួយចំនួន ដែលបានកាត់ផ្តាច់ជំនួយ ដោយមិនបានព្រាងទុក ធ្វើឲ្យរដ្ឋាភិបាលបង្ខំចិ​ត្ត​បញ្ចេ​ញ​ប្រាក់​ច្រើនជា​ងមុន ដើ​​ម្បី​បន្តពង្រឹង​យន្តការអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិនេះ។​

 លោកថា៖ «អញ្ចឹង បានក្នុងគ្រោងថវិកាប្រមាណជា៥០០លានដុល្លារជាង ក្នុងនោះមានថវិការបស់ដៃគូ​អភិវឌ្ឍន៍​​​​​​​​​ មា​ន​​​​តែ​​ជាង​៤០លានដុល្លារទេ។ អញ្ចឹ​ងទេ បើសិនជាគំាទ្រសង្ឃឹមថាអាចបង្កើនថែមទៀតក៏ជាការល្អដែរ ដើម្បី​ធ្វើ​ម៉េចឲ្យ ក្រុង ស្រុក អភិបាលថ្នាក់ក្រោមជាតិខ្ញុំនេះ មានលទ្ធភាពឈាន​ទៅបំពេញបេសកកម្មរបស់​ខ្លួនទទួល​បាន​ជោគ​ជ័យ»។

យ៉ាងនេះក្តី លោក ស ខេង មិនបានបញ្ជាក់ថា ទឹកប្រាក់ដែលម្ចាស់ជំនួយបានកាត់ផ្តាច់នោះ មានចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ទេ។

តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងជាដៃគូអភិវឌ្ឍរបស់កម្ពុជាផងនោះ បានឲ្យដឹ​ងតា​មរ​យៈអ្នកបកប្រែថា ធនធានថវិកាជាផ្នែកសំខាន់មួយក្នុងការជំរុញដល់​ប្រសិទ្ធិភាព​នៃការ​ពង្រឹង​​​​​យន្ត​កា​រ​​ប្រជាធិបតេ​យ្យនៅថ្នា​ក់ក​​ក្រោ​​ម​ជាតិ។

អ្នកស្រីបាន​លើកឡើងតាម​រយៈអ្នកបកប្រែ​ថា៖ «នាងខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់​ចំពោះរដ្ឋាភិបាលដែលបាន​បង្កើត​និង​ដាក់អនុវត្តនៅមូល​និធិវិនិយោគថ្នា​ក់ក្រោមជាតិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់មូលដ្ឋាន »។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ជំនួយ​គ្រប់យ៉ាង​ឲ្យ​មកកម្ពុជា កើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមាន​គោលបំណងពង្រឹង​លទ្ធិប្រជាធិបតេយ្យ។

លោក​ សន ជ័យ ពន្យល់ថា ប្រទេសជាម្ចាស់ជំនួយ អាចនឹងសម្រេចចិត្តដកជំនួយទាំងនោះវិញនៅពេល​​ឃើ​ញរបត់​ន​យោ​បាយ​កម្ពុជាបានដើរចេញពីគន្លងប្រជាធិបតេយ្យ។

លោកថា៖ «វាមានទំនាក់​ទំនងគ្នា។ ឧទាហរណ៍ដែលគណបក្សសង្គ្រោះជាតិត្រូវ​បានគេរំលាយភ្លាមៗនោះ ឃើញមា​ន​ម្ចាស់​ជំនួយ​ស៊ី​ដា​ច់​គេ បា​​នឈ​ប់ផ្តល់ជំនួយដល់គម្រោងកំណែទម្រង់រដ្ឋបាលសាធារណរបស់រដ្ឋាភិបាល ។ ជាពិសេស គម្រោងដែ​លជួយទៅដ​ល់ការ​អភិ​វឌ្ឍ​នៅ​ថ្នាក់ក្រោមជាតិហ្នឹង ជាជំនួយជួយទៅដល់គោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការហ្នឹង»។

បើតាម​លោក សន ជ័យ ដៃគូអភិវឌ្ឍនឹងសម្រុកមកជួយឧបត្ថម្ភ​ដល់រដ្ឋាភិបាលកម្ពុជាវិញ នៅ​ពេល​ដែល​ពួកគេ​មើល​ឃើញ​ថា ស្ថាន​ការ​ណ៍​​នយោបាយវិលទៅរក​លទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ