អាជ្ញាធរ​ខេត្តព្រះសីហនុ ជំរុញ​​ទេសចរទៅកម្សាន្ត​នៅថ្ងៃឆ្លងឆ្នាំគួរកក់បន្ទប់ទុក​មុន ជៀសវាងការដំឡើងថ្លៃ

ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ ខេត្តកោះកុង។ រូបភាព៖ ហ្វេសប៊ុក ក្រសួងទេសចរ

អាជ្ញាធរខេត្តព្រះសីហនុ​ លើកទឹកចិត្តទៅទេសចរទាំងអស់ដែល​មាន​បំណង​កម្សាន្តនៅខេត្តនេះនៅថ្ងៃឆ្លងឆ្នាំ គួរ​ទាក់ទងទៅម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ កក់បន្ទប់ស្នាក់នៅទុក​ជា​មុន ដោយថាដើម្បីបញ្ចៀសការឡើងថ្លៃបន្ទប់​ស្នាក់នៅ។​

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱម សារឿន​ មានប្រសាសន៍ថា តាមការព្យាករទុក ទេសចរជាតិ អន្តរជាតិ នឹងធ្វើដំណើរកំសាន្តទៅខេត្តព្រះសីហនុច្រើនជាងឆ្នាំមុន ដើម្បីចូលរួមឆ្លងឆ្នាំសកលខាងមុខនេះ ខណៈឆ្នាំមុនមានអ្នកចូលរួមចន្លោះពី៨ទៅ១២ម៉ឺននាក់​។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះ បន្តថា​ កន្លងមកពិតជាមាន​ភ្ញៀវទេសចរមួយចំនួនត្អូញត្អែរថា តម្លៃផ្ទះជួល សណ្ឋាគារ និងតម្លៃម្ហូបអាហារឡើងថ្លៃខ្ពស់ប្រាកដមែន​។ ករណីនេះ លោកលើកទឹកចិត្តទៅភ្ញៀវទេសចរទាំងអស់​ចូលទៅហ្វេសប៊ុកមន្ទីរទេស​ចរណ៍ខេត្ត រួ​ច​ទាក់​ទង​ទៅម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កក់កន្លែង​ស្នាក់នៅ ដើម្បីបញ្ចៀសការឡើងថ្លៃក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល។

លោកមានប្រសាសន៍ថា៖ «ដើម្បីងាយស្រួលចូលទៅមើលក្នុងផេកហ្វេសប៊ុក​របស់មន្ទីរទេសចរណ៍ គាត់បានផ្សព្វផ្សាយ ជាឈ្មោះសណ្ឋាគារ ហើយមានលេខទូរសព្ទដែលគាត់អាច​ទាក់ទង​មកកក់មុន លទ្ធផលដែលយើងធ្វើបណ្តើរ​ យើងបានបង្ហោះជូននៅក្នុងហ្នឹង»។

ក្នុងលិខិតបង្គាប់ការចុះថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាមន្រ្តីរបស់ខ្លួនចំនួន៣នាក់ ឲ្យចុះ​ទៅ​​ស្រង់តម្លៃបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ រីហ្សត ឬ​បឹងហ្កាឡូ​​ស្ថិត​នៅ​ក្នុងខេត្តនេះ ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើ​សម្រេចនិងដោះស្រាយ បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ថា តម្លៃ​សេវាកម្ម​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ដំឡើង​ខ្ពស់​ហួស​ពី​ការ​ទទួលយក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។

ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​វិស័យ​ឯកជន ​លោក ហូ វណ្ឌី មានប្រសាសន៍ថា ខេត្តព្រះសីហនុជាមុខសញ្ញាធ្វើឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិរិះគន់ជារៀង​រាល់ឆ្នាំជុំវិញការឡើងថ្លៃផ្ទះសំណាក់ សណ្ឋាគារ​ និងម្ហូបអាហារជាដើម។ លោក​ផ្តល់ជាអនុសាសន៍ថា បើម្ចាស់អាជីវកម្មទាំងនោះនៅតែឡើងថ្លៃខុសពីថ្ងៃធម្មតា លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមុខរបរពួកគេនិងមុខមាត់ជាតិនៅថ្ងៃអនាគត។

លោកផ្តល់ជាអនុសាសន៍ថា៖ «ទីមួយគាត់ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ទីពីរគាត់ត្រូវ​រក្សាតម្លៃគោល​មួយ សមស្របមួយ ពីព្រោះក្នុងករណីគាត់ធ្វើអ្វីមួយខុសប្រក្រតី មានន័យថា គាត់បំផ្លាញខ្លួនគាត់ និងបំផ្លាញអ្នកជិតខាង ហើយអាច​បំផ្លាញកិត្តិយសជាតិទាំងមូលក៏អាចថាបាន»។

បើតាមស្ថិតិភ្ញៀវទេសចរណ៍ដែលមកកម្សាន្តខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខេត្តព្រះសីហនុទទួលភ្ញៀវបរទេសសរុបប្រមាណ ៦៣,០០០ ម៉ឺននាក់ ថយចុះ២៥.៨៨ % ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ៥០,២៣០នាក់ ថយចុះ ៣២.០៧% ភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ ១២,៧៧០នាក់ កើនឡើងប្រមាណ១៥.៥៦%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ