លោក ហ៊ុន សែន​ ប្រាប់បរទេសកុំឲ្យយកហេតុផលសិទ្ធិមនុស្សរំខានពលរដ្ឋខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុក SMP)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រទេសប្រកាន់របបសេរីកុំឲ្យយកហេតុផលសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកដាក់ទណ្ឌកម្មលើកម្ពុជានាំឲ្យប៉ះពាល់ជាថ្មីទៀតដល់សេចក្តីសុខ របស់ប្រជាពលរដ្ឋ។​

នៅក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ក្រោមការដឹកនាំរបស់លោកបានប្រែក្លាយទីតាំងដែលមានសង្គ្រាមទៅជាកន្លែងដែលមានការអភិវឌ្ឍន៍មានផ្សារ មានផ្ទះប្រជាពលរដ្ឋរស់នៅ។​

លោក ហ៊ុន សែន ក៏បានរំឭកកុំឲ្យប្រទេសលោកសេរីយកហេតុផលសិទ្ធិមនុស្ស និងប្រជាធិប តេយ្យដាក់ទណ្ឌកម្មនាំឲ្យកម្ពុជាមានសង្គ្រាមឡើងវិញ។

លោក ហ៊ុន សែន៖ «​កំហុសលើកទី១ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យឬជាលទ្ធិយោធានិយម? ទី២ អ្នកធ្លាប់បានគាំទ្រប៉ុលពតដែល ធ្លាប់បានសម្លាប់ មនុស្សគ្មានបានគិតពីសិទ្ធិមនុស្សនោះទេ អ្នកបានគាំទ្រពួកគេឲ្យអង្គុយនៅអង្គការសហប្រជា ជាតិរយៈពេល១២ឆ្នាំ។​ ដូច្នេះ សង្ឃឹមថា ប្រទេសទាំងនោះ មិនធ្វើកំហុសលើកទី៣ ដែលដាក់ ទណ្ឌកម្មចំពោះអ្នកដែលបានខិតខំរក្សាសន្តិភាព ខិតខំរក្សាសេចក្តីសុខ និងអាយុជីវិតរបស់ ប្រជាជន។​»

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ស្របពេលសហភាពអឺរ៉ុប កំពុងតែដំណើរការសិក្សាពីការដកប្រព័ន្ធអនុគ្រោះពន្ធបើកម្ពុជាមិនធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើង។​ ចំណែកសហរដ្ឋអាមេរិកក៏មានវិធានការ បន្តបន្ទាប់លើកម្ពុជាក្នុងហេតុផលដូចអឺរ៉ុបដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ