សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ ចាប់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង១​ម៉ឺន៦​ពាន់​នាក់​នៅ​ឆ្នាំ​នេះ

ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​ ផ្ញើរ​ចេញពី​ ប្រទេស​អា​ឡី​ម៉​ង​មក​កម្ពុជា​(​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​)​ នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា​ ផ្លូវ​លេខ​១០២​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៨​ (រូបភាព៖ នគរបាលជាតិ)

មន្ត្រី​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹង​ថា បទល្មើសគ្រឿងញៀនសរុប​ជាង ៨ពាន់​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​គិតចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ត្រឹម​ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨នេះ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានឲ្យដឹងថា បទល្មើស​គ្រឿង​ញៀន​សរុប ៨ ០០៣​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ក្នុងនោះបទល្មើសជួញដូរមានចំនួន ៥ ០៥១ករណី។

បើ​តាម​មន្ត្រី​រូប​នេះ អាជ្ញាធ​របាន​ឃាត់​ខ្លួន​ជន​ល្មើស​បានចំនួន ១៦ ២០២​នាក់ ក្នុង​នោះ​ស្រីមានចំនួន ១ ៣៤១នាក់ និង​ជនបរទេស ៣១០​នាក់ ហើយជនបរទេសទាំងនោះមានសញ្ជាតិ ២៤ផ្សេងគ្នា។

តាមរបាយការណ៍លទ្ធផលប្រចាំឆ្នាំ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន​ឆ្នាំ​នេះ បាន​កើនឡើង​ពី​ចំនួន ១០ ៩៦២នាក់​ នៅ​​ឆ្នាំ​២០១៧  ទៅ​ដល់​ចំនួន ១៦ ២០២​នាក់​ នៅ​​ឆ្នាំ២០១៨​នេះ។

របាយការណ៍នេះ បានឲ្យដឹងផងដែរថា សារធាតុដែលបានរឹបអូសរួមមាន សារធាតុញៀនគ្រប់ប្រភេទ​ជាង ៥៣៣គីឡូក្រាម និង ៣២៩កញ្ចប់ រួមទាំងកញ្ឆាក្រៀម ៧៤គីឡូក្រាម និង​កញ្ឆា​ដើម ១៦៤,៤២៥ដើម ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ