វិភាគ៖ ​តើការ​ដាក់​សម្ពាធ​ឲ្យ​កម្ពុ​ជាអ​នុវ​ត្តន​យោបា​យ​ប្រជា​ធិប​តេយ្យ​ ជា​កំ​ហុស​ឬ​?

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ​កាលពីថ្ងៃសៅរ៍​កន្លង​មក​នេះ បានជំរុញ​ទៅ​ប្រ​​​​ទេ​សលោក​សេរី កុំ​ឲ្យសាងកំហុសជាលើកទី៣ តាមរយៈយកហេតុផលសិទ្ធិម​នុស្ស និងប្រជាធិ​បតេយ្យ មក​ដាក់ទ​ណ្ឌ​កម្ម​លើ​កម្ពុ​ជា។​

វិមានឈ្នះឈ្នះសម្ពោធថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨(រូបពីហ្វេសប៊ុក លោកហ៊ុន សែន)

ក្នុងពិធីនោះ លោក ហ៊ុន សែន ថ្លែងថា ក្រោមការដឹកនាំរបស់​លោក កម្ពុជា​បានប្រែក្លា​យពី​ទីតាំងដែ​លមានស​ង្គ្រាម​ ទៅជា​កន្លែង​ដែ​ល​​មា​ន​កា​​រ​អ​​​​ភិ​​វ​ឌ្ឍ​ មានផ្សារ មានផ្ទះប្រជាពលរដ្ឋរស់នៅ។

មេដឹកនាំរូបនេះ បាន​រំឭក​បែប​នេះ​ ទំនងជាសំដៅទៅរកសហរដ្ឋអាមេរិក និងប្រទេសលោកសេរីមួយចំនួនទៀត ដោយលោកថា កុំ​សាង​កំហុ​ស​ជា​លើកទី៣មក​លើកម្ពុជា ដោយថា កំហុសលើកទី១ អំឡុងទ​សវ​ត្ស​​រ៍​៧០ ពួកគេបានគាំ​ទ្ររបបយោ​ធាធ្វើ​រដ្ឋ​ប្រហារ​ដែ​លរ​​ប​ប​នោះ​ លោក លន់ នល់ ​ធ្វើរដ្ឋ​​ប្រហា​រទ​ម្លា​ក់​ស​ម្តេចព្រះនរោត្តមសីហនុ ធ្វើឲ្យក​ម្ពុជាធ្លាក់​ក្នុងវិបត្តិសង្គ្រា​ម​ផ្ទៃ​ក្នុង និ​ងថា​ កំ​​ហុសទី២ បា​​នគាំទ្រ​របប ប៉ុល ពត ធ្លាប់​​សម្លា​​ប់មនុ​ស្ស ឲ្យបន្តអង្គុយ​នៅកៅអីនៅអង្គ​ការ​សហ​ប្រជាជាតិ​រយៈ​ពេល ១២ឆ្នាំ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុក SMP)

លោកថ្លែងថា៖ «ដូច្នេះ សង្ឃឹមថា ប្រទេសទាំងនោះ មិនធ្វើកំហុសលើកទី៣ ដែលដាក់​ទណ្ឌកម្មចំពោះ​អ្នកដែល​បាន​ខិត​ខំ​រ​ក្សា​សន្តិភាព ខិតខំរក្សាសេចក្តីសុខ និងអាយុជីវិតរបស់​ប្រជាជន»

ការ​លើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះ ស្របពេលសហភាពអឺរ៉ុប​កំពុងតែដំណើរ​ការសិក្សាពី​ការដកប្រព័ន្ធ​អ​​នុគ្រោះពន្ធ​ EBA បើកម្ពុជាមិនធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើង។​ ចំណែក សហ​រដ្ឋ​អាមេរិក ក៏​មា​​ន​​​វិធានការ​បន្តបន្ទាប់លើកម្ពុជាក្នុងហេតុផលដូចអឺរ៉ុបដែរ។

តើការដាក់សម្ពាធពីអន្តរជាតិ ដើម្បីឲ្យកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ ជាការសាងកំហុសឬ?

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា វិភាគថា ទសវត្សរ៍៧០ ជាបទពិសោធន៍មួយ សម្រាប់អន្តរជាតិ ហើយថា សម្ពាធពេលនេះ ទំនងជាតម្រង់ទិសកម្ពុជា ឲ្យគោរព​សិ​ទ្ធិ​​មនុស្ស ប្រជាធិបតេយ្យ តាម​ស្មា​​​រ​​តី​កិច្ចព្រ​ម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា កុំឲ្យក​ម្ពុ​ជារអិលធ្លាក់ទៅក្នុងរបបកាប់សម្លាប់ដូចពីអតីតាលទៀត។

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា

លោកថា៖ «អន្តរជាតិ គេជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ហើយនិងកម្ពុជាឈរលើគន្លងប្រជាធិបតេយ្យ ខ្ញុំ​គិតថា អា​ហ្នឹង​មិន​មែ​ន​ជាកំហុ​សរប​ស់ពួកគេទេ តែផ្ទុយទៅវិញ គេព្យាយាមតម្រង់ទិសកម្ពុជាកុំឲ្យវិលត្រឡប់ទៅរកទសវត្សរ៍៧០ទៀត»

រដ្ឋធម្មនុញ្ញមាត្រា៥១ ចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជា​ធិបតេយ្យ​សេរីព​ហុបក្ស​។​ ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​វា​សនា​នៃប្រទេស​ជាតិរបស់ខ្លួន»

លោក មឿន តុលា វិភាគទៀតថា ប្រទេសដែលគេអនុវត្តនយោបាយប្រជាធិបតេយ្យ គេចង់ឲ្យក្បាលម៉ាស៊ីនដឹកនាំរដ្ឋមានតុ​ល្យ​ភា​ព​​អំ​ណាច​រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ទើបអាចធានាពីតម្លាភាពសង្គមបាន។

លោក មឿន តុលា វិភាគទៀតថា ការរំលាយគ​ណប​ក្ស​ប្រ​​ឆាំ​ង ដែលមានសំឡេងគាំទ្រជិតពាក់កណ្តាលប្រទេស ចេញពី​ឆាក​ន​យោ​​​​បាយ​ ជាសញ្ញាបង្ហាញថា​ លទ្ធិ​ប្រជា​ធិបតេ​យ្យនៅ​កម្ពុ​ជាបានដើរថយក្រោយ ទើបសហគមន៍អន្តរជាតិ​មានវិធានការទប់​ស្កា​​ត់​ឲ្យ​ក​ម្ពុជាវិលទៅស្តារប្រជាធិបតេយ្យ មិនមែនជាកំហុសទេ។

លោកថា៖ «ពេលដែលយើងរំលាយគណបក្សប្រឆាំងមួយដែលមានសំឡេងជាប់ឆ្នោតរហូតដល់ ៣លាននាក់ជាង រហូ​ត​ដល់​ស្ទើរ​តែកន្លះនគរ និយាយឲ្យចំស្ទើរតែ ៥០ ទល់នឹង ៥០ អាហ្នឹង ជាចំនុចមួយឈានទៅដ​ល់ការបំផ្លាញចោ​លប្រជាធិ​បតេ​យ្យ​ ហើ​យ​មានន័យថា យើងដើរឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងហើយ»

អ្នកវិភាគនយោយបាយ លោក ឯម សុវណ្ណារ៉ា ពន្យល់ប្រហាក់ប្រហែលដែរថា ការតម្រូវឲ្យកម្ពុជាគោរសិទ្ធិមនុស្ស និងលទ្ធិ​ប្រ​ជា​ធិបតេយ្យ មានប្រភពចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថា ដំបូងឡើយមាន ១៨ប្រទេស រួ​មទាំងម​ហាអំ​ណាច​ផង ​​​​បា​នចុះ​ហត្ថលេខា ប៉ុន្តែក្រោយមកប្រទេសជាហត្ថលេខីឡើងដល់ ២១ ហើយថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ បានបញ្ចូល​ទៅក្នុងរដ្ឋ​ធម្មនុ​ញ្ញ​​​កម្ពុ​ជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ បានន័យថា កម្ពុជាយល់ព្រមប្រតិប​ត្តិតាមខ្លឹមសាររួមរបស់អ​ង្គការស​ហប្រ​ជា​​ជា​តិ។

លោក ឯម សុវណ្ណារ៉ា បន្តថា បើក្នុងករណីដែលកម្ពុជាមិនធ្វើតាមខ្លឹមសាររួមនេះ ប្រទេសជាហត្ថលេខី ដែលនាំមុខគេ ដូចជា ស​ហគ​មន៍អឺរ៉ុប និងសហរដ្ឋអាសមេរិកជាដើម គេនឹងមានវិធានការរបស់គេ តាមរយៈកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្សេងៗ ដែលលោ​ក​ថា មិ​​នមែនជាកាសាងកំហុសទេ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «ធម្មតាប្រទេសអស់ហ្នឹង គេអាចអំពាវនាវ គេអាចធ្វើឲ្យកម្ពុជាពិចារណា បើកម្ពុជាយើងអត់ធ្វើតាមគេ គេ​អាច​ចាត់​ការ ហើ​យប្រទេសកម្ពុជា អាចមានបញ្ហាហើយ។ ខ្ញុំគិតថា អាហ្នឹងមិនមែនជាកំហុសអីទេ អន្តរជាតិគេ​រុញឲ្យយើងធ្វើ​អ្វីដែ​ល​យើ​ង​ធ្វើ​​​ហ្នឹង យើងធ្វើបាន ឬមិនបា​នជាកំហុ​សរ​ប​ស់យើង»

មា​ត្រា៣១នៃរដ្ឋធម្មនុញ្ញក៏បាន​ចែងដែរថា៖ «​ព្រះរាជាណាចក្រ​កម្ពុ​ជា​ទ​ទួលស្គា​ល់ និងគោរពសិទ្ធិ​មនុស្សដូ​ចមានចែងនៅ​ក្នុង​ធម្មនុ​ញ្ញ​នៃ​អ​ង្គការសហប្រជាជាតិ សេចក្តីប្រកាស​ជាសកលស្តីពីសិទ្ធិម​នុស្ស ​​និងកតិកាស​ញ្ញា ព្រមទាំ​ងអនុ​ស​ញ្ញាទាំ​ងឡាយទា​ក់ទិន​ទៅ​​នឹង​សិទ្ធិ​មនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើមេដឹកនាំកម្ពុជាពេលនេះ សម្រេចចិត្តធ្វើឲ្យចរន្តនយោបាយរបស់ខ្លួន​ដើរផ្ទុយពីធម្ម​នុញ្ញ​រប​ស់អ​ង្គ​ការ​​សហប្រជាជាតិ លោកព្រមានថា កម្ពុជានឹងខាតបង់។

លោកថា៖ «បណ្តាប្រទេសទាំងអស់នោះដែលគេអាចធ្វើបាន ដូចជាការបង្កកទ្រព្យសម្បត្តិ ឥស្សរជនន​យោបាយដែ​លធ្វើឲ្យ​ខូចសិ​ទ្ធិ​ម​នុ​ស្ស ប្រជាធិបតេយ្យ អាចផ្តាច់អត្រាអនុគ្រោះពន្ធហ្នឹងចោល ដើម្បីឲ្យយើ​ងងាកមកពិចារណា ព្រោះកម្ពុ​ជាយើងមិន​មានម​ធ្យោ​បា​យ និ​​​ងកម្លាំងគ្រ​ប់គ្រាន់សម្រាប់អភិវឌ្ឍ​សេដ្ឋកិច្ចខ្លួនឯងនៅឡើយទេ នៅពឹងផ្អែកលើសហគមន៍អឺរ៉ុប និងអា​មេរិក​នៅឡើយ»

ទោះជាយ៉ាងណា អ្នកវិភាគបង្ហាញការយល់ឃើញ​របស់ពួកគេថា ស្ថានការណ៍នយោបាយនៅកម្ពុជា នៅតែអាច​គេផុ​តពីទ​ណ្ឌក​ម្ម​របស់សហគមន៍អន្តរជាតិ បើអ្នកនយោបាយខ្មែរ​ស្រុះស្រួលគ្នាវិលទៅរកតុចរចា តម្កល់ប្រ​យោជន៍ជាតិជាធំ ស្វែង​រកដំណោះ​ស្រា​យ ដើម្បីពង្រឹងដំណើរការប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ ឲ្យសហគម​ន៍អន្តរជាតិជឿទុកចិត្តឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ