តើនឹងមាន​អ្វី​កើតឡើង​ បើ​អតីតមន្រ្តី CNRP មិនសុំ​សិទ្ធធ្វើនយោបាយ​ឡើងវិញ​?​

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

រដ្ឋសភាកម្ពុជា បា​ន​ធ្វើវិសោ​ធន​កម្ម​ច្បា​​​ប់គណបក្សនយោបាយមាត្រា៤៥ថ្មីស្ទួន ​​ដែលថាច្បាប់នេះ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឈរលើស្មារ​តីបង្រួបប​ង្រួម​ជាតិ។ នៅពេល​ដែល​ច្បាប់​នេះចូលជាធរមាន ​​វា​នឹង​បើ​ក​​​ផ្លូវ​ឲ្យអតីតមន្ត្រីបក្ស​ប្រឆាំង​១១​៨​រូ​ប ដែលត្រូវ​តុលាការ​ហាមឃាត់បាន​​ធ្វើន​យោ​​​បា​យ​ឡើ​ង​​វិញ​​។

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សំណើ​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ។ រូបថត៖ ជន ចាន់រ៉ែន

ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមុន បានប្រកាសច្បាប់នេះ នឹងមិនលើក​លែងទោស​បក្ស​ប្រឆាំង​ជា​កញ្ចប់​ទេ ដោយថា អ្នក​ដែ​ល​ចង់​ធ្វើ​​​ន​​​​យោ​បាយឡើងវិញ ត្រូវធ្វើលិខិតសុំមកលោក ឬ ក្រសួងមហាផ្ទៃ ឬ​ ទៅ​ព្រះ​មហាក្សត្រ​។

ចំណែកអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី វិញបានអះអាងលើហ្វេសប៊ុករបស់លោកថា មន្ត្រី​១១៨នាក់ដែ​ល​​​​​តុលា​ការ​បា​ន​​​​​​ហា​មធ្វើនយោបាយ មានជាង​៩​៩ភាគរយ មិនសុំសិទ្ធិធ្វើនយោបាយឡើងវិញ​តាមការចង់បានរបស់​​លោក ហ៊ុន សែន ទេ បើ​លោ​ក កឹម សុខា មិន​ត្រូ​​វបានតុ​លា​ការ​លើ​កលែងទោសនោះ។

បញ្ហានេះ បង្កើតជាសំនួរថា តើនឹងមានអ្វីកើតឡើង បើច្បាប់នេះចូលជាធរមាន ហើយគ្មានមន្ត្រីបក្សប្រឆាំងសុំសិទ្ធិធ្វើយោបាឡើងវិញនោះ?

សមាជិកឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន វិភាគថា ការតម្រូវឲ្យមន្ត្រីបក្សប្រឆាំងដាក់លិខិតសុំលើកលែងទោស វា​ហាក់ដូចជា​ចង់ប្រាប់ថា អ្នកដែលបានសុំសិទ្ធិធ្វើនយោបាយឡើង​វិញ បានទទួល​ស្គាល់​ថា ខ្លួនពិតជា​បានធ្វើ​កំហុស​ឆ្គង​ដូចសា​ល​​ដីកា​រ​តុលាការកំពូលប្រកាសរំលាយ​សង្គ្រោះជាតិកាល​ពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​ លោក​ថាប្រឈមនឹងបញ្ហានេះ មន្ត្រីទាំ​ងអស់មិនគួរ​ដាក់ពាក្យសុំលើកលែងទោសទេ។

លោក រ៉ុង ឈុន វិភាគទៀតថា បើមន្ត្រីបក្សប្រឆាំងទាំងអស់​មិនដាក់ពាក្យសុំធ្វើនយោបាយឡើងវិញទេ ច្បាប់ថ្មីនេះ មិនអាចបើកផ្លូវ ឲ្យមានការស្តារប្រជាធិបតេយ្យឡើងវិញឡើយ។ លោកថា ពេលនោះ កម្ពុជានៅតែប្រ​ឈមទៅនឹងវិធា​នការរបស់​សហគ​មន៍អ​​ន្តរជា​តិដដែល។

 លោកថា៖ «បើសិនជាអ្នកនយោបាយទាំង១១៨នាក់ហ្នឹងមិនដាក់[សុំសិទ្ធិធ្វើនយោបាយ]នៅពេលហ្នឹង មានការប្រែប្រួលថ្មីឡើងវិញ ហើយអ្នកគ្រប់គ្រងអំណាចហ្នឹងនឹងអាចស្នើជាកញ្ចប់តែម្តង ពីព្រោះបញ្ហានេះ វាពាក់ព័ន្ធនឹងកា​រផ្តល់ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA។ អញ្ចឹងវាត្រូវតែមានដំណោះស្រាយ»។

មួយវិញទៀត លោក រ៉ុង ឈុន វិភាគទៀតថា បើកម្ពុជាត្រូវបានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ពលរដ្ឋច្រើនម៉ឺ​ន​នា​ក់​នឹងជួប​វិបត្តិអត់ការងារធ្វើ ហើយថាបញ្ហានេះ អាចបង្កជាចលាចលសង្គមធ្ងន់ធ្ងរ ។

លោកថា៖ «ធ្វើឲ្យសង្គមកម្ពុជាយើងហ្នឹងអស្ថិរភាព ឬមួយថាកើតកលយុគ [ដោយវិបត្តិ] ហើយអ្នកដែលទទួល​រងបន្ទុកខ្លាំង​ហ្នឹ​ង​គឺប្រ​​​​ជាពលរដ្ឋ ហើយគ្រប់គ្រងហ្នឹងក៏ទទួ​លរងដែរនៅពេលដែល​ប្រទេសមួយបាត់បង់ស្ថិរភាព សង្គមមួយកើតនូវអសន្តិសុខ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលគ្នានេះដែរថា ច្បាប់ថ្មីនេះ ធ្វើឡើង ទំនងជាចង់​ឆ្លើយតបទៅនឹ​ង​​កា​រចង់បានរបស់សហភាពអឺរ៉ុបដែលចង់ឃើញកម្ពុជាគោរពសិទ្ធិមនុស្ស និង​ប្រជា​ធិប​តេយ្យ​​​ឡើងវិញ។ អ្នកវិភាគរូបនេះ បន្តថា បើច្បា​ប់ថ្មី​នេះ​ ចូលជាធរមាន តែមិនអាចអូសទាញមន្ត្រីទាំងនោះ ឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញទេ ​បរិយាកាសនយោបាយនឹង​មិនបាន​ឆ្លើយ​តបទៅ​នឹងការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។ លោកវិភាគថា ជម្រើសបែបនេះ ជំរុញវិធានការនានារបស់សហភាពអឺរ៉ុបនិងអាមេរិកមកលើរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមឡើង។

លោកថា៖ «បើសិនជាស្ថានភាពនយោបាយកម្ពុជាគ្មានអ្វីផ្លាស់ប្តូរ ឬក៏ប្រែប្រួលទេ វាធ្វើឲ្យស្ថានការន​យោបាយនិងសេដ្ឋ​កិច្ចនៅក​ម្ពុជា​​​ វា​​អាចតានតឹង វាអាចជួបផលលំបាក ធ្វើឲ្យកម្ពុជាហ្នឹងជាប់វិបត្តិសេដ្ឋកិច្ច ដែលគេហៅ​ថាវិបត្តិទីផ្សា​រដែលកម្ពុ​ជាទទួលបានពី​ EB​A​​ «អ្វីៗ​គ្រប់យ៉ាងលើកលែងតែអាវុធ» ហ្នឹង ចូលទៅទីផ្សារអឺរ៉ុបនឹងជួបហើយ ហើយបើជួប កម្ពុជាមានវិបត្តិហើយ»។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាញឹកញាប់ថា កម្ពុជាមិនឱនក្បាលដាក់បរទេស ដើម្បីតែជំនួយនោះទេ ដោយថា កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន។  

​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​នៃ​មហា​វិទ្យាល័យ​ Occidental​ នៅសហរដ្ឋអាមេរិក​ ​និង​ជា​ជំនាញ​គោល​នយោបាយ​ ​លោក​ ​អៀ សុផល បានលើកឡើងថា ការតម្រូវឲ្យអតីតមន្ត្រី​បក្សប្រឆាំងដាក់​​ពាក្យសុំលើ​កលែ​ង​ទោសនោះ​ វាហាក់ដូចឱ្យជនរង​​គ្រោះសុំទោសចំពោះអ្នកដែលបានរំលោភបំពានច្បាប់ ។

​លោក​ ​អៀ សុផល បន្តថា សហគមន៍អន្ដរជាតិនឹងដឹងថា រឿងនេះជាសកម្មភាពក្លែងបន្លំ ហើយក៏នឹងមិន​គាំទ្រសកម្ម​ភា​ព​នេះ​ដែ​រ ហើយថា ការវិលត្រឡប់របស់អ្នកនយោបាយប្រឆាំងក្នុងឆាកនយោបាយ មិនត្រូវមានការ​ដាក់លក្ខខ​ណ្ឌ​ណា​មួយ​នោះ​ឡើ​យ។ លោកថា អ្នកដែលទាមទារការគេសុំទោស គួរតែជាអ្នកដែលត្រូវសុំទោស។

អ្នកជំនាញការទូតរូបនេះបានលើកឡើងបន្ត​ទៀតថា៖ «គណបក្សប្រជាជនកម្ពុជានឹងនិយាយថា ពួកគេបានធ្វើអ្វី​ដែលបស្ចិម​ប្រទេស​ចង់​បាន ហើ​យ​នឹង​ចោ​ទថា​កំ​ហុសទាំងអស់មកពីអ្នកនយោបាយគណបក្សប្រឆាំង។»

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​​ប្រហែល ៣​លាន​នាក់ កាលពី​បោះ​ឆ្នោត​ថ្នាក់ជាតិ​​ឆ្នាំ​២០១៣​ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧​កន្លងទៅ ហើយមន្ដ្រីអតីត​គណបក្ស​ប្រឆាំងនេះ​​​ចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ