គ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រទេស​សម្លាប់មនុស្ស​ជាង១,៧០០នាក់ក្នុងឆ្នាំ២០១៨

ឡានដឹកកម្មករជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី ០៥ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Saing Pisey)

គ្រោះថ្នាក់​ចរាចរណ៍កើតឡើង​ទូទាំងប្រទេស​រយៈពេល​១២ខែកន្លង​មកនេះ បានបណ្ដាលឲ្យ​មនុស្ស​ ១,៧៦១នាក់ បាត់បង់​ជីវិត ដែល​តួលេខនេះថយចុះ​​១ភាគរយ​បើប្រៀប​​ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ២០១៧។

នេះបើយោងតាម​របាយការណ៍គ្រោះ​ថ្នាក់​ចរា​ចរណ៍ផ្លូវគោក​ឆ្នាំ២០១៨​ ប្រៀបធៀប​ឆ្នាំ២០១៧ ដែល ​វី.អូ.ឌី ​ទទួលបា​ននៅថ្ងៃនេះពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃក្រសួងមហាផ្ទៃ​។

របាយការណ៍ដដែល បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេសបាន​កើតឡើងចំនួន៣,២៦៧ ករណី ថយ​ចុះ៧ភាគរយបើប្រៀប​​ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ២០១៧។ ប្រភពដដែល ឲ្យដឹង​ផង​ដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល​១២ខែមក​នេះ បានបណ្ដាលឲ្យ​ពលរដ្ឋ​​៤,៧៧០​នាក់ផ្សេង​ទៀត​រង​របួសធ្ងន់​ និងស្រាល។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ លោក រុន រ័ត្នវាសនា បាន​ប្រាប់​ វី.អូ.ឌី​ បន្ថែម​នៅ​ថ្ងៃ​នេះ​ថា រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពីព្រោះតែកត្តាចំនួនប្រជាជន និងយាន្តជំនិះច្រើន ម៉្យាងវិញទៀត គ្រឿងស្រវឹងនៅតែជាកត្តាចម្បងដែលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ជាពិសេសគឺការប្រើប្រាស់គ្រឿងស្រវឹងនៅពេលយប់។ លោក រុន រ័ត្នវាសនា បានទទួលស្គាល់​ថា ថ្វីត្បិតតែចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់មានការថយចុះក៏ដោយ ប៉ុន្តែតួលេខនៃការស្លាប់នៅតែមានចំនួនច្រើន។

លោក រុន រ័ត្នវាសនា​ បានបញ្ជាក់ផងដែរថា នាដើមឆ្នាំ២០១៩នេះ ស្ថាប័នពាក់ព័ន្ធ​នឹងមានរៀបចំមហាសន្និបាតដើម្បីផ្សព្វផ្សាយពីផែនការយុទ្ធសាស្រ្ត ដើម្បីបញ្ជ្រាបការយល់ដឹងក្នុង​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕​

កាលពីឆ្នាំ២០១៧ កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​៣,៥៣១ បណ្ដាល​ឲ្យ​មនុស្ស​១,៧៨០ នាក់ ស្លាប់បាត់​បង់ជីវិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ