មន្ត្រី​នគរបាល​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យឆ្នាំ​មុន​​ថយ​ចុះ​បន្តិច តែ​ករណី​បន្ត​កើន​ឡើង

អគ្គិភ័យឆាបឆេះសាលមហោស្រពអង្គរ (បូ សាវី)

មន្ត្រី​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ ២២​នាក់ បាន​ស្លាប់ និង ៤៩​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

ប្រធានការិយាល័យរដ្ឋបាលនៃអគ្គនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ លោក ង៉ែត សាម៉ុន បានប្រាប់​សារព័ត៌មាន ​វី.អូ.ឌី​ នៅ​ថ្ងៃ​នេះ​ថា គ្រោះ​អគ្គិភ័យ ៥៣៤​ករណី ត្រូវ​បាន​រាយការណ៍​ថា បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើង ២០​ករណី បើធៀប​នឹង​តួលេខ​គ្រោះ​អគ្គិភ័យ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យដឹង​ទៀត​ថា គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៤៩​នាក់​ទៀត​រង​របួស ខណៈ​ដែល​ផ្ទះ​សម្បែង​ពលរដ្ឋ​ដល់​ទៅ ៥៤៥​ខ្នង ក៏​បាន​ទទួល​រង​ការ​ខូច​ខាត​ផង​ដែរ។

បើ​តាម​មន្ត្រី​នគរបាល​រូប​នេះ គ្រោះ​អគ្គិភ័យ ៧៧​ករណី បាន​កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​នាំ​មុខ​ជា​តំបន់​មាន​ករណី​អគ្គិភ័យ​កើត​ឡើង​ច្រើន​ជាង​គេ បើ​ធៀប​នឹង​បណ្ដា​ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​ខេត្ត​កែប​​ពុំ​មាន​ករណី​អគ្គិភ័យ​កើត​ឡើង​នោះ​ឡើយ​នៅ​ឆ្នាំ​កន្លង​មក​នេះ។

លោក ង៉ែត សាម៉ុន បានបញ្ជាក់ថា ករណី​អគ្គិភ័យ​ដល់​ទៅ ៤០​ភាគរយ បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ៣៩​ភាគរយ​បណ្ដាល​មក​ពី​ផ្ទុះ​ចង្ក្រាន​ហ្គាស និង ២១​ភាគរយ មិន​ត្រូវ​បាន​គេ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នោះ​ឡើយ។

កាលពីឆ្នាំ២០១៧កន្លងទៅ ករណីអគ្គិភ័យបានកើតឡើងចំនួន ៥១៤ករណីទូទាំងប្រទេស ដែលបានបណ្ដាលឲ្យមនុស្សស្លាប់ ២៣នាក់និងរបួស ៥៣​នាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ